កម្ពុជា​ All Stars ឈ្នះ​ ឡាវ All Stars ៣-២ លើក​ពាន​មិត្តភាព​ជា​លើក​ទី៣

ក្រុម Cambodia All Stars បាន​យក​ឈ្នះ​ក្រុម​ក្រុម​ភ្ញៀវ Laos All Stars​ដោយ​លទ្ធផល ៣-២ ដើម្បី​លើក​ពាន​មិត្តភាព​អន្តរជាតិ​​​​ក្នុង​គោល​បំណង​​អបអរ​ការ​រំលឹក​ខួប​លើក​ទី​ ៦០ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​និង​ឡាវ។ ទោះ​ជា​ការ​ប្រកួត​ត្រឹម​តែ​មិត្តភាព​ដើម្បី​ការ​ទូត ប៉ុន្តែ​​ការ​ប្រកួត​នេះ​ហាក់​ក្តៅ​គគុក​គួរ​សម ដោយក្រុមទាំង​ពីរ​​បាន​ប៉ះ​ទង្គិច​ និង​តវ៉ា​គ្នា​តិច​តូច។

 

កម្ពុជា​ All Stars ឈ្នះ​ ឡាវ All Stars ៣-២ លើក​ពាន​មិត្តភាព​ជា​លើក​ទី៣

ឈិន ឈឿន អបអរជា​មួួ​យ​មិត្ត​រួម​ក្រុម បន្ទាប់​ពី​ស៊ុត​ចូល​គ្រាប់​ទី​១

 

ការ​ប្រកួត​បាន​តែ​​១០​នាទី កម្ពុជា All Stars បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្ញៀវ​មួយ​គ្រាប់​មុន​ដោយ​ខ្សែ​បម្រើ​មក​ពី​ក្លឹប​ក្រសួង​​ការពារ​ជាតិ ឈិន ឈឿន ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​ពេញ​អូឡាំពិក​តែ​ម្តង។ ប៉ុន្តែ​ការ​សប្បាយ​រីក​រាយ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​លេខ​១៧​របស់​ Lao All Stars គឺ Sayavutthi បាន​តែត​ចូល​ទីយ៉ាង​ស្អាត​ដើម្បី​តាម​ស្មើ ១-១ នៅ​នាទី​ទី​១៧ និង​បញ្ចប់​តង់​ទី​មួយ​ដោយ​គ្រាប់​បាល​ស្មើ​គ្នា១-១។

 

នៅ​តង់​ទី​២ ក្រុម​កម្ពុជា​ហាក់​​មាន​ទម្រង់​លេង​ល្អ​ជាង​តង់​ទី​មួយ​បន្តិច ប៉ុន្តែ​នៅ​តែ​មិន​អាច​​ទម្លាយ​សំណាញ់​ទី​ក្រុម​ភ្ញៀវ។ ផ្ទុយ​ទៅ​វិញ Lao All Stars បាន​នាំ​មុខ​​ក្រុម​របស់​កម្ពុជា​វិញ​ម្តង​នៅ​នាទី​ទី​៥៧​ដោយ​តារា​លេខ​១៧​ដដែល​។ បន្ទាប់​ពី​គេ​​នាំមុខ ២-១ ក្រុម Cambodia All Stars បាន​ព្យាយាម​​វាយ​សម្រុក​រហូត​តាម​ស្មើ​២-២ វិញ​នៅ​នាទី​ទី​៦២ ដោយ​ខ្សែ​ការពារ​មក​បឹងកេត​អង្គរ សុខ សុវណ្ណ​តាម​រយៈ​ការ​តែត​នឹង​ក្បាល។ លទ្ធផល​ស្មើ​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​កាន់​តែ​មាន​កម្លាំង​ចិត្ត និង​វាយ​សម្រុក​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​តារា​ឆ្នើម ចាន់ វឌ្ឍនាកា និង​មិត្ត​រួម​ក្រុម​សហការ​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​មួយ​លើក​​ជា​​ពីរ​លើក​។ ទី​បំផុត​ក្រុម Cambodia All Stars ទទួល​បាន​​បាល់​ពិន័យ​១១​ម៉ែត្រ​​ដែល​ធ្វើ​បាន​សម្រេច​ដោយ ប្រាក់ មុន្នីឧត្តម នៅ​នាទី​ទី​៧៥​ដើម្បី​នាំ​មុខ​៣-២។ លទ្ធផល​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

 

ការ​ប្រកួត​ហាក់​មាន​សមត្ថភាព​តឹង​សរសៃ​ក​ដាក់​គ្នា​បន្តិច​ដោយ​​ទាំង​សង្ខាង​ទទួល​បាន​កាត​លឿង​ដូច​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នៅ​នាទី​ទី​​៧៩ កីឡាករ​​របស់ Lao All Stars លេខ​១០ Vongchiengkham ទទួល​បាន​កាត​ក្រហម​ដោយ​ត្រូវ​បណ្តេញ​ចេញ​ពី​ទី​លាន។ ការ​ប្រកួត​បាន​បន្ត​រហូត​ចប់​៩០​នាទី​ដោយ​ក្រុម Cambodia All Stars បាន​យក​ឈ្នះ​ក្រុម Lao All Stars ដើម្បី​លើក​ពាន​មិត្តភាព​អន្តរជាតិ​ចំណង​ការ​ទូត​កម្ពុជា និង​ឡាវ។ ការ​លើក​ពាន​ជា​លើក​ទី​៣​នៃ​ពាន​មិត្តភាពអន្តរជាតិ​សម្រាប់​ក្រុម Cambodia All Stars នៅ​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​