ទឹកជ្រោះ​ដារ សិលា​ទូក​មាស រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​

6 Videos


ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ជា​ស្រុក​មួយ​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ដ៏​ចំណាស់​ច្រើន​រាប់មិនអស់​ដែលបន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ ។ ក្រៅពី​សម្បត្តិ​វប្បធម៌​ទាំងនោះស្រុក​កំពង់លែង​ក៏​សម្បូរ​ទៅដោយ​រមណីយដ្ឋាន និង ទឹកជ្រោះ​ជាច្រើន​ទៀតដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា​នៅ​ទីនោះ​ផងដែរ ។ ទឹកជ្រោះ​ដារ សិលា​ទូក​មាស ជា​ទឹកជ្រោះ​មួយ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង ភ្ញៀវទេសចរ​អន្តរជាតិ ។​

ទឹកជ្រោះ​ដារ សិលា​ទូក​មាស រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​

M88


​ទឹកជ្រោះ​ដារ សិលា​ទូក​មាស ស្ថិតនៅ​ក្នុងភូមិ​ដារ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ទៅ​ទស្សនា​ទឹកជ្រោះ​ដារ សិលា​ទូក​មាស នេះ​បាន​ដោយ​ជិះទូក​ពី​កំពង់ដ​ក្រុង​កំពង់ឆ្នាំង​ឆ្ពោះទៅកាន់​ទីរួមស្រុក​កំពង់លែងរួច​បន្តដំណើរ​តាមផ្លូវ​កាណូត​ប្រមាណ​ជា ៨ គីឡូម៉ែត្រ​ទៀត​នោះ​នឹង​បាន​ទៅដល់​ទឹកជ្រោះដារ សិលា​ទូក​មាស នេះ​ជាក់​ជាមិនខាន ។​

ទឹកជ្រោះ​ដារ សិលា​ទូក​មាស រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​

​រមណីយដ្ឋាន​ទឹកជ្រោះ​ដារ សិលា​ទូក​មាស ត្រូវបាន​គេ​ប្រសិទ្ធ​នាម ឡើង​ដោយ​លោក​អភិបាលស្រុក​កំពង់លែង គឺ​លោក ម៉ាន់ អេង​លី ដោយលោក​សំអាង​ហេតុផល​ថា វា​ជា​ទឹកជ្រោះ​ស្ថិតនៅក្នុង​ឃុំ​ដារ មាន​ទីតាំង នៅក្នុង​កម្រង​ភ្នំ​ទូក​មាស ដែល​លាតសន្ធឹង​នៅក្នុង​ទឹកដី​ស្រុក​កំពង់លែង​នេះដែរ ។ តាម​ការសង្កេត​លក្ខណៈ​ភូមិសាស្ត្រ​នៅ​តំបន់​នោះ​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំក្នុង​កំលុង​ខែកញ្ញា​ទើប​មានទឹក​ហូរ​ធ្លាក់​តាមជ្រលង​ជ្រោះ​ទាំងនោះ ដោយ​បង្កើតបានជា​ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់ ស្អាត​សម្រាប់​កម្សាន្ត​សប្បាយ​របស់​ភ្ញៀវ​។

ទឹកជ្រោះ​ដារ សិលា​ទូក​មាស រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​

