ជប៉ុន ​ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់​សរុប ៣៦៧,៣១៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៥​ នៅ​កម្ពុជា​

ជប៉ុន ​ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់​សរុប ៣៦៧,៣១៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៥​ នៅ​កម្ពុជា​



​ភ្នំពេញ​ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់​សរុប ៣៦៧,៣១៣ ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៥​នៅ​កម្ពុជា​។​

កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ ខែ​មីនា​​នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​កម្ពុជា ក្នុងនាម​រាជ​រដ្ឋា​ភិ​បាល​ជប៉ុន ជាមួយ​ លោក ​ហន ឆន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ លោក ស៊ីវ សុខន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ ខេត្តតាកែវ លោក ជូ សេរី​យា អនុប្រធាន​មន្ទីរអប់រំ យុវ​ជ​ន និង​កីឡា​ ខេត្តកោះកុង លោក វេជ្ជបណ្ឌិត ហែម សា​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តតាកែវ និង​លោក​វេជ្ជបណ្ឌិត​គ្លីនិក វ៉ូ​ន នាយក​អង្គការ​សុខភាព​ត្រចៀក​នៅ​កម្ពុជា​។​

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ថា កិច្ចសន្យា​ផ្តល់​ជំនួយ​ចំនួន​៥​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​។ គឺ​គម្រោង​ទី១ ដែល​មាន​ថវិកា ៨៨,៩៤៨​ដុល្លារ​អា​មេ​រិក សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​សាលាបឋមសិក្សា​ស្រយង់ ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ​។ គម្រោង​ទី​២ ដែល​មាន​ថវិកា​ចំនួន​ ៦៦,៤៤៦​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាង​សង់​អគារសិក្សា​មួយ​ខ្នង​នៅក្នុង​អនុវិទ្យាល័យ​អង្គ​បុរី ស្រុក​អង្គ​បុរី ខេត្តតាកែវ​។ គម្រោង​ទី៣ ដែល​មាន​ថវិកា​ចំនួន ៨៨,១៩០​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​អគារសិក្សា២ខ្នង នៅ​សាលា​ប​ឋម​សិក្សា​ព្រែក​ស្ទឹង និង​សាលាបឋមសិក្សា​វាល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ គម្រោង​ទី៤ ដែល​មាន​ថវិកា​ចំនួន ៦៥,២១៥​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បំពាក់​ឧបករណ៍​ពេទ្យ នៅ​មន្ទីរ​ពេទ្យ​បង្អែ​ក​អង្គរកា ក្នុង​ខេត្តតាកែវ​។ គម្រោង​ទី​៥ ដែល​មាន​ទឹកប្រាក់​ចំនួន ៥៨,៥៤១​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ឯកទេស នៅ​គ្លីនិក​អង្គការ​សុខភាព​ត្រចៀក​នៅ​កម្ពុជា​ប្រចាំ ​ខេត្ត​សៀមរាប​។​

លោក​ឯកអគ្គរាជទូត​ជប៉ុន​រូប​នេះ​បាន​បញ្ជាក់​ថា គម្រោង​ទាំង៥ ដែល​ទើប​ចុះហត្ថលេខា​នា​ពេល​នេះ មាន​គោលបំណង​ ដើម្បី​កែលំអ​បរិស្ថាន​អប់រំ សម្រាប់​សិស្សានុសិស្ស និង​គ្រូបង្រៀន ព្រមទាំង​ផ្តល់​ជូន​នូវ​គុណភាព​ខ្ពស់​នៃ​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​គម្រោង​នី​មួយៗ​។​

តំណាង​ឲ្យ​ស្ថាប័ន​ទទួល​ជំនួយ​នីមួយៗ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិ​បាល និង​ប្រជាជន​ជប៉ុន តាមរយៈ​លោក ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ដែល​បាន​ផ្តល់​ជំនួយ​ឥត​សំណង​នៃ​គម្រោង​គូ​សាណូ​ណិ សម្រាប់​បម្រើ​ឲ្យ​ការងារ​អភិវឌ្ឍន៍​គម្រោង​ទាំង៥ខាង​លើ​នេះ​ថា ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​គម្រោង​នេះ​នឹង​យក​ថវិកា​ទៅ​ប្រើ​ប្រាស់​ឲ្យ​ត្រូវ​តាម​គោលដៅ​របស់​គ​ម្រោង ជាពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​សំណង់​អគារសិក្សា និង​សម្ភារៈ​សង្ហារិម​មាន​គុណភាព ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​កុមារ​បាន​យូរ​អង្វែង ក៏ដូចជា​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​ជូន​ប្រជា​ជ​ន​កម្ពុជា​គ្រប់រូប​ផង​ដែរ​៕

ជប៉ុន ​ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់​សរុប ៣៦៧,៣១៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៥​ នៅ​កម្ពុជា​

ជប៉ុន ​ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់​សរុប ៣៦៧,៣១៣​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៥​ នៅ​កម្ពុជា​