តើ ឡៅ ចន្ទ្រា ឬ សូត្រ ប៊ុនធី ជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​​​ប្រាក់​៥០០០​ដុល្លារ?

អ្នក​ប្រដាល់ជើង​ខ្លាំង ឡៅ ចន្ទ្រា និង សូត្រ ប៊ុនធី កំពុង​តែ​បង្កើត​នូវ​ការ​ជឿ​ជាក់​រៀងៗ​ខ្លួន សម្រាប់​ការ​ប្រឈមមុខ​​ដាក់​គ្នា នៅ​ក្នុង​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍​​សមរភូមិ​អ្នក​ប្រយុទ្ធ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន PNN នា​ល្ងាច​ថ្ងៃសៅរ៍​នេះ ខណៈ​ជើង​ខ្លាំង​ឡាវ និង​ថៃ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣។

boxing-kh-chntrwaមុននឹង​​វិវឌ្ឍ​ខ្លួន​មក​ជា​អ្នក​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​នៅ​ពេល​នេះ សិស្ស​គណ​ក្លិប​បក្សី​ស្លាប​ដែក សូត្រ ប៊ុនធី និង ឡៅ ចន្ទ្រា របស់​ក្លិប​កង​ពល​តូចឆត្រ​យោង​៩១១ ធ្លាប់​បាន​ជួប​គ្នា​ចំនួន​៣​ដងហើយ កាល​ពីពួក​គេ នៅ​មាន​ទម្ងន់​ក្រោម​៦០​គីឡូ​ក្រាម ប៉ុន្តែ សូត្រ ប៊ុនធី បាន​ចាញ់ ឡៅ ចន្ទ្រា ទាំង​៣​លើក​តែ​ម្តង គឺ​ចាញ់​ដោយ​សន្លប់​២​ដង និងចាញ់​ដោយ​ពិន្ទុ​២​ដង។ យ៉ាង​ណា​មិញ សម្រាប់​ការ​វិល​មក​ជួប​គ្នា ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដ៏​សំខាន់​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ សូត្រ ប៊ុនធី ឬ ឡៅ ចន្ទ្រា ដែល​ជាម្ចាស់​ខ្សែ​ក្រវាត់ អម​ដោយ​ទឹក​ប្រាក់​៥០០០​ដុល្លារ​នោះ​ទេ? ព្រោះពេល​នេះ​អ្នក​ទាំង​២​មាន​កម្រិត​វិជ្ជាគុន​រីក​ចម្រើន​ខ្លាំង​ដូច​គ្នា ខណៈ​អ្នក​ចាញ់​បាន​ប្រាក់​រង្វាន់​ត្រឹម​៣០០០​ដុល្លារ​ទេ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​តាម​ដាន​ការ​ប្រកួត​នេះភាគ​ច្រើន បាន​ផ្តល់​ការ​ជឿ​ជាក់​ទៅ​លើ ឡៅ ចន្ទ្រា ច្រើន​ជាង ព្រោះក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​​ក្រវាត់​នេះ ចន្ទ្រា បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ព្រោះ​គេ​វាយ​ចេញ​បាន​ល្អ​គ្រប់​ស្នៀត ខណៈ ប៊ុនធី បានឈ្នះ​៣​ដង និង​ចាញ់​ពិន្ទុ​កីឡាករ​ឡាវ Ha Chhlam ក្នុង​វគ្គ​ជម្រុះ មុន​ពេល​ឈ្នះ​ឡាវ​ម្នាក់​នេះ​វិញ​ក្នុងការ​ប្រកួតពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទាំង​ចម្រូង​ចម្រាស់​គឺឈ្នះ​ដោយ​ការ​ស៊ីឡាក់​នោះ។ ប៉ុន្តែ លោក សួន ប៊ុនសូត្រ ដែល​ជា​ឪពុក និង​ជា​គ្រូ​បង្វឹក​របស់ សូត្រ ប៊ុនធី បាន​និយាយ​​ថា៖​«សូត្រ ប៊ុនធី ខ្លួន​គេ​ផ្ទាល់​មាន​សង្ឃឹម​ឈ្នះ ឡៅ ចន្ទ្រា រហូត​ដល់​១០០​ភាគ​រយ ហើយ​ខ្ញុំ​ក៏​មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​​វា​ដែរ ព្រោះ​វា​ខំ​ប្រឹង​ហ្វឹក​ហាត់​ខ្លាំង​ណាស់ ហើយ​ប៊ុនធី នឹង​ប្រើ​ស្នៀត​ធាក់ និង​វាយ​កែង ដើម្បី​យក​ប្រៀប​លើ ឡៅ ចន្ទ្រា»។

