អូរ​តាវៅ ទឹកដី​ត្បូង​ពេជ្រ​

6 Videos


​អូរ​តាវៅ ជា​ទឹកជ្រោះ​ធម្មជាតិ​មួយ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​ខេត្ត​ប៉ៃលិន​តាំងពីយូរយារ​ណាស់​មកហើយ​និង​បានទទួល​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិដែល​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ ។ ទឹកធ្លាក់​អូរ​តាវៅ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​មួយ​ទៀតថា «​ទឹកធ្លាក់​ភ្នំ​ខៀវ​»​ហើយ​អ្នកធ្វើដំណើរ​ទាំងឡាយ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​តែងតែ​ជាប់ចិត្តជាមួយនឹង​សម្រស់​ធម្មជាតិ​នៅតាម​ដងផ្លូវ ។​

អូរ​តាវៅ ទឹកដី​ត្បូង​ពេជ្រ​

M88


​លោក ហុង ឌុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា​សម្រស់​ព្រៃឈើ​ទាំងនេះមិនមែនជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ​ទេ​តាមពិតទៅ​គោលបំណង​សំខាន់​របស់គាត់​មក​ទីនេះ​គឺ​ដើម្បី​ទៅកាន់​ទឹកជ្រោះ​មួយកន្លែង​ដែល​ប្រជាជនក្នុង​តំបន់​នោះ​ហៅ​ឈ្មោះថា​«​ទឹកជ្រោះ​អូរ​តាវៅ​» ។

​ជ្រោះ​អូរ​តាវៅ​នេះ​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​អូរ​តាវៅក្នុង​ខណ្ឌ​ប៉ៃលិនចម្ងាយ​ប្រមាណ​ជា ៦ គីឡូម៉ែត្រ ពី​ក្រុងប៉ៃលិន ប៉ុណ្ណោះ ។ ថ្វីដ្បិតតែ​ទឹកជ្រោះ​មួយ​នេះ​ពុំ​សូវ​មានកេរ្តិ៍ឈ្មោះល្បី​រន្ទឺ​ដូច​រមណីយដ្ឋាន​គិរី​រម្យ​ក្នុង​ខេត្តកំពង់ស្ពឺ​ក្តី​ក៏​រមណីយដ្ឋាន​មួយ​នេះ​គឺជា​កន្លែង​ដែលមនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី​មកពី​ខេត្តបាត់ដំបង ប៉ៃលិនឬអាណិកជននិងជនបរទេសដែល​មកលេង​ស្រុក​ខ្មែរ​ម្តងម្កាល​ក៏​និយម​មក​កម្សាន្ត​នៅទីនេះ​ដែរ ។

អូរ​តាវៅ ទឹកដី​ត្បូង​ពេជ្រ​

​បើ​គេ​ធ្វើដំណើរ​ចេញពី​ក្រុងប៉ៃលិន​ដោយ​រថយន្ត​ក្តីឬម៉ូតូ​ក្តីគេ​នឹង​ទៅដល់​ទីនោះ​ក្នុង រយៈពេល​ប្រហែល ២០ នាទី​ប៉ុណ្ណោះ ។ ផ្លូវ​ឡើងទៅ​កាន់​ទីនោះ​មិនមាន​ការលំបាក​អ្វី​ទេថែមទាំង​មាន​ដើមឈើ​ជាច្រើន​ផ្តល់​ម្លប់​ត្រឈឹងត្រឈៃ​ទៀតផង ។ អម​តាម​ដងផ្លូវ​ទៅកាន់​ទឹកធ្លាក់​អូរ​តាវៅ​អ្នកដំណើរ​ទាំងឡាយ​នឹង​ប្រទះឃើញ​ផ្កាឈើ​ព្រៃ​រីក​ស្គុសស្គាយនិងចោលក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ ។ យូរៗ​ម្តង​គេ​ក៏​ប្រទះឃើញ​សត្វ​កំប្រុក ស្ការ ឬ មាន់ព្រៃរត់​កាត់​ពីមុខ​អ្នកដំណើរ​ទាំងនោះ​ដែរ ប៉ុន្តែ​ទិដ្ឋភាព​ទាំង​ប៉ុន្មាន នេះ​មិនមែនជា​អ្វីដែលគេ​បាន​ប៉ង​មកពី​ផ្ទះ​នោះទេទឹកធ្លាក់​អូរ​តាវៅទើបជា​គោលដៅ​របស់​ភ្ញៀវទេសចរ​ទាំងនោះ ។

