ខឹង​ប្រពន្ធ​ជំទាស់​មិន​ឱ្យ​​លក់​ផ្ទះដុត​ឆេះហ្មត់​

​ខេត្ត​ឧត្តរមានជ័យ ៖ ​​អំពើ​ហិង្សា​​​​​​បាន​កើតឡើង​នៅ​ក្នុង​គ្រួសារ​មួយធ្វើ​ឲ្យ​អ្នក​ភូមិ​ហួសចិត្ត​នឹកស្មាន​មិន​ដល់ ​ដោយ​សារ​តែ​ប្តី​​ចង់​លក់​ផ្ទះ​ តែ​ប្រពន្ធ​​ជំទាស់​​មិន​ឱ្យ​លក់​​​ ប្តី​ខឹង​​ដុត​ផ្ទះ​​​​​​ឆេះ​អស់​ហ្មត់ ​កាលពី​វេលា​ម៉ោង​៧និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧​ ​មីនា ​២០១៦​ ​​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​តា​វ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ​។​

​​អ្នក​ភូមិ​​រស់​នៅ​ជិត​កន្លែង​កើតហេតុ​​បាន​រៀបរាប់​​​ថា កន្លង​មក​ ​គ្រួសារ​មួយ​​នេះ​តែងតែ​​​ឈ្លោះគ្នា​ជា​​ញឹកញាប់​​ ប្តី​ឈ្មោះ​ ញឹ​ល ប៊ុ​ន​ធឿ​ន ​ហៅ​យ៉​ន​ អាយុ​៣២​ឆ្នាំ ឯ​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​ គុណ អ៊ុ​ក​ អាយុ​៣០​ឆ្នាំ ជា​គ្រួសារ​ក្រីក្រ ​។​ ​រឿង​រ៉ាវ​ទាំង​ឡាយ​បណ្តាល​​មក​ពី​​ប្តី​​មានគំនិត​ចង់​លក់​ផ្ទះមួយ​ខ្នង​​ដែលកំពុង​រស់នៅ​សព្វ​ថ្ងៃ​ ​​ទំ​ហំ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ សង់​អំពី​ឈើ​ដំបូល​ប្រក់​​ស័​ង្កសី ក្នុង​តម្លៃ​១​លានរៀល​ តែ​​ស្ត្រី​​ជា​ប្រពន្ធ​​ជំទាស់​​មិន​ឱ្យ​លក់​ដោយ​និយាយ​ថា បើ​​លក់​ផ្ទះទៅ​ ​តើ​​កូន​ៗ​​ទៅ​រស់នៅ​ឯ​ណា​? ​ហើយ​លក់​ក្នុងតម្លៃ​ថោក​ទៀត ​ស្រាប់​តែ​ប្តី​​​ខឹង​ផ្ទុះ​ហិង្សា​ដុត​ផ្ទះ​ចោល​តែ​ម្តង​​​ រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

មន្ត្រី​​នគរ​​បាល​ប៉ុ​ស្គិ៍រដ្ឋបាល​ត្រពាំង​តា​វ ​បាន​ឲ្យ​ដឹង​ថា រឿង​រ៉ាវ​​ខាង​លើ បង្កឡើង​​​ដោយ​សារ​​ប្តី​ប្រើ​អំពើ​ហិ​ង្សា​​​ទៅ​លើ​ក្រុម​គ្រួសារ​ឈាន​ទៅ​​​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង ​​បណ្តាល​ឱ្យ​​ទ្រព្យ​សម្បត្តិ​​ដែល​មាន​បន្តិច​បន្តួច​ទាំង​ប៉ុន្មាន​នៅក្នុង​ផ្ទះ​​ ដូចជា​ ម៉ូតូ​១​គ្រឿង កង​១​គ្រឿង ​និង​សម្ភារ​ប្រើ​ប្រាស់​​​មួយ​ចំនួន​ទៀត ត្រូវ​រលាយ​​អស់​គ្មាន​សល់​​ដោយ​សារ​ស្នាដៃ​ប្តី​ចិត្ត​ឃោរ​ឃៅ​នេះ​​​ ​។​ ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី សមត្ថកិច្ច​​បាន​និង​​កំពុង​​​​​ស្រាវ​ជ្រាវ​តាម​រក​​ចាប់ខ្លួន​ជន​​បង្ក​រូប​​នេះ​​​យក​មក​​ផ្តន្ទាទោស​តាម​ច្បាប់ឱ្យ​ទាល់​តែ​បាន​ ៕