ម៉ោង​៣​ទៀប​ភ្លឺ នៅ​ស្រុក​សំរោង​ទង ធ្លាក់​ដុំ​ទឹកកក

ខេត្ត​​កំពង់​ស្ពឺ ៖ សេចក្តីរាយការណ៍​​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយខ្លួន​ឯង​មួយ​ រវាង​​រថយន្ត​ដឹក​​ទឹកកក​មួយ​គ្រឿង បាន​​រេ​ចង្កូត​​ទៅ​បុក​របង​​សាលារៀន​ឯកជន​មួយ​កន្លែង បណ្តាល​​រង​ខូចខាត និងធ្លាក់​​ដុំ​ទឹកកក​ពីលើ​រថយន្ត​​រាយ​ប៉ាយ​ពេញ​​ផ្លូវ ខណៈ​ត្រូវ​​តៃកុង​​ងងុយ​ដេក​បើក​ភ្នែកលែងរួច ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ មីនា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​​៤១ ចន្លោះ​គីឡូម៉ែត្រ​១៥-១៦ ក្នុងភូមិ​ទួល​តា​សុខ ឃុំ​សែន​ដី ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

អ្នកបើកបរខាងលើ ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ណា​ក់ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បំណាក់ ឃុំ​វ​ល្លិ៍​.​ស ស្រុក​សំរោង​ទង ។ ទោះបីជា​យ៉ាង​ណា ហេតុការណ៍​នេះ មិន​បណ្តាល​ឱ្យ​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​ក៏​ជា​សំណាង​ផង​ដែរ ដែល​ជា​ពេលវេលា​មួយ ​មិន​ទាន់​​មានកូន​សិស្ស​ចូល​រៀន កុំ​អី​មិនដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ ​ដែល​ត្រូវ​គ្រោះថ្នាក់​​នោះ ។