​ភ្ញៀវទេសចរ​ភាគច្រើន​តែង​នាំគ្នា​ឡើងទៅ​លេង​ទឹកជ្រោះ​ដារ សិលា​ទូក​មាស នៅ​រដូវ​ភ្ជុំបិណ្ឌ​ដែលមាន​រយៈពេល​ខ្លី ព្រោះ​ទឹកជ្រោះ​នេះ​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង​ទាំងស្រុង នៅ ពេល​មាន​ភ្លៀង​ច្រើន​ទើប​មានទឹក​ហូរ​ធ្លាក់​ច្រើន​ដែរ ។ នៅចុងរដូវ​វស្សា​ពេល​ស្រូវ​កំពុង​ឡើងខ្លួន​មាន​ដើមដង​ល្អ ខ្យល់​ធ្លាក់​ពី​ជើង ទឹកជ្រោះ​នេះ​ក៏​ចាប់ផ្តើម​ស្រក​បន្តិច​ម្តងៗ ភ្ញៀវទេសចរ​ក៏​លែងមាន​សកម្មភាព​ដែរ ។​
​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កំពង់ឆ្នាំង​បានឱ្យដឹងថា ទឹកជ្រោះ​ដារ សិលា​ទូក​មាស ជា រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ​ដែល​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ២០០៥ ក្រោម​កិច្ចសហការ​របស់​រដ្ឋ​អំណាច​មូលដ្ឋាន និង ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ដារ​បាន​ចូលរួម​ត្រួសត្រាយ​ផ្លូវ​ចូលទៅ​កាន់​រមណីយដ្ឋាន​នេះ ដើម្បី​កែច្នៃ​ទីនោះ​ឱ្យមាន​សោភណភាព​ស្រស់បំព្រង​ឡើង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ។

រមណីយដ្ឋាន​ទឹកជ្រោះ​ដារ សិលា​ទូក​មាស ស្ថិតនៅ​ខាងលិច​មិន​ឆ្ងាយ​ពី​ប្រាសាទ ស្លុតី ឬ ប្រាសាទ​ថ្នម​ប្តី​ប៉ុន្មាន​ឡើយ ហើយ​សព្វថ្ងៃ​បានក្លាយ​ជាទី កន្លែង​លម្ហែកាយ​នា​រដូវវស្សា​ដែលមាន​ទេសភាព​ធម្មជាតិ​ដ៏​សែន មនោ​រម្យ​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ដើម្បី​បាន​គយគន់​ទេសភាព​នៅ​តំបន់​នេះ ។ បើទោះបីជា​ទឹកជ្រោះ​ដារ សិលា​ទូក​មាស អាច​ទទួល ស្វាគមន៍​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនតែ​ក្នុង​រដូវវស្សា​ក៏ពិតមែន ក៏ប៉ុន្តែ​ទឹកជ្រោះ​ដារ សិលា​ទូក​មាស ត្រូវបាន​គេ​ចាត់ទុកជា​កន្លែង​កម្សាន្ត​មួយ​នៅ​រដូវប្រាំង​ផងដែរ ដែល​គ្របដណ្តប់​ដោយ​ព្រៃឈើ​ពណ៌​បៃតង​កំពុងតែ អន្ទង​ចិត្ត​អ្នកទេសចរ​ឱ្យ​លង់​អារម្មណ៍​នឹង​សម្រស់​ទេសភាព​ដ៏​ត្រកាល​នៅ​ទីនោះ ។

ទឹកជ្រោះ​ដារ សិលា​ទូក​មាស រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​

នៅពេល​ធ្វើដំណើរ​ទៅដល់​ទឹកជ្រោះ​ដារ សិលា​ទូក​មាស ហើយ​នោះ អ្នកទេសចរ​ទាំងឡាយ​ប្រាកដជា​បាន​សប្បាយ​រសាយ​បាត់អស់​ទុក្ខ​កង្វល់ ដោយ​ការ​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ស្តាប់​សូរ​ទឹក​ហូរ ធ្លាក់​ទ្រគោះបោះបោក​ទៅនឹង​ផ្ទាំង​ថ្ម​កំដរ​ដោយ​សូរសៀង​សំនៀង​របស់​សត្វបក្សាបក្សី​យំ​ចេក​ចាច ធ្វើឱ្យ​អារម្មណ៍​របស់​ភ្ញៀវទេសចរ​កាន់តែ​ស្រស់ស្រាយ​បន្ថែមទៀត ។ បើ​គេ​ក្រឡេក​មើលទៅ​ទិដ្ឋភាព​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ទីនោះ គឺមាន​ទេសភាព​ពណ៌​បៃតងខ្ចី​ស្រស់បំព្រង​គ្រប់​រដូវ​កាលដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ គយគន់​មិនចេះ​ជិនណាយ ៕ នឿន​