ខណៈ​នេះ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៌​កំពុង​ដឹកនាំ​ប្រជុំ​ករណី​ឃុំខ្លួន​រឿង​ទំនាស់​ដីធ្លី

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​ទីស្តីការក្រសួង​យុ​ត្តិ​ធម៌ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៨​មីនា​នេះ មាន​បើក​កិច្ចប្រជុំ​ស្តី​ពី​គោលការណ៍​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី ។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធម៌ អង្គ​វង្ស វ​ឌ្ឍា​នា និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង​មក​ពី​ទូ​ទាំង​ប្រទេស ។

ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​២​នាក់ តំណាង​ប្រជាពលរដ្ឋ​៦៥​គ្រួសារ ក្រោយ​ពេល​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​ចាប់​ឃុំខ្លួន​ពាក់​ព័​ន្ឋ​នឹង​ដី​ទំនាស់​៣៥០​ហិ​កតា ដែល​ពលរដ្ឋ​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ អះអាង​ថា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ ៕