ប្រាសាទបក្សីចាំក្រុង ​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ

6 Videos


​ប្រាសាទបក្សីចាំក្រុង​ជា​ប្រាសាទតូច​មួយ​ដែលជា​ស្នាដៃ​ដ៏​ល្អ​ឯក​មួយទៀត​របស់​បុព្វ​បុរសខ្មែរ​យើង​ដែល​បាន​បន្សល់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ ។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​តំបន់​អង្គ​រដែរ តែ​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​ច្រើន​ប៉ុន្មាន​ឡើយ​ដែល​ស្គាល់ និង ចាប់អារម្មណ៍​ចូលទៅ​ទស្សនា​ប្រាសាទ​មួយ​នេះ ពោលគឺ​ភ្ញៀវទេសចរ​ក្នុងស្រុក​ច្រើនតែ​មើលរំលង ។ បើ​យើង​បាន​ទៅដល់​បរិវេណ​ប្រាសាទបក្សីចាំក្រុង ហើយ​ចំណាយពេល​តែកន្លះ​ម៉ោង​ដើម្បី​ទស្សនា​នោះ​យើង​នឹង​ស្ញប់ស្ញែង​ស្នាដៃ​ដែល​បុព្វបុរស​បាន​បន្សល់ទុក​ឱ្យនោះ គឺ​គួរឱ្យ​កោតសរសើរ និង មោទកភាព​ក្រៃលែង ។ ​ប្រាសាទបក្សីចាំក្រុង​ជា​ប្រាសាទ​ដែលមាន​ប៉ម​តែមួយ​ស្ថិតនៅ​ចន្លោះ​ភ្នំ​បាខែង និង ច្រកទ្វារ​អង្គរធំ​ខាងត្បូង ។ ប្រាសាទ​នេះ​សាង​ឡើង​ពី​ឥដ្ឋ និង ថ្មបាយក្រៀមមាន​កម្ពស់ ១៣ ម៉ែត្រ ។ គួរបញ្ជាក់​ផងដែរ​ថា​ប្រាសាទ​នេះ​មាន​រាង​ជា​សាជី មាន ៤ ថ្នាក់ ។​

ប្រាសាទបក្សីចាំក្រុង ​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ

M88


​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា ប្រាសាទបក្សី​ចាំ​ក្រុង​គឺជា​ប្រាសាទបុរាណ​មួយ​គួរឱ្យ​ទស្សនា​ដែល​បាន​កសាងឡើង​នៅលើ​ស្ថានីយ​បុរេប្រវត្តិ​នៃ​យុគ​សំរឹទ្ធិស្ថិតនៅ​កណ្តាល​ព្រៃស្រោង ខាងឆ្វេង​ផ្លូវ និង ខាងជើង​ភ្នំ​បាខែង​ប្រហែលជា ១៥០ ម៉ែត្រ ។ ប្រាសាទ​នេះ​មាន​កាំជណ្តើរ​ដែល​ស្ថាបនា​ដោយ​ថ្មបាយក្រៀម និង ឥដ្ឋ​ពណ៌ ក្រហម ហើយ​នៅ​ម្តុំ​ប្រាសាទបក្សីចាំក្រុង​នេះដែរ​ក៏​នៅមាន​ប្រាសាទបុរាណ​តូចៗ​ជាច្រើន​ទៀត ដែល​កសាង​ពី​ឥដ្ឋ ហើយ​ខ្លះ​បាន​បាំងបិទ​ដោយ​ដើម​រុក្ខជាតិ ។

ប្រាសាទបក្សីចាំក្រុង​មាន​រាង​ជាសាជី​មាន​ថ្នាក់ៗ​ធ្វើ​អំពី​ឥដ្ឋ បែរមុខ​ទៅ​ទិសខាងកើត ប្រាសាទ​មាន ៤ ថ្នាក់ កសាង​ពី​ថ្ម​បាយ ក្រៀម បន្តុប​ប្រាសាទ​ឥដ្ឋ​ខាងលើ និង មាន​ជណ្តើរ​គ្រប់​ទិស​ទាំង ៤ ទ្វារបញ្ឆោត ៣ ទិស តែ​ក្បាច់រចនា​សម្រាប់​បិទ​ពី​ក្រៅ​បាត់បង់​អស់ហើយ គឺ​សល់តែ​ក្បាច់​ផ្តែ​រលើ​ខ្លោងទ្វារ​នៅ​ល្អ មាន​រូប​ព្រះឥន្ទ្រ​គង់​លើ​ដំរីឰរាវ័ណ (​ដំរី​ក្បាល​៣) ឯ​ចុង​ទាំងសងខាង​មាន​គណេស និង មាត់ទ្វារ​ខាងកើត​មាន​សិលាចារឹក ។ លក្ខណៈ​អស្ចារ្យ​របស់​ប្រាសាទបក្សីចាំក្រុង​ដែល​នៅ​សេស សល់​នេះ​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទេសចរ​ដែល​បាន​ចូលទៅ​ដល់ទី​នោះ ។

ប្រាសាទបក្សីចាំក្រុង ​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ

ការសាងសង់​ឡើង​នៃ​ប្រាសាទ​ដែល​ស្ថិត នៅលើ​ស្ថានីយ​បុរេប្រវត្តិ​នៃ​យុគ​សំរឹទ្ធិ​ប្រហែលជា​ចាប់ផ្តើម​កសាងឡើង​ដោយ​ព្រះបាទ ហសិ​វ​រ័​ន្ម ទី ១ (៩១០ ដល់ ៩៤៤) និង បានបញ្ចប់​ការ សាងសង់​ដោយ​ព្រះបាទ រាជេន្ទ្រ​វ​រ័​ន្ម (៩៤៤ ដល់ ៩៦៨)​ដែល​ស្តេច​អង្គ​នេះ​បាន​ស្ថាបនា​ប្រាសាទ​នេះ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ ព្រះ​ឥសូរ ក្នុង​ព្រហ្មញសាសនា ។​

