អតីត​មេ​ធំ​ គ​.​ជ​.​ប​ ដែល​រង​ការ​រិះគន់​ច្រើន​ នឹង​ទទួល​បានការ​តែងតាំង​តំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

​ក្នុង​ដំណើរការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ​នេះ​ ឯកឧត្តម​ អ៊ឹម​ សួស្តី​ អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នា​ពេល​កន្លង​មក​ និង​បច្ចុប្បន្ន​កំពុង​កាន់​មុខ​តំណែង​ តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ជា​ការ​លួង​ និង​លើកទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ នឹង​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ថ្មី​ ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​វិញ​ ។​

​ក្រុម​អ្នក​រិះគន់​មាត់ដាច​មួយ​ចំនួន​ បាន​និយាយ​ថា​ នៅ​ពេល​ឯកឧត្តម​ អ៊ឹម​ សួស្តី​ អតីត​មេ​ធំ​ គ​.​ជ​.​ប​ សុខចិត្ត​លះបង់​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ មក​ទទួល​តំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នោះ​ គឺ​ទំនងជា​បាន​ទទួល​បន្ទុក​ខាង​ការងារ​បោះ​ឆ្នោត​ប្រព្រឹត្ត​ដោយ​ គ​.​ជ​.​ប​ បច្ចុប្បន្ន​ផង​ក៏​ថា​បាន​ ។​

​បន្ទាប់​ពី​ចប់​អាណត្តិ​ជា​មេ​ គ​.​ជ​.​ប​ រួច​មក​ ឯកឧត្តម​ អ៊ឹម​ សួស្តី​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៣០​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ជាមួយ​អតីត​សមាជិក​-​សមាជិកា​ គ​.​ជ​.​ប​ ចំនួន​៤​នាក់​ផ្សេង​ទៀត​ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ទុកជា​ការ​តបស្នង​កាល​នៅ​ពេល​បំពេញភារកិច្ច​ជា​ថ្នាក់ដឹកនាំ​ គ​.​ជ​.​ប​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បានការ​ឈ្នះ​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ៕​

អតីត​មេ​ធំ​ គ​.​ជ​.​ប​ ដែល​រង​ការ​រិះគន់​ច្រើន​ នឹង​ទទួល​បានការ​តែងតាំង​តំណែង​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

Related