ចំណែក ​លោក ហង្ស ស៊ឺន គ្រូ​បង្វឹក​របស់ ឡៅ ចន្ទ្រា បាន​និយាយ​ថា៖​«​​វា​មិនមាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​យើង​បាន​ដឹង​ក្បាច់​របស់​គេ​អស់​ទៅ​ហើយ ប៉ុន្តែ​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​មិន​ដែល​ហ៊ាន​សង្ឃឹម​លើ​សិស្ស​ខ្លួន​ឯង​រហូត​ដល់​១០០​ភាគ​រយ​នោះ​ទេ គឺ​ត្រឹម​តែ​៨០​ភាគ​រយ​វាច្រើន​ពេក​ទៅ​ហើយ ព្រោះ​ការ​ប្រកួតគ្នា វា​ដូច​បាល់​មូល​អ៊ឹចឹង​ដែរ»។ លោក​បាន​បញ្ជាក់​ថា៖​«ក្បាច់​ខ្មែរ​យើងមាន​គ្រោះ​ថ្នាក់​ណាស់ ដែល​យើង​អាច​នឹង​សន្លប់​បាន បើសិន​យើងមានការ​ប្រហែស ឬ​​ភ្លាត់​បាន ហេតុនេះ​យើងមិន​អាច​មើល​ស្រាល​លើ​គូ​​ប្រកួត​បាន​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ជឿ​ជាក់ខ្លាំង​ទៅ​​លើ ឡៅ ចន្ទ្រា។ ខ្ញុំ​បារម្ភ​តែ​ម្យ៉ាង​គត់ គឺ​ខ្លាច​គេ​ឈ្នះ​យើង​ដោយ​កាល​ដូច​កាល​គេ​ឈ្នះ​កីឡាករ​ឡាវ ក្នុង​ការ​ប្រកួតពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ»។

គួរ​បញ្ជាក់​ថា សូត្រ ប៊ុនធី បាន​ឈ្នះ​កីឡាករ​ឡាវ Ha Chhlam ទាំង​ចម្រូងចម្រាស​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ គឺ ប៊ុនធី ត្រូវ​បាន​អាជ្ញាកណ្តាល និង​ប្រធាន​គណៈ​វិនិច្ឆ័យ​សម្រេច​ឲ្យ​ឈ្នះ ​Ha Chhlam ក្នុង​ទឹក​ទី​៣ ខណៈ​ឡាវ​ម្នាក់​នេះ បាន​ជ្រុល​វាយ​កែង​ថែម​ចំថ្គាម​ខុស​លក្ខខ័ណ្ឌ​ប្រកួត គឺ​វាយ​ថែម​ស្រប​ពេល​ សូត្រ ប៊ុនធី ដួល និង​​ស្រប​ពេល​​អាជ្ញាកណ្តាល​បាន​ឃាត់​ទៅហើយ​នោះ។ នេះ​ជា​អ្វី​ដែល​លោក ហង្ស ស៊ឺន មាន​ការ​បារម្ភ ខ្លាច​ក្រែង ឡៅ ចន្ទ្រា ជ្រុល​ដៃ​ដែរ​នោះ ដោយ​លោក​បាន​លើកឡើង​ថា ការ​វាយ​គ្នា​យើងមើល​មិន​ឃើញ​នោះ​ទេ គឺ​អ្វីៗ​ក៏​អាច​កើត​មាន​ឡើង​ដែរ ទោះ​បី​ជា​យើង​គ្នា​បំណង​ធ្វើ​បែប​នោះ​ក៏​ដោយ។ នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ កីឡាករ Ha Chhlam ដែល​មិនពេគ​ចិត្ត​និង​ការ​សម្រេច​ឲ្យ​ចាញ់ សូត្រ ប៊ុនធី នោះ ត្រូវ​ប្រកួតដណ្តើម​យក​លេខ​៣​ជាមួយ​អ្នក​ប្រដាល់​ថៃ Sam A ខណៈ Sam A បាន​ចាញ់ ឡៅ ចន្ទ្រា ដោយ​ពិន្ទុ​ដាច់​ ទាំង​ការ​ប្រកួត​ជម្រុះ និង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