​បើតាម​ឯកសារ​សង្ខេប​របស់​អា​ជ្ញ្ញា​ធរ​អប្សរា​ដែល​បាន​បិទ​ផ្សាយ​នៅខាងមុខ​ប្រាសាទ​បក្សី ចាំ​ក្រុង បានសរសេរថា ប្រាសាទបក្សីចាំក្រុង​ជា​ប្រាសាទតូច​ច្រឡឹង​មួយ​ដែលមាន​ខឿន​បី​ថ្នាក់បានកសាង​រវាង​សតវត្សរ៍​ទី ១០ ក្រោយ​ពេលដែល​ប្រាសាទ​លើ​ភ្នំ​បាខែង​សាងសង់​រួច ។ នៅ​ម្តុំ​នោះមាន​ប្រាសាទតូចៗ​មួយចំនួនទៀត​ដែល​បាន​សាងសង់​អំពី​ឥដ្ឋ ។ កាលពី​ជំនាន់​នោះ​ពុំមាន​សិលាចារឹក​អ្វី​ឡើយ លុះដល់​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន ផ្លាស់​រាជធានី​ពី​កោះ​កេរ​មក​តាំងនៅ​អង្គរ​វិញ​នៅ គ​.​ស​. ៩៤៨ ទើប​ព្រះអង្គ​ឱ្យគេ​ចារឹក​កាព្យ​ជា​ភាសាសំស្ក្រឹត​នៅលើ​ទ្វារ​ដូច​ឃើញ​សព្វថ្ងៃនេះ ។

សេចក្តី​នៃ អក្សរ​នោះ​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃលែង ព្រោះ​មាន​និទាន​ពី​បុព្វការី​ជន​ដំបូងបង្អស់​នៃ​ជនជាតិខ្មែរ ក្នុង​លំនាំ​រឿងព្រេង ។ ក្នុងនោះ​មាននិយាយ​ថា ខ្មែរ​ចុះ​តំណពូជ​ពង្ស​មកពី​ឥសី​មួយអង្គ​ព្រះនាម កម្ពុ ដែល​កើតឡើង​ដោយ​ឯកឯង (​ស្វា​ម្ភូ​) ។ ឥសី​នេះ​ទៅ​ភព​ប្រសព្វ​នឹង​ទេពកញ្ញា​ឈ្មោះ មេ​រា ទើប បង្កើតជា​កូនចៅ​តរៀងមក ។ ប្រាសាទបក្សីចាំក្រុង​បាន​កសាង​នៅលើ​ស្ថានីយ​បុរេប្រវត្តិ​មួយ​នៃ​យុគ សំរឹទ្ធិ ។​

​នៅ​ទី​បរិវេណ​នៃ​ប្រាសាទបក្សីចាំក្រុង​នេះដែរ​មាន​សំណង់​ប្រាសាទតូចៗ​ជាច្រើន​ដែល​ប្រាសាទ​ខ្លះ​នៅមាន​លក្ខណៈ​ល្អ​ស្អាត និង ប្រាសាទ​ខ្លះទៀត​រង​ដោយ​ភាព​បាក់បែក ។ ចំណែកឯ​ទេសភាព ធម្មជាតិ​នៅ​តំបន់​ប្រាសាទបក្សីចាំក្រុង​វិញ ប្រសិនបើ​លោកអ្នក​បានធ្វើ​ដំណើរ​ទៅដល់​ហើយ​ប្រាកដ​ជាមាន​អារម្មណ៍​ស្រស់ថ្លា​ជាក់​ជាមិនខាន ។

ប្រាសាទបក្សីចាំក្រុង ​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ

​នៅពេល​លោកអ្នក​បានមក​ដល់​ប្រាសាទបក្សីចាំក្រុងនា​តំបន់ភ្នំ​បាខែង​លើទឹក​ដី​ខេត្តសៀមរាប ហើយ​នោះ គឺ​ប្រាកដជា​នឹកគិត និង ចាប់អារម្មណ៍​លាយឡំ​នឹង​ចម្ងល់​យ៉ាងខ្លាំង​ចំពោះ​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អ​វិចិត្រ​នេះ​ថាតើ​គេ​កសាងឡើង​ដើម្បី​អ្វី​ ? ហេតុអ្វី​បានជា​គេ​ដាក់ឈ្មោះថាបក្សី​ចាំ​ក្រុង ?

​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទបក្សីចាំក្រុង​នេះ តែងតែ​ចាប់អារម្មណ៍​នឹង​ការ​គយគន់​មើល​សំណង់​ប្រាសាទ​នេះ​ប្រកប​ទៅ ដោយ​ភាព​ងឿងឆ្ងល់ និង ការពិចារណា​ទៅលើ​ភាព​អស្ចារ្យ​នៃ​ក្បូរក្បាច់​ពោរពេញ​ទៅដោយ​សិល្បៈ​ដ៏​រស់​រវើក​នៃ​មត៌ក​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​យើង ហើយ​ក៏បាន​ក្លាយទៅជា​ចំណុច​មួយ​ដ៏​ទាក់ទាញ និង ជាទី​ចាប់អារម្មណ៍​បំផុត​នៃ​មនុស្សជាតិ​ទូទៅ​បន្ទាប់ពី​បាន​ទៅដល់​ទីនោះ ៕ នឿន​