តំណាង​អយ្យការ​ខែត្រ​ក្រចេះ​នឹង​កោះហៅ​តំណាង​ក្រុមហ៊ុន​២​ឲ្យ​បំភ្លឺ​រឿង​កាប់​ឈើ​ជា​លើក​ទី​២

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ ឲ្យ​ដឹង​ថា តំណាង​អយ្យការ​នឹង​ចេញ​ដីកា​ជា​លើក​ទី​២ កោះ​ហៅ​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២។ គម្រោង​ការ​កោះ​ហៅ​នេះ គឺ​បន្ទាប់​ពី​ដីកា​កោះហៅ​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា អោយ​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បំភ្លឺ​ករណី​សង្ស័យ​ជួញដូរ​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​មិន​បាន​ចូល​តាម​ការ​កោះ។ ចំណែក​ឧកញ៉ា​ម្នាក់​ឈ្មោះ វុន ប៊ុនថៃ ដែល​តំណាង​អយ្យការ​ចេញ​ដីកា​កោះ​ហៅ​ដែរ​នោះ បាន​បញ្ជូន​មេធាវី​មក​ឆ្លើយ​បំភ្លឺ​ជំនួស។

​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ បញ្ជាក់​ថា តំណាង​អយ្យការ​នឹង​ស៊ើបសួរ​ភាគី​ពាក់ព័ន្ធ គឺ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច (China Dynamic Investment Co., Ltd.) និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ី.វី គ្រុប (CV Group) តាម​នីតិវិធី។

​ព្រះរាជអាជ្ញា​រង លោក ហាក់ ហ៊ាន់ មាន​ប្រសាសន៍​ថា វា​ជា​ការ​លំបាក​ក្នុង​ការ​កំណត់​មុខ​សញ្ញា​រក​អ្នក​ពាក់ព័ន្ធ ព្រោះ​តំណាង​អយ្យការ​អនុវត្ត​ច្បាប់​ផ្អែក​លើ​របាយការណ៍​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ៖ «គេ​ឆ្លើយ​បដិសេធ​យើង​មិន​ដឹង​ថា ត្រូវ​ចាប់​បង្ខំ​គេ ពីព្រោះ​បទល្មើស​នេះ​មិនមែន​បទល្មើស​ជាក់ស្ដែង។ មិន​ឃើញ​នៅ​កន្លែង​កើត​ហេតុ បើ​យើង​ចាប់​បាន​នៅ​លើ​ដៃ​នរណា គឺ​របស់​អ្នក​ហ្នឹង។ ទៅ​ឃើញ​នៅ​កន្លែង​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ឆ្លើយ​ដាក់​អ្នក​នេះ ហើយ​អ្នក​នេះ​ឆ្លើយ​ដាក់​អ្នក​នោះ។ មាន​តែ​ឲ្យ​គាត់​មក​ឆ្លើយ​ឲ្យ​អស់​សិន»

​មេធាវី ៣​រូប​ដែល​ការពារ​ក្ដី​លោក​ឧកញ៉ា វុន ប៊ុនថៃ ហៅ​ឧកញ៉ា ថៃ បាន​​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា។ ពួកគេ​អះអាង​ថា លោក​ឧកញ៉ា ថៃ មិន​ជាប់​ពាក់ព័ន្ធ​ឈើ​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច ទេ តែ​មាន​កិច្ចសន្យា​ទិញ​លក់​ឈើ​អារ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ី.វី។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស៊ី.វី និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ឆាយណា ដាយណាម៉ិច ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា បាន​ដឹកនាំ​កម្លាំង​ឡោមព័ទ្ធ​ឈើ​ជាង ៣​ពាន់​ម៉ែត្រ​គូប ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​សុក្រំ ឋិត​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ឆាយណា ដាយណាម៉ិច ដោយ​សង្ស័យ​ថា ឈើ​ទាំង​នោះ​ជា​ឈើ​ល្មើស​ច្បាប់។ ចំណែក​តំណាង​ក្រុមហ៊ុន​នោះ​អះអាង​ថា ឈើ​ទាំងនោះ​ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន។

