អាជ្ញាធរ​ខេត្ត​​​​បើក​កិច្ច​​ប្រជុំ​​​​ដាក់​ផែនការ​រឹតបន្តឹង​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោ​ក​ថ្មី

​ខេត្ត​ព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ​មីនា​ ២០១៦ ម្សិលមិញនេះ អាជ្ញាធរ​ខេត្ត​​បាន​​បើក​កិច្ច​​ប្រជុំ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោ​ក​​ ដើម្បី​ដាក់​ផែនការ ​សកម្ម​ភាព និង​កំណត់​គោលដៅ ​សម្រាប់​​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​ថ្មី នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​នានា​ក្នុង​ខេត្ត​ ។​

លោក យុន ឈុ​ន្នី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​​​រឹត​បន្តឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ន័យ​ដើម្បី​កាត់​បន្ថយ​អ​ត្រា​គ្រោះថ្នាក់​ចរាចរ​ណ៍ឱ្យ​​នៅ​កម្រិត​​ទាប​បំផុត ដែល​យន្តការ​នេះ​ធ្វើ​ឡើង​តាម​រយៈការ​អប់រំ​ផ្សព្វផ្សាយ ការ​ផាកពិន័យ និង​ការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋកាន់តែ​មានការ​យល់​ដឹង​ច្បាស់ ហើយ​ងាក​មក​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់​គ្នា ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ទាំងអស់ ត្រូវ​លុប​បំបាត់​ឱ្យ​​អស់​រាល់​ភាព​អសកម្ម​នានា ​​ជា​ពិសេស​ ​ការ​ផាកពិន័យ​លើស​ច្បាប់​កំណត់ ដែល​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ថ្នាក់ដឹកនាំ ដែល​​បាន​និង​កំពុង​​​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​​ឆ្ពោះទៅ​រក​ការ​រីក​​ចម្រើន​​ថែម​ទៀត​នោះ​ ។ ជាមួយ​គ្នា​នេះ គឺ​ត្រូវ​​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឱ្យ​​ខាង​តែ​បាន ចំពោះ​ក្រុម​រថយន្ត​ដឹក​លើស​​ទម្ងន់​ ដែល​ធ្វើ​ឱ្យ​​ខូច​ផ្លូវ និង​ស្ពាន ទាំង​សម្ថ​កិច្ច អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័​ន្ធ​ទាំងអស់ ត្រូវ​តែ​រួម​គ្នា​គិត រួម​គ្នា​គូរ និង​រួម​គ្នា​ទទួលខុសត្រូវ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​រថយន្ត​ទាំងនោះ​ ៕