តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

6 Videos


​ទោះបីជា​ខេត្តកំពង់ស្ពឺ​មិនមាន​ប្រាសាទ​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ដូច​បណ្តា​ខេត្ត​ដទៃទៀត​ក្តី ក៏​ខេត្ត​មួយ​នេះ​មាន​វប្បធម៌ និង រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ព្រៃភ្នំ​ក្រំ​ថ្ម ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង អន្តរជាតិ​ឱ្យទៅ​ទស្សនា ។ ម្យ៉ាងទៀត ដោយសារ​ខេត្ត​នេះ​នៅ​ជិត​រាជធានី​ភ្នំពេញ​ផង​នោះ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ជាច្រើន​នាំគ្នា​ទៅ​ទស្សនា​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ ។ លោក កេ​ត សុខុម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ​ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប និង ព្រៃភ្នំ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកណ្តាល ខាងជើង​ជាប់​នឹង​ខេត្តកំពង់ឆ្នាំង និង ខេត្ត ពោធិ៍សាត់ ខាងលិច​ជាប់​នឹង​ខេត្តកោះកុង ខាងត្បូង​ជាប់​នឹង​ខេត្តកំពត និង តាកែវ ដែលមាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ។

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

M88


ខេត្តកំពង់ស្ពឺ​មាន​សក្តានុពល​ទេសចរណ៍​យ៉ាងច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​នៅទីនេះ តំបន់​ទេសចរណ៍​ទាំងនោះ​មានដូចជា ៖

-វត្ត​វាំង​ចាស់ ឬ ទីក្រុង​ឧដុង្គ ឬ វត្ត​ហរិរក្ស​រាជិនី​
​វត្ត​វាំង​ចាស់ ឬ ហរិរក្ស​រាជិនី​នេះ អតីត​ជាទី​អារាម និង ជាទី​ក្រុង​ដ៏​ចំណាស់​មួយ​ក្នុងសម័យ​ឧដុង្គ ដែល​ស្ថិតនៅក្នុង​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​ជិត​ផ្សារ​ឧដុង្គ ។ ប្រសិនបើ​អស់លោកអ្នក​ធ្វើដំណើរ​ទៅ​ពី​ភ្នំពេញ ពេល​ទៅ​ហួស​សាលារៀន​ទេពប្រណម្យ​បន្តិច​នឹងមាន​ផ្លូវ​កៅស៊ូ​មួយ​នៅ​ខាងឆ្វេង​ដៃ ដែល​ផ្លូវ​នេះ​កាត់​តាម​ទីប្រជុំជន​បាត់ដឹង ទៅ​ជួបនឹង​ផ្លូវជាតិ​លេខ ៤ ត្រង់​ផ្សារ​ថ្នល់ទទឹង ។ ពី​ផ្លូវបំបែក​ទេពប្រណម្យ​ចម្ងាយ​ប្រហែល​ពីរ​បី​រយ​ម៉ែត្រ មើលទៅ​ខាងស្តាំ​ដៃ​នឹង​ឃើញ​មាន​ខ្លោងទ្វារវត្ត​មួយ​ដាក់ឈ្មោះថា «​វត្ត ហរិរក្ស​រាជិនី​វាំង​ចាស់​» ។ នេះ​គឺជា​អារាម​មួយ​ក្នុងចំណោម​អារាម​ដែល​ភ្ញៀវទេសចរ​ចូលចិត្ត ទៅ​ថ្វាយបង្គំ​ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ ។

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

តាម​ព្រះរាជ​ពង្សាវតារ​សាស្ត្រា​ស្លឹករឹត​នៅ​វត្ត​កោ​ក​កាក បានឱ្យដឹងថា វត្ត​ហរិរក្ស​រាជិនី ឬ វត្ត​វាំង​ចាស់​នេះ​ជាទី​ក្រុង​បុរាណ​មួយ​ត្រូវបាន​កសាងឡើង​ក្នុង​រាជ្យ ព្រះបាទ អង្គ​ដួង ដែល​កសាង​ដំណាលគ្នា​នឹង​វត្ត​មួយចំនួនទៀត​រួមមាន​ដូចជា វត្ត​ព្រះពុទ្ធ​សេយ្យាសន៍ វត្ត​ក្រាំង​ពន្លៃ វត្ត​ព្រះវិហារ​សំណ វត្ត​ស្លាគូ និង វត្ត​វិហារ​ខ្ពស់ ស្ថិតនៅក្នុង​បរិវេណ​ក្រុង​ឧដុង្គ​ឮជ័យ ឬ ឧដុង្គ​មានជ័យ គឺជា​សម័យកាល​មួយ​ដែល​រាជវាំង​ខ្មែរ​ម្តង​ត្រូវបាន​គ្រប់គ្រង​ដោយ​ខ្លា​នៅ​ទិស​ខាងលិច និង ម្តង​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រពើ​ទិសខាងកើត​…​។ បច្ចុប្បន្ន​ទីតាំង​ព្រះវិហារ​ចាស់​ត្រូវបាន​ជួសជុល​ឡើងវិញ ព្រមទាំង​មាន​ដាក់តាំង​កាំភ្លើង​ធំ​បុរាណ​ចំនួន ១១ ដើម ព័ទ្ធជុំវិញ ។ រីឯ​ព្រះវិហារ​ថ្មី ត្រូវបាន​កសាង​នៅ​ប៉ែក​ខាងជើង​ទីទួល​ព្រះវិហារ​ចាស់ ។