​នៅពេល​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅជិត​ដល់​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តាវៅភ្ញៀវទេសចរ​ទាំងឡាយ នឹង​បានឮ​សំឡេង​ទឹកធ្លាក់​លាន់​ចេញពី​ក្នុង​ជ្រលង​ជ្រោះ​នៅ​ខាងស្តាំ​ដៃ​នោះ​ជាពុំខាន ។ ពេលទៅ ដល់​គេ​នឹង​បានឃើញ​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ​ដ៏​វែង​អន្លាយ​និង​ហូរ​ទាំងថ្ងៃទាំងយប់ឥត​ឈប់ ។ នៅតាម​ដំណាក់​ជ្រោះ​នីមួយៗ​តែងតែមាន​ថ្លុក​ទឹក​តូចធំ​ដែល​អាចឱ្យ​អ្នកដំណើរ​ហែល​លេងឬអង្គុយ​ត្រាំ​ក្នុង ទឹក​នោះ ។ នៅ​កន្លែង​ទឹក​ហូរ​ខ្លះ​យុវជន​តែងតែលេង​រំអិល​ខ្លួន​លើ​ផ្ទាំង​ថ្ម​តាមចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន ។

អូរ​តាវៅ ទឹកដី​ត្បូង​ពេជ្រ​

​នៅ​ទីនោះ​ក៏មាន​ភោជនីយដ្ឋាន​ដែល​សង់​ក្បែរ​មាត់ជ្រោះ​សម្រាប់​ភ្ញៀវទេសចរ​អាចអង្គុយ​ទទួលទាន​អាហារ​គយគន់​ទឹកធ្លាក់​និង​ផ្កា​ព្រៃ​នានា ប៉ុន្តែ​ជាទូទៅ​អ្នកដំណើរដែល​មកជា​លក្ខណៈ​គ្រួសារ​តែងតែ​យក​អាហារ​មកពី​ផ្ទះ​អង្គុយ​ទទួលទាន​លើ​ផ្ទាំង​ថ្ម​ធំៗក្រោម​ម្លប់ឈើ​ដ៏​ត្រឈឹងត្រឈៃ ។ ថ្វីដ្បិតតែ​ទឹកធ្លាក់​អូរ​តាវៅ​ពុំ​សូវ​មានឈ្មោះ​បោះ​សំឡេង​ក្តីដំណើរ​កម្សាន្ត​មកកាន់​ទីនេះ​ពុំមែន​អត់​ប្រយោជន៍​នោះទេ ។ ក្រៅពី​បាន​ទស្សនា​ភ្នំ​ខៀវដ៏​វែង​អន្លាយ​ផ្កាឈើ​ព្រៃ​ដ៏​សម្បូរបែប​និង​ទឹកធ្លាក់​ដ៏​ត្រជាក់​ដល់​ក្រអៅបេះដូង​ភ្ញៀវទេសចរនឹង​បាន​ស្គាល់​អូរ​តាវៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​ចារ​ក្នុង​បទ​ចម្រៀងនា​សម័យ​ទសវត្សរ៍​ឆ្នាំ ១៩៧០ ។​

