កុមារ​២​នាក់​បងប្អូន ខឹង​ឪពុកចុង​ រត់ចោល​ផ្ទះ​​

កុមារ​២​នាក់​បងប្អូន ខឹង​ឪពុកចុង​ រត់ចោល​ផ្ទះ​​



កំពង់ឆ្នាំង ៖ ​កុមារា​២​នាក់​ ម្នាក់​អាយុ​១៤​ឆ្នាំ​ ម្នាក់ទៀត​អាយុ​១២​ឆ្នាំ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​បាន ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​ជាតិ​លេខ​៥ មួយ​យប់​ទល់​ភ្លឺ មាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មកដល់​ភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង អស់កម្លាំង​ទៅមុខ​លែង​រួច នៅ​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ ដោយសារតែ​ខឹង​នឹង​ឪពុកចុង​វាយ​ធ្វើបាប ហើ​យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ ឲ្យ​បាយទឹក​ហូប និង​ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​។
​ ​
មន្ត្រី​នគរបាល​មូលដ្ឋាន​ឃុំ​ចក បាន​ឲ្យ​ដឹង​ថា​ កុមារា​ទាំង​២​នាក់​គឺ ម្នាក់​ឈ្មោះ អ៊ី រក្សា អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ ចាន់ សំបាន ហៅ​លន និង​ម្នាក់ទៀត ​ឈ្មោះ រិ​ន អាយុ​១២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ រ៉េត​ ពួក​ទាំងពីរ​នាក់​មាន​ទី​លំនៅ ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

កុមារ​ទាំងពីរ​នាក់​បាន​និយាយប្រាប់​សមត្ថកិច្ច​នគរបាល​ឃុំ​ចក​ថា​ មូលហេតុ ដែល​ពួកគេ​ទាំង​២នាក់​រត់​ចោល​ផ្ទះ​គឺ​មកពី​ខឹង​នឹង​ឪពុកចុង​ខ្លួន វាយ​ធ្វើបាប​ខ្លាំងពេក គឺ​ចង់​ធ្វើដំណើរ​ទៅ​ភ្នំពេញ​រក​ការងារ​ធ្វើ។​

រឿង​នេះ​សមត្ថកិច្ច​មិនទាន់​ជឿ​សម្ដី​​ក្មេង​ទាំង​២​នាក់​នៅឡើយ​ទេ ព្រោះ​អាច​ថា ​ជា​រប៉ិលរប៉ូច​ដែល​មិន​ស្តាប់​ឪពុកម្ដាយ​ក៏​ថា​បាន ហើយ​ពេលនេះ កំពុង​ត្រូវ​បាន លោក ស្រី ភារ​ម្យ ក្រុម​ប្រឹក្សា​ឃុំ​ចក​ឲ្យ​ស្នា​ក់​នៅ​បណ្ដោះអាសន្ន។

កុមារ​ទាំង​២​នាក់​ បាន​ប្រាប់​លោកស្រី​ក្រុម​ប្រឹក្សា​ឃុំ​ចក​ថា​ បើ​ឲ្យ​ពួកគេ​ទៅ​នៅ​មណ្ឌល​កុមារ​កំព្រា​គឺ​មិន​ទៅ​ទេ សុខចិត្ត​ដើរ​បន្ត​ទៅផ្ទះ​យាយ​ពួកគេ នៅ​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ តែបើ​ឲ្យ​ទៅ​នៅ​វត្ត​ជា​មួ​យ​ព្រះសង្ឃ ក៏​សុខចិត្ត​ដែរ។

​រឿងរ៉ាវ​របស់​កុមារ​ទាំង​២​នាក់​នេះ គឺជា​សេចក្ដីជូនដំណឹង​មួយ​ដល់​ក្រុម​គ្រួសារ​ផង​ដែរ ហើយ​នៅ​ក្នុ​ង​រឿង​នេះ អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្រុក​បរិបូណ៌ ស្នើសុំ​ដល់ អាជ្ញាធរ ភូមិ-ឃុំ ស្រុក​ក្រគរ ដែល​កុមារ​ទាំង​២​រស់នៅ សូម​ជួយ​ស្រាវជ្រាវ​ផង​ថា ​តើ​ឪពុកម្ដាយ​ពួកគេ​បាន​វាយ​ធ្វើបាប ដូចដែល​ពួកគេ​បាន​និ​យាយ​មែនដែរ​ឬ​អត់ ហើយ​យ៉ាងណាៗ​ក្រុម​គ្រួសារ​អាច​មក​ទំនាក់ទំនង​ជាមួយ​ជាមួយ​អាជ្ញាធរ​ឃុំ​ច​ក ស្រុក​បរិបូណ៌ ដើម្បី​ទទួលយក​កុមារ​ទាំង​២​នេះ​ត្រឡប់​ទៅវិញ​៕