Cambodia All Stars ​និង Laos All Stars នរណា​​ជា​ជើង​ខ្លាំង​ល្ងាច​នេះ?

ក្រុម Cambodia All Stars ​នឹង​ត្រូវ​បើក​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Laos All Stars ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ដើម្បី​អបអរ​ការ​រំលឹក​ខួប​លើក​ទី​ ៦០ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​និង​ឡាវ។ ទោះ​ជា​ការ​ប្រកួត​ត្រឹម​តែ​មិត្តភាព​ដើម្បី​ការ​ទូត ប៉ុន្តែ​ច្បាស់​ណាស់​ថា ក្រុមទាំង​ពីរ​នឹង​ប្រជែង​យក​ជ័យជម្នះ​រៀង​ៗ​ខ្លួន។

 

​រឿង​ខ្លះ​ៗ​ពី​ក្រុម​ទាំង​ពីរ​

ក្រុម​ម្ចាស់​ផ្ទះ Cambodia All Stars ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ​២​ប្រកួត​កន្លង​មក ឈ្នះ​ក្រុម​ខ្លាំង​របស់​ថៃ​ទាំង​ពីរ​ប្រកួត ដោយ​ឈ្នះ​ក្រុម​ SCG Muangthong United ​ដោយ​លទ្ធផល ៤-៣​និង​ឈ្នះ​ក្រុម Buriram United ​ក្នុង​លទ្ធផល​បាល់​កាត់​សេចក្ដី​ ១១ ម៉ែត្រ​ ៤ ​ទល់​៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​ ២ ​ទល់ ​២ ។

 

ចំណែក​ឯ​ក្រុម​ Laos All Stars ​វិញ ​ធ្លាប់​ប៉ះ​ក្រុម​ថៃ Buriram United ​ដែរ កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ ប៉ុន្តែ​ចាញ់​ក្នុង​លទ្ធផល ១-៣ ។ យ៉ាង​ណា​មិញ ប្រកួត​នោះ សមាជិក​ក្រុម Laos All Stars ​ខុស​គ្នា​ជាមួយ​សមាជិក​ក្នុង​ក្រុម​ដែល​មក​លេង​នៅ​កម្ពុជា​ពេល​នេះ ព្រោះ​ក្រុម​ដែល​មក​លេង​នៅ​កម្ពុជា​នេះ យក​គ្រូ​បង្វឹក Nikola Kavazović ​មក​ដឹក​នាំ។

 

សម្ដី​គ្រូ​បង្វឹក

 

Cambodia All Stars ​និង Laos All Stars នរណា​​ជា​ជើង​ខ្លាំង​ល្ងាច​នេះ?

 លោក ​ប្រាក់ សុវណ្ណារ៉ា

 

លោក ​ប្រាក់ សុវណ្ណារ៉ា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​ឡាវ​ពេល​នេះ​ខុស​ក្រុមឡាវ​ពេល​មុន ព្រោះ​ពួកគេ​ដូរ​កីឡាករ​ច្រើន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​តាម​ដាន​ខ្លះ​ដែរ​ចំពោះ​ទម្រង់​លេង​របស់​លោក Nikola ​ដោយ​រំពឹង​ថា​នឹង​អាច​ដឹក​នាំ​ក្រុម​ Cambodia All Stars ​ទទួល​បាន​ជោគជ័យ ​ព្រោះ​លេង​នៅ​ទឹក​ដី​កម្ពុជា មាន​កត្តា​ច្រើន​ដែល​ជំរុញ​ឱ្យ​ឈ្នះ​បាន។

 

ចំពោះ​កីឡាករ William Modibo ​ដែល​ជា​ប្រធាន​ក្រុម Laos All Stars ​វិញ​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​គេ ពិត​ជា​មាន​ការ​ពិបាក​ក្នុង​ប្រកួត​ល្ងាច​នេះ ព្រោះ​ខាង​ក្រុម​កម្ពុជា​មាន​កីឡាករ​ល្អ​ៗ ៣​នាក់ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល។ William ​រំពឹង​ថា​ប្រកួត​ល្ងាច​នេះ គឺ​ជា​ប្រកួត​អស្ចារ្យ​បំផុត។

 

ជើង​កីឡាករ

Cambodia All Stars ​និង Laos All Stars នរណា​​ជា​ជើង​ខ្លាំង​ល្ងាច​នេះ?

 

ក្រុម Cambodia All Stars ​ប្រកួត​នេះ មាន​កីឡាករ​បរទេស​តែ​៥​នាក់​ទេ ដោយ​អវត្តមាន​កីឡាករ​សំខាន់ Booysen Shane ​ដែល​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ខ្មែរ-បារាំង ​ធារី ចន្ថាប៊ីន ​ក៏​មិន​មាន​វត្តមាន​ផង​ដែរ ព្រោះ​របួស​ដូច​គ្នា។ ត្បិត​តែ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​នេះ​មែន ប៉ុន្តែ​ក្រុម​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ​ក៏​បាន​បន្ថែម​កីឡាករ​កូរ៉េ​ខាង​ជើង​ម្នាក់​ដែល​ល្បី​ថា​មុត​ស្រួច​មក​វិញ​ផង​ដែរ​គឺ Choe Myong Ho ។

 

Cambodia All Stars ​និង Laos All Stars នរណា​​ជា​ជើង​ខ្លាំង​ល្ងាច​នេះ?

  Nikola Kavazović អាវលឿង ហ្វឹកហាត់ជាមួយកូនក្រុម

 

ចំពោះ​ក្រុម​ឡាវ​វិញ ក៏​មាន​កីឡាករ​បរទេស​៥​នាក់​ដែរ​គឺ William Modibo (ព័រទុយហ្គាល់) , Urai Ludovic (បារាំង)​ , Masahito Noto (ជប៉ុន) , Diego Silva (អ៊ុយរុយហ្គាយ) ​និង Takamatsu Kentaro ​ជនជាតិ​ជប៉ុន។

Cambodia All Stars ​និង Laos All Stars នរណា​​ជា​ជើង​ខ្លាំង​ល្ងាច​នេះ?

 

អត្ថបទ៖​មុន្នី រម្យ