ក្នុង​បរិវេណ​អារាម​នេះ​ទាំងមូល​មាន​កុដិ​ព្រះសង្ឃ​ស្នាក់នៅ​ចំនួន ២ និង អគារ​សាលា​បាលី ១ នៅក្បែរនោះ ។ ចំណែក​នៅ​ប៉ែក​ខាងត្បូង​ជាប់​របង​វត្ត​វិញ គឺជា​អគារ​សាលាបឋមសិក្សា​វត្ត​វាំង​ចាស់​ចំនួន ២ ខ្នង ស្ថិតនៅ​ដង្ហែ​គ្នា​បណ្តោយ ថ្ងៃ ។ នៅ​ចំ​ខាងលិច​ព្រះវិហារ​ថ្មី​គឺជា​កុដិ​របស់​ព្រះចៅអធិការ​វត្ត​វាំង​ចាស់ ហើយ​នៅ​ខាងជើង​ជាប់​នឹង​កុដិ​របស់​ព្រះចៅអធិការ​នេះ​គឺជា​សាលាឆាន់​ដ៏​ធំ​ទូលាយ និង ស្រស់​ឆើតឆាយ​មិន​ចាញ់​សាលាឆាន់​ក្នុង​ទី​អារាម​នៅ​ក្រុងភ្នំពេញ​ឡើយ ។​

-ឧទ្យាន​ជាតិ​គិរី​រម្យ​
​ឧទ្យាន​ជាតិ​គិរី​រម្យ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល​បំផុត​សម្រាប់​លម្ហែ​អារម្មណ៍ និង ជា​ឧទ្យាន​ជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​ជាតិ​ទាំង​ប្រាំពីរ ដែល​បាន​បង្កើត​ឡើងជា​ផ្លូវការ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ។ គិរី​រម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង និង ជា​កន្លែង ស្រូបយក​បរិយាកាស​ដ៏​បរិសុទ្ធ ដែល​ជាទី​ទាក់ទាញ​អន្ទង​ចិត្ត​ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ​ឱ្យមក​ទស្សនា​យ៉ាងច្រើន​កុះករ ។ ឧទ្យាន​ជាតិ​គិរី​រម្យ ឬ ព្រះ​សុរាម្រិត «​មាន​ផ្ទៃដី​ទំហំ ៣៥.០០០ ហិកតារ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ចុះ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ហើយ​ឧទ្យាន​ជាតិ​នេះ​បាន​បើក សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៥ រហូតមក ដល់​បច្ចុប្បន្ននេះ ។

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

ឧទ្យាន​ជាតិ​គិរី​រម្យ​មាន​ចម្ងាយ ១១៤ គីឡូម៉ែត្រ ពី​រាជ ធានី​ភ្នំពេញ និង ១៤៧ គីឡូម៉ែត្រ ពី​ក្រុងព្រះសីហនុ ឬ មាន​ចម្ងាយ ៤៤ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៤» ។​ ​រមណីយដ្ឋាន​ដ៏​ប្រណីត​មួយ​នេះ​គឺមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ម្ល៉េះ និង ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​ទេសភាព​ស្រស់បំព្រង ពិសេស​គឺមាន​លម្អ​ទៅដោយ​ដើម​ស្រល់​តូចធំ​ជាច្រើន​ដុះ​តម្រៀប​គ្នា​ជា​ជួរៗ​ពី​ធម្មជាតិ​នៅលើ​ខ្ពង់រាប​នៃ​ភ្នំ​គិរី​រម្យ​នេះ ។ ក្រៅពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ហើយ​នោះ ទីនេះ​ក៏​ជា​ជម្រក​នៃ​ពពួកសត្វ​ម្រឹគីម្រឹគា និង ពពួកសត្វ​បក្សាបក្សី​ជាច្រើន​អម្បូរ​រស់នៅ ក្រៅពីនេះ នៅមាន​ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់បំព្រង​ថែម​ទៀតផង ។​

