កិច្ចព្រមព្រៀង សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ ក្នុង​រមណីយដ្ឋាន​អង្គរ

ខេត្តសៀមរាប​៖ អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Camtower Link Communication Co.Ltd រៀបចំ​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ (Monopole Tree) ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ ។

ពិធី​នេះ​ធ្វើ​ឡើង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតី​លោក​បណ្ឌិត ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​ហត្ថលេខី ជាមួយ​ក្រុមហ៊ុន Camtower Link Communication Co.Ltd មាន​លោក MUHAMMED YUSOFF MOHD ZAMRI ប្រធាន​គ្រប់គ្រង​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​ជា​ហត្ថលេខី ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​ជា​ច្រើន​រូប​ទៀត​។

យោង​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​នឹង​ដំឡើង​បង្គោល​ដើមឈើ​សិប្បនិមិត្ត​ចំនួន​៦​ទីតាំង ដែល​អាច​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេង​ៗ បំពាក់​អង់​តែ​ន​របស់​ខ្លួន ដើម្បី​ផ្តល់​សេវា​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចាប់​ដំណើរ សកម្មភាព​របស់​ខ្លួន​បន្ទាប់​ពី​ថ្ងៃ ចុះហត្ថលេខា​នេះ​ទៅ ដែល​ត្រូវ​ចំណាយ​រយៈពេល​ប្រមាណ​៦​ខែ​ទើប​រួចរាល់​។ កន្លង​មក​មាន​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ចំនួន បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដំឡើង​អង់​តែ​ន​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួលយក​សំណើ​ដោយ​បាន​អញ្ជើញ​ក្រុមហ៊ុន​ទាំងនោះ មក​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ដើម្បី​ពិនិត្យ​រក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ផ្តល់​ទីតាំង​ចែកចាយ​សេវា​ត្រឹមត្រូវ​។

ក្រោយ​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មាន​លក្ខណៈ​បច្ចេកទេស និង​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ដំឡើង​និង​ចែកចាយ​ដោយ​ស្របច្បាប់ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លង​យោបល់​បច្ចេកទេស​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ និង​បង្កើត​ក្រុមការងារ​ចុះ​សិក្សា​លម្អិត​រហូត​សម្រេច​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ពេល​នេះ​។ បច្ចុប្បន្ន​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​សេវា​ទូរស័ព្ទ​តិចតួច ដែល​ធ្វើ​ឱ្យ​មាន​ភាព​លំបាក​ដល់​ការ​ទំនាក់ទំនង​។ មូលហេតុ​ដោយសារ កន្លង​មក​មិន​មាន​ក្រុមហ៊ុន​ណា​មាន​លក្ខណៈសម្បត្តិ និង​បច្ចេកទេស​គ្រប់គ្រាន់ ដើម្បី​ផ្តល់​សេវា​ចែកចាយ​ប្រព័ន្ធ​ទូរស័ព្ទ​ស្រប​តាម​តម្លៃ​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅឡើយ​។ ដោយឡែក​ក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិត​ច្នៃប្រឌិត​បង្កើត​ដើមឈើ​សិប្បនិមិត្ត​នេះ​ឡើង អាច​ផ្តល់​ការ​ចែកចាយ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេង​ៗ​បំពាក់​សេវា​របស់​ខ្លួន ជំនួស​ឱ្យ​ការ​សាងសង់​អង់​តែ​ន​គ្រប់​ក្រុមហ៊ុនទូរស័ព្ទ​ច្រើន​ស្អេកស្កះ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រប​តាម​គំនិត​ច្នៃប្រឌិត អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ ហើយ​ជា​ប្រភេទ​អង់​តែ​ន ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​រួច​មក​ហើយ គឺ​ក្នុង​ន័យ​ការពារ​ទេសភាព​វប្បធម៌ ស្រប​តាម​បទដ្ឋាន​របស់​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្រេច​ទទួលយក​គម្រោង​នេះ ដោយ​ចុះ​កិច្ចសន្យា​មិន​ផ្តាច់មុខ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សេវា​ទូរស័ព្ទ​ប្រើប្រាស់​ដូច​តំបន់​ដទៃ​ទៀត​ផង​ដែរ​៕