កម្ពុជា​ស្នើ​សុំ​សហភាព​អឺរ៉ុប​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​ឧស្សាហកម្ម​កៅស៊ូ និង​ស្រូវ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ជំរុញ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​មាន​កំណើន​ថែម​ទៀត ព្រមទាំង​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​ឧស្សាហកម្ម​កៅស៊ូ និង​ស្រូវ គ្រា​ដែល​សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា ទាំង​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ និង​ដំណាំ​ស្រូវ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក លោក​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​រក​ទីផ្សារ​សម្រាប់​ផលិតផល​ឧស្សាហកម្ម​កៅស៊ូ និង​ផលិត​ស្រូវ ខណៈ​ដែល​កម្ពុជា​មាន​សក្តានុពល​លើ​ផលិតផល​ទាំង​២​នេះ ។

លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែង​ថា ៖ « លោក​ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​មានការ​បង្កើត​វិនិយោគ​ពាណិជ្ជកម្ម​បន្ថែម​ទៀត សំខាន់​ការ​លើកទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគ​នៅ​អឺរ៉ុប​ជួយ​ទិញ​ផលិតផល​កសិកម្ម គឺ​ស្រូវ និង​កៅស៊ូ​ពី​កម្ពុជា » ។

ចំណែក​លោក George Edgar បាន​សន្យា​ថា ៖ « លោក​នឹង​ខិតខំ​ជំរុញ​ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ សំខាន់​ការ​ជំរុញ​វិនិយោគិន​ពី​សហភាព​អឺរ៉ុប​មក​កាន់​ប្រទេស​កម្ពុជា » ។

លោក​បន្ត​ថា ៖ « នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​ប្រតិភូ​សហភាព​អឺរ៉ុប​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​បង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត សម្រាប់​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំង​សងខាង » ។

ដោយឡែក ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​សម្តែង​ការ​គួរសម​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមួយ​លោក Thierry Mariani សមាជិក​សភា និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​បារាំង នា​ព្រឹក​ថ្ងៃ​ទី​១៥ មីនា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​បារាំង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ ។

ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ « សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ចំនួន​៤​លើ​ការ​អភិវឌ្ឍ​ជាតិ គឺ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សម្រួល និង​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​រកស៊ី​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា » ។

លោក​បាន​បញ្ជាក់​ថា ៖ « អ្វី​ដែល​ជា​ចម្បង​សម្រាប់​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នោះ គឺ​មាន ស្រូវ អង្ករ និង​កៅស៊ូ និង​មាន​ទំនិញ​ផ្សេង​ៗ​ទៀត​ដូច​ជា ទំនិញ​ឧស្សាហកម្ម​កាត់ដេរ​ជាដើម ដែល​ទាំងនេះ​បាន​ផ្តល់​អាទិភាព​ដល់​បារាំង​ក្នុង​ការ​ជ្រើសរើស​វិនិយោគ​ផង​ដែរ » ។

នៅ​ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​បារាំង អ៊ែ​រ​ហ្វ្រ​ង់ សុំ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​បារាំង​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​បារាំង​តែ​ម្តង ដែល​អាច​បាន​ផលប្រយោជន៍​ទាំង​សងខាង ក៏​ដូច​ជា​ការ​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