មន្រ្តីរាជការ ​តែទៅបម្រើការងារ​ឯកជនត្រូវសម្រេចចិត្តពីឥឡូវនេះ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ី​វិល​និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​គណៈរដ្ឋមន្ត្រី​ទើប​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៦​នេះ បាន​កំណត់​ឲ្យ​មន្ត្រីរាជការ​ត្រូវ​បម្រើ​ការងារ​ជូន​រដ្ឋ​៤០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​។

បើ​តាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​នៅ​លើ Facebook ទៀត​ថា អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ី​វិល  និង​មន្ត្រី​ជាប់កិច្ចសន្យា រៀបចំ​ឡើង​ក្នុង​គោលដៅ​បង្កើន​ការ​ចូលរួម​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​បំពេញការងារ ការ​លើកកម្ពស់​ផលិតភាព​ការងារ​របស់​បុគ្គល​និង​អង្គភាព ដោយ​អនុញ្ញាត​ឲ្យ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ អាច​កំណត់​ពេលវេលា​បម្រើ​ការងារ រយៈពេល​បម្រើ​ការងារ​ក្នុង​មួយ​ថ្ងៃ និង​ទីកន្លែង​បម្រើ​ការ​រងារ​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ក្រសួង ស្ថាប័ន​របស់​ខ្លួន​អោយ​មាន​លក្ខណៈ​បត់បែន​ស្រប​តាម​ស្ថានភាព​ជាកស្តែង​។ មន្ត្រីរាជការ​ស៊ី​វិល​និង​មន្ត្រី ជាប់កិច្ចសន្យា អវត្តមាន​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​វិន័យ ដោយ​ការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ​អវត្តមាន​ទាំងនោះ មាន​នីតិវិធី​ងាយស្រួល និង​ឆាប់រហ័ស​ដោយ​ផ្តល់​សិទ្ធ​អំណាច​និង ការ​ទទួលខុសត្រូវ​ដល់​ប្រធាន​អង្គភាព​គ្រប់គ្រង​ផ្ទាល់​ក្នុង​ការ​គ្រប់គ្រង វត្តមាន​មន្ត្រី និង​ចាត់វិធានការ​អនុវត្ត​ទណ្ឌកម្ម​វិន័យ​ចំពោះ​អវត្តមាន​ដែល​ចាប់ពី​ការ​ស្តីបន្ទោស​រហូត​ដល់​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​ដោយ​ឆ្លងកាត់ ក្រុមប្រឹក្សាវិន័យ ។ ដើម្បី​អនុវត្ត​គោលការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព អង្គភាព​នានា​នៃ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ  និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​រៀបចំ​តារាង​កំណត់​ពេលវេលា​បម្រើសេវា​សាធារណៈ​របស់​ខ្លួន​ជូន​មន្ត្រីរាជការ​ស៊ី​វិល​ម្នាក់​ៗ​អោយ​បាន​ច្បាស់លាស់ មាន​លក្ខណៈ​បត់បែន​បាន ឆ្លើយ​តប​នឹង​និរន្ត​ភាព​សេវា​សាធារណៈ​របស់​អង្គភាព គិតគូរ​ពី​ស្ថានភាព​នៃ​ជីវភាព​រស់នៅ​នៃ​មន្ត្រីរាជការ​ម្នាក់​ៗ គោលការណ៍​បំពេញការងារ​ជូន​រដ្ឋ​អោយ​បាន​៤០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ និង​លទ្ធផល​ការងារ​ប្រៀបធៀប​នឹង​ពេលវេលា​ជាដើម​។

ជាមួយ​គ្នា​នេះ សេចក្តី​ព្រាង​អនុក្រឹត្យ បាន​តម្រូវ​ឲ្យ​មានការ​រៀបចំ​បញ្ជី​វត្តមាន និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ  និង​បង្កើត​ឲ្យ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ ដោយ​មិន​ជូនដំណឹង​ជា​មុន​ទាំង​ពេលវេលា​និង​ទីកន្លែង ។ បើ​តាម​អនុក្រឹត្យ​នេះ មន្ត្រីរាជការ​ទាំងឡាយ​ណា​ដែល​កំពុង​បម្រើ​ការងារ​ឲ្យ​វិស័យ​ឯកជន ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​កន្លែង​ការងារ​មួយ​ច្បាស់លាស់ ព្រោះ​មិន​អាច​គ្រាន់តែ​ទៅ​បង្ហាញមុខ ឬ​ចុះ​វត្តមាន​ត្រឡប់​មក​ផ្ទះ ឬ​ទៅ​បម្រើ​ការងារ​កន្លែង​ផ្សេង​បាន​ទេ ៕