ឃាត់ខ្លួន​មនុស្ស​៣​នាក់ ​រួម​នឹង​ថ្នាំញៀន​៦​កញ្ចប់

ឃាត់ខ្លួន​មនុស្ស​៣​នាក់ ​រួម​នឹង​ថ្នាំញៀន​៦​កញ្ចប់



ព្រះសីហនុ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ និង​ចែកចាយ​ថ្នាំ​ញៀន​ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឆ្មក់​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់​ខ្លួន ​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ និង​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន​មុខ​ទៀត​។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ដូច​ភ្លៀង​រលឹម​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​១៧​និង​២០​នាទី ថ្ងៃ​ទី​១៨​ខែ​មីនា ឆ្នាំ​២០១៦​ នៅ​ចំណុច​ម្តុំ​មុខ​ស្រា​បៀ​អង្គរ​ ស្ថិត​ក្នុង​ក្រុម​៨ ​ភូមិ​៣ សង្កាត់​១ ក្រុង/ខេត្ត​ព្រះ​សីហនុ​។

លោក​ឧត្ដមសេនីយ៍ ហេង​ ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ​រួមមាន ៖
១/-ឈ្មោះ ចាន់ សារឿន ហៅ​ទូច ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ឡាន ​មាន​ទីលំនៅ​ក្រុម​៨ ភូមិ​៣ សង្កាត់​១ ​ក្រុង/ខេត្ត​ព្រះសីហនុ។ ២/​ឈ្មោះ ចាន់ សារ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ក្រុម​១២ ភូមិ១ សង្កាត់​១ ក្រុង/ខេត្ត​ព្រះសីហនុ​។ ​និង​ទី​៣/​ឈ្មោះ ​ប៉ែន ហាវ​ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ឡាន​ មាន​ទីលំនៅ​ក្រុម​៨ ភូមិ​៣ សង្កាត់១ ក្រុង/ខេត្ត​ព្រះសីហនុ។

ចំណែក​វត្ថុតាង​ដកហូត​បាន​រួមមាន ១​-ម្សៅ​ស​ថ្លា​ចំនួន​៦​កញ្ចប់ ទម្ងន់​ស្មើ​នឹង​៣,៧​ក្រាម ថ្លឹង​គិត​ទាំង​សំបក​។ ២-​ដប​ជក់​ចំនួន​២។ ៣-​ដែកកេះ​ចំនួន១។ ៤-​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​។ ៥-​ប្រាក់​រៀល​ចំនួន​១០០,០០០​រៀល​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ រួមទាំង​វត្ថុតាង​ ត្រូវ​បាន​នាំមក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ត​៕
ឃាត់ខ្លួន​មនុស្ស​៣​នាក់ ​រួម​នឹង​ថ្នាំញៀន​៦​កញ្ចប់