នគរបាល​ព្រំដែន​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​បណ្តា​ស្រុក​ជាប់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​ជួប​កង្វះខាត​ទឹក​ប្រើប្រាស់​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រោះតែ​ឆ្នាំ​កន្លង​មក​មាន​ភ្លៀង​ធ្លាក់​តឹ​ច​ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពុង​ជម្រុញ​ឲ្យ​ថ្នាក់​មូលដ្ឋាន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ខាងលើ​ជូន​ដល់​ពលរដ្ឋ​បានជា​បន្តបន្ទាប់ ។ ដោយឡែក​នៅ​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ រសៀល​ថ្ងៃ​ទី​18 ខែមីនា ឆ្នាំ​2016​នេះ​គេ​ឃើញ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​815 ប៉ុស្តិ៍​ចំបក់​ក៏​បាន​ជួល​គោ​យន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ផង​ដែរ​។​

លោក​សាន​សៃ​មេ​ប៉ុស្តិ៍​ចំបក់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​815​ប្រាប់​កោះសន្តិភាព​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុងភូមិ​ដែល​គ្រួសារ​ខ្លះ​ជា​ចាស់​ៗ​ជរា​មិន​អាច​ទៅ​រែក ឬ​ដងទឹក​ពី​ទី​ឆ្ងាយ​យក​ប្រើប្រាស់​ម្យ៉ាង​បច្ចុប្បន្ន​ទឹក​តាម​ត្រពាំង​បឹងបួ និង​ស្រះ​អ្នកស្រុក​មួយ​ចំនួន​រីង​ហួត​។ លោក​មេ​ប៉ុស្ដិ៍​បន្ត​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ពី​មេបញ្ជាការ​វរ​ពិសេស​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ឲ្យ​យកចិត្តទុកដាក់​ពិនិត្យ​មើល​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រាល់​ការ​ជួប​ការ​ខ្វះខាត​ទើប​ថ្ងៃនេះ​លោក និង​កម្លាំង​ក្រោម​ឱវាទ​បាន​ជួល​គោ​យន្ត​អ្នកស្រុក​ដឹក​ទឹក​ចែក​ជូន​គ្រួសារ​មួយ​ចំនួន​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ប្រើប្រាស់​។

លោក​មេ​ប៉ុស្តិ៍​បន្ត​ថា​នៅ​មានគ្រួសារ​មួយ​ចំនួន​ទៀត​កំពុង​ជួប​ការ​ខ្វះខាត​ដូច​គ្នា​ហើយ​លោក​នឹង​ដឹកនាំ​កម្លាំង​ជួល​គោ​យន្ត​អ្នកស្រុក​បន្ត​ជួយ​ដល់​អ្នក​ភូមិ​តាម​បទបញ្ជា​ថ្នាក់លើ​បន្ត​ទៀត​ចាប់ពី​ថ្ងៃស្អែក​៕