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

-អំពែ​ភ្នំ​
​អំពែ​ភ្នំ ជា​រមណីយដ្ឋាន​ធម្មជាតិ និង វប្បធម៌ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាំង​ទន្លេ និង ភូមិ​អំពែ​ភ្នំ ឃុំ​សុពណ៌​ទេព និង ឃុំ​ស្វាយ​ក្រវាន់ ស្រុក​ច្បារមន មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ពី​ភ្នំពេញ បត់​ឆ្វេង ២ គីឡូម៉ែត្រ ។ តំបន់​នោះ​មាន​ទេសភាព​នៃ​ទឹកស្ទឹង​ឆ្លងកាត់ រួមផ្សំ​នឹង​ដើមឈើ​ធំៗ​ដុះ​ប្រជ្រៀត​គ្នា​នៅតាម​ដងស្ទឹង និង ជើងភ្នំ ដែលមាន​ស្ពាន​យោល ឆ្លងកាត់​ពី​ភូមិ​តាំង​ទន្លេ​ទៅ​ភូមិ​អំពែ​ភ្នំ ។ ក្រៅពីនេះ​យើង​នៅ​សង្កេតឃើញ​មាន​វត្ត​ចាស់​មួយ​នៅលើ​កូនភ្នំ ដែលជា​ទីសក្ការៈ​របស់​ប្រជាពលរដ្ឋ​យើង​ទៅធ្វើ​បុណ្យទាន​តាម​ប្រពៃណីជាតិ ។​

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​

-​ចំបក់​តំបន់​ទេសចរណ៍​ថ្មី​
​ចំបក់ មាន​ទីតាំង​នៅជាប់​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ទឹកធ្លាក់​ចំបក់​នេះ កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ឱ្យចូល​ទៅ​កម្សាន្ត​មិនដែល​ដាច់ និង មាន​ចំនួន​កាន់តែច្រើន ។ ទេសភាព​ដ៏​ស្រស់ត្រកាល​នេះ​មាន​ទីតាំងនៅ​កណ្តាល​ព្រៃ នៅពេល​ភ្ញៀវទេសចរ​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​ម្តងៗ គឺ​ពិត​ជាមាន​អារម្មណ៍​ស្រស់ស្រាយ និង អាឡោះអាល័យ ទៅ​ម្តង​ហើយ​គឺ​តែងតែ​ចង់ទៅ​ម្តងទៀត ។ ទឹកធ្លាក់​ចំបក់​នេះ​មាន​ភាពល្បីល្បាញ​ជា​យូរ​មកហើយ​ខាង​ទេសភាព ដ៏​ស្រស់ស្អាត​គ្មាន​ពីរ​នា​តំបន់​នោះ ។ ទឹកធ្លាក់​ចំបក់​នេះ​បានផ្តល់​ជូន​នូវ​ភាពសប្បាយ​រីករាយ បូករួម​ទាំង​ការដើរ​ឡើង​ភ្នំ ៣,៥ គីឡូម៉ែត្រ ទៅកាន់ ទឹកជ្រោះ​កម្ពស់ ៤០ ម៉ែត្រ ដ៏​គួរឱ្យភ្ញាក់ផ្អើល ។ លោកអ្នក​ក៏​អាច​បានទទួល​នូវ​ការ​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ពី​ធម្មជាតិ និង ទេសភាព​ដ៏ ស្រស់ត្រកាល ហើយ​លោកអ្នក​ក៏​អាច​ស្នាក់នៅ​ពេលយប់​តាម​ផ្ទះ​ប្រជាជន​ក្នុង​តំបន់​នោះ ដើម្បី​ដក​បទពិសោធ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ចំបក់​គឺជា​ទឹកជ្រោះ​ធម្មជាតិ​កើតឡើង​យូរអង្វែង​មកហើយ ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​យើង​កើតសង្គ្រាម ទើប​មកដល់ ឆ្នាំ ២០០២ រាជរដ្ឋាភិបាល​បាន​ចាត់​ឱ្យ​រៀបចំ​ទីនេះ​ជា​តំបន់​ទេសចរណ៍​ថ្មី និង សម្ពោធ​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០០៣ ។ ក្នុងដំណាក់កាល​ទី ១ សហគមន៍​ចំបក់​បានទទួល​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល ទំហំ ៤០០ ហិកតារ នៅ​ដំណាក់កាល​ទី ២ បានទទួល​ដី​សម្បទាន​ទំហំ ៨៦០ ហិកតារ​ទៀត សរុប​ផ្ទៃដី​ទាំងអស់​ទំហំ ១.២៦០ ហិកតារ ដែល តម្រូវឱ្យ​សហគមន៍​រៀបចំ​ជា​តំបន់​ព្រៃ​អភិរក្ស ។ ដោយឡែក​ទីតាំង​សំខាន់​សម្រាប់​បម្រើសេវា​ទេសចរណ៍​មានតែ ១៦១ ហិកតារ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺជា​ព្រៃ​ឫស្សី និង ព្រៃរបោះ ។ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ម្លប់​បៃតង និង ក្រសួងបរិស្ថាន​ផង​នោះ សហគមន៍​ចំបក់​បានធ្វើ​ការអភិរក្ស​ទីតាំង​សំខាន់ៗ​មួយចំនួន នៅទីនេះ​ឱ្យមាន​សោភណភាព​ប្លែក​ជាង​ពីមុន​រហូតដល់​មាន​ភ្ញៀវទេសចរ​ចូល​កម្សាន្ត​កើនឡើងៗ ៕

តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ខេត្តកំពង់ស្ពឺ​