​ពលរដ្ឋ​រស់​នៅ​ខែត្រ​ក្រចេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា លោក​ឧកញ៉ា វុន ប៊ុនថៃ ហៅ​ឧកញ៉ា ថៃ គឺ​ជា​ឈ្មួញ​ល្បី​ឈ្មោះ ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ក្នុង​ខែត្រ​ក្រចេះ ជា​ច្រើន​ឆ្នាំ​កន្លង​មក ដោយ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ ប្រភេទ​យីឌុប ភាគ​ច្រើន​ដឹក​ចេញ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច នៅ​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ ហើយ​ឈើ​ទាំង​នោះ​ភាគ​ច្រើន​មក​ពី​តំបន់​អភិរក្ស និង​តំបន់​ផ្សេង​ទៀត​ក្នុង​ខែត្រ​មណ្ឌលគិរី ដែល​គេ​ដឹក​មក​ស្តុក​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឆាយណា ដាយណាម៉ិច ត្រៀម​ដឹក​ចេញទៅ​ប្រទេស​វៀតណាម។

លោក​​ថា ការ​ជួញដូរ​ឈើ​របស់​ឧកញ៉ា ថៃ គឺ​មាន​មេការ​ឈ្មោះ ធី  និង​ឈ្មោះ ផា ដែល​ជា​ដៃជើង​របស់​ឧកញ៉ា​រូប​នោះ ដើម្បី​សម្រួល​ឲ្យ​ដំណើរ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​រលូន៖ «ហើយ​ឡាន​មិន​ចេញ​ម្តង​មួយ​ទេ គេ​រៀបចំ​ចេញ​ម្តង​ជាង ១០​គ្រឿង ហើយ​ភាគ​ច្រើន​ចេញ​យប់។ តាម​ការ​ប៉ាន់​ស្មាន​របស់​យើង។ លោក​ឧកញ៉ា​គាត់​ពាក់ព័ន្ធ​រត់​ការ​អ្នក​មាន​អំណាច​ធំដុំ​ក្នុង​ខែត្រ តែ​កំប៉ិកកំប៉ុក​គឺ​លោក ធី។ ព័ត៌មាន​គឺ​លោក ធី គាត់​និយាយ​ថា របស់​ឧកញ៉ា ថៃ បើ​ឧកញ៉ា ថៃ គាត់​មិន​សូវ​បង្ហាញ​មុខ​ទេ»

​ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង បារម្ភ​វិធានការ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ទោះ​បី​មាន​ឧកញ៉ា​ពាក់ព័ន្ធ​ជួញដូរ​ឈើ​ខុស​ច្បាប់​ក្តី ក៏​ការ​អនុវត្ត​ច្បាប់ ហាក់​ដូចជា​ទន់ជ្រាយ និង​អូស​បន្លាយ​ពេល​បង្ក​ឲ្យ​ស្ថានភាព​ល្មើស​ច្បាប់​កាន់តែ​ធូរ​ស្រាល​ទៅៗ ហើយ​អាច​ជា​ការ​សម្រួល​ដល់​ឧកញ៉ា​ទាំង​នោះ​គេច​ផុត​ពី​សំណាញ់​ច្បាប់៖ «ខ្ញុំ​អាច​ទាយ​ទឹក​ចិត្ត​ព្រះរាជអាជ្ញា ទឹក​ចិត្ត​ចៅក្រម ទឹក​ចិត្ត​មន្ត្រី​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​មិន​ហាន​ធ្វើ​អី​ជាមួយ​ឧកញ៉ា​នោះ​ទេ។ មុន​ធ្វើ​អី​ជាមួយ​ឧកញ៉ា​ទាំង​នោះ ត្រូវ​សួរ​យោបល់​ចៅហ្វាយ​ធំ​របស់​ឧកញ៉ា​ទាំង​នោះ​ដែរ ព្រោះ​រឿង​នេះ​ជា​រឿង​ពាក់ព័ន្ធ​សម្ល​កំពឹស​យ៉ាង​ច្រើន»

​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី អះអាង​ថា អនុ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កំពុង​ធ្វើ​របាយការណ៍​អង្កេត​មក​គណៈកម្មការ​ជាតិ ដើម្បី​ចាត់​ឲ្យ​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត និង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​មក​ឆ្លើយ​បំភ្លឺ​ដើម្បី​អនុវត្ត​ច្បាប់។ លោក​ថា តំណាង​អយ្យការ​ប្រចាំ​ខែត្រ​ភាគ​ឦសាន កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្អែក​លើ​វត្ថុតាង និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ បើ​រក​ឃើញ​មាន​ជន​ណា​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ត្រូវ​ទទួល​ទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។