កម្ពុជា​ចង់បាន​បទ​ពិសោធន៍​ផ្នែក​នីតិកម្ម​ពី​សាធារណរដ្ឋ​កូរ៉េ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​បំណង​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ទទួល​បទ​ពិសោធន៍​ផ្នែក​នីតិកម្ម​ពី​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ( IT ) ។ ការ​បង្ហាញ​នូវ​បំណង​នោះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមួយ​រដ្ឋមន្ត្រីក្រសួង​នីតិកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ ទទួល​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជុង ប៊ូ (Jeong –Boo ) រដ្ឋមន្ត្រីក្រសួង​នីតិកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា នៅ​វិមាន​សន្តិភាព ។

លោក សុខ អាន បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​ជួយ​ពិនិត្យ​ឡើង​វិញ​នូវ​ពង្រាង​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ទន្ទឹម​នោះ ដោយសារ​តែ​សាធារណរដ្ឋ​កូរ៉េ​ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ដែល​ពូកែ​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នោះ គ្រា​ដែល​បច្ចុប្បន្ន​វិស័យ​ព័ត៌មានវិទ្យា​អាច​ជួយ​សម្រួល​ការងារ​ផ្នែក​នីតិកម្ម​ខាង​ផ្លូវច្បាប់​នោះ កម្ពុជា​ចង់​សិក្សា​នឹង​ទទួល​បទ​ពិសោធន៍​ពី​សាធារណរដ្ឋ​កូរ៉េ​ទាក់ទង​កិច្ចការ​ខាងលើ ដើម្បី​ឱ្យ​កម្ពុជា​មានការ​រីក​ចម្រើន​ផ្នែក​គតិ​យុ​ត្ត​តាម​រយៈ​ការ​ប្រើប្រាស់​ព័ត៌មានវិទ្យា​។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​ក្រុមការងារ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ KOICA របស់​កូរ៉េ ដែល​មាន​វត្ត​មាននៅ​កម្ពុជា ដើម្បី​ឱ្យ​ផ្នែក​នីតិកម្ម​របស់​សាធារណរដ្ឋ​កូរ៉េ អាច​ធ្វើ​សហប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាមួយ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​កម្ពុជា​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ លើ​កិច្ច​សហប្រតិបត្តិការ វិស័យ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត សំខាន់​ការ​នាំ​ផ្លែស្វាយ​ពី​កម្ពុជា ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ខណៈ​ដែល​ភាគ​កូរ៉េ​ក៏​បាន​អះអាង និង​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផ្លែស្វាយ​របស់​កម្ពុជា​ទៅ​កាន់​កូរ៉េ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ៕