​ជាមួយគ្នានេះ ភ្ញៀវទេសចរ​ជាតិ​មួយចំនួន​ដែល​បានធ្វើ​ដំណើរ​ទៅលេង​កម្សាន្ត​នៅទី​រមណីយដ្ឋាន​ទឹកជ្រោះ​អូរ​តាវៅ បាននាំគ្នា​និយាយ​រិះគន់ថាអ្នក​ដែល​បានទទួល​សិទ្ធិអភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​បាន​កំពុងតែ​ដំឡើងថ្លៃ​សំបុត្រ​ចូលទៅ​ទស្សនាដូចជា​សំបុត្រ​សម្រាប់​ជនបរទេស​ក្នុង​ម្នាក់​ត្រូវ​បង់ ១ ដុល្លារ ម៉ូតូ​មួយគ្រឿង ៣.០០០ រៀល រថយន្ត​ធុន​តូច​តម្លៃ ១០.០០០ រៀលនិង រថយន្ត​ធុន​ធំ​មានតម្លៃ ២០.០០០ រៀល ។​

​តាម​សេចក្តីរាយការណ៍​ពី​ភ្ញៀវទេសចរ​ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅលេង​កម្សាន្តនៅ​រមណីយដ្ឋាន​អូរ​តាវៅ​នេះ​បាន​និយាយ​រិះគន់​ទៀតថា បន្ទាប់ពី​ការកំណត់​យក​តម្លៃយានយន្ត​ថ្លៃ​កប់​ពពកការលក់ដូរ​ម្ហូបអាហា​រ​នៅក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​អូរ​តាវៅ​នេះ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរដែល​ធ្វើឱ្យ​ពួកគាត់​ទៅលេង​ម្តងហើយលែង​ចង់​ទៅលេង​ម្តងទៀត ។​

​ប្រភព​ខាងលើនេះ​បានលើកឡើង​ទៀតថាប្រទេស​កម្ពុជា​យើង​ជា​ដែនដី​សុវណ្ណ​ភូមិសម្បូរ​ទៅដោយ​ធនធានធម្មជាតិ មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​រាប់មិនអស់មាន​ទាំងរមណីយដ្ឋាន​កែច្នៃនិង រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ។ ដូច្នេះហើយ​ទើប​ពួកគាត់​សូម​ស្នើ​សុំឱ្យ​អាជ្ញាធរមន្ទីរ​ពាក់ព័ន្ធជាពិសេស​មន្ទីរ​ទេសច​រណ៍​ខេត្ត​ប៉ៃលិន​ដែលជា​ម៉ែឪ និង ជា​អ្នកមាន​សិទ្ធិក្នុងការ​កែប្រែ​តំបន់​រមណីយដ្ឋាន​អូរ​តាវៅ​នេះសូម​ចុះទៅ​ណែនាំ​ម្ចាស់​អាជីវកម្ម​ដែល បានទទួល​សិទ្ធិ​វិនិយោគ​ត្រូវ​កំណត់​តម្លៃ​ឱ្យបាន​ច្បាស់លាស់​ទៅតាម​សៀវភៅ​បន្ទុក​ស្រប តាម​ពាក្យស្លោក «​រមណីយដ្ឋាន​ស្អាត សេវា​ល្អ តម្លៃ​សមរម្យ»ដើម្បី​ជាការ​ទាក់ទាញភ្ញៀវទេសចរ​កាន់តែច្រើន​មកលេង​តំបន់​ទេសចរណ៍​អូរ​តាវៅ​នេះ ។​

​តំបន់​ទេសចរណ៍​ទឹកជ្រោះ​អូរ​តាវៅ​ត្រូវបាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៥ ហើយ​ចាប់តាំងពី​ពេល​នោះមក​ទឹកជ្រោះ​អូរ​តាវៅ​បានប្រែក្លាយ ទៅជា​កន្លែង​កម្សាន្ត មួយ​ដ៏​ល្បីល្បាញ​សម្រាប់​ទឹកដី​ត្បូង​ពេជ្រ​នេះ ។ ទឹកជ្រោះ​អូរ​តាវៅ មានទឹក​ហូរ​ធ្លាក់​លើ​ផ្ទាំង ថ្មដា​ចំនួន ៧ ដំណាក់ ថ្លា​ត្រជាក់ស្រេង និង លាតសន្ធឹង​ប្រវែង ជាង​ពីរ​គីឡូម៉ែត្រដែល​អាច​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុងការ​ងូត​លេងកម្សាន្ត​ប្រកបដោយភាពសប្បាយ​រីករាយ ៕ នឿន​