ហេតុ​អ្វី​បាន​ជា​ បារាំង ក្លាយ​ជា​ប្រទេស ទី១ នៃ​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម?

ក្រុម​អ្នក​ជំនាញ​ខាង​ភេរវកម្ម​ជា​ច្រើន​មិន​បាន​ភ្ញាក់​ផ្អើល​ឡើយ​ នៅ​ពេល​ពួក​ភេរវជន​រដ្ឋ​ឥស្លាម​បាន​វាយ​ប្រហារ​ទីក្រុង ប៉ារីស បណ្តាល​ឲ្យ​មនុស្ស ១៣០ នាក់​ស្លាប់ និង ច្រើន​រយ​នាក់​រង​របួស​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ លោក John Schindler អ្នក​ជំនាញ​ខាង​សរសេរ​អត្ថបទ​សន្តិសុខ​ជាតិ​ឲ្យ​សារព័ត៌មាន The New York Observer បាន​សរសេរ​នៅ​លើ​គណនេយ្យ​ Twitter របស់​លោក​ថា​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​នៅ ប៉ារីស ពួក​ជ្រុល​និយម ជីហាត (Jihadists) រួម​ជា​មួយ​ក្រុម​ភេរវជន​មួយ​ក្រុម​តូច​ក្នុង​ប្រទេស​តំបន់​បាល់កង់ គឺ​ពួក​គេ​បាន​វាយ​ប្រហារ ប៉ារីស តាំង​ពី​ឆ្នាំ ១៩៩៥ មក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ផ្អើល​ឡើយ។

 

ភេរវជន Salah Abdeslam ជា​មេខ្លោង​សំខាន់​បំផុត​ដែល​អឺរ៉ុប​តាម​ប្រមាញ់​បំផុត​ ដែល​ជាប់​ទាក់​ទង​នឹង​ការ​វាយប្រហារ​ បាន​រង​របួស និង ត្រូវ​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​វាយ​ឆ្មក់​ ក្នុង​សង្កាត់ Bolenbeek ក្នុង​ទីក្រុង ប្រ៊ុចសែល កាល​ពី​រៀល​ថ្ងៃ​សុក​កន្លង​ទៅ។ ក្រុម ISIS ឬ​ហៅ​ថា​ក្រុម​អង្គការ​រដ្ឋ​ឥស្លាម បាន​ហៅ​ ប៉ារីស ថា​ ជា​រដ្ឋធានី​ពេស្យាចារ​ នឹង​រដ្ឋធានី​អសីលធម៌​ នៅ​ពេល​ដែល​ក្រុម​នេះ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​នៃ​ការ​វាយប្រហារ​នេះ​នៅ​ចុង​ឆ្នាំ​ ២០១៥។ ក្រុម​ភេរវជន​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ ប្រទេស បារាំង និង​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ដើរ​តាម​លំនាំ​បារាំង​ គឺ​សុទ្ធ​តែ​ជា​គោលដៅ​សំខាន់​របស់​ខ្លួន ក្នុង​ការ​វាយ​ប្រហារ។

 

នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​បើក​ប្រតិបត្តិការ​ដែន​អាកាស​ជា​លើក​ដំបូង​ ដើម្បី​វាយ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម នៅ​ស៊ីរី ដោយ​ចាប់​ផ្តើម​តាំង​ពី​ចុង​ខែ​ កញ្ញា ឆ្នាំ ២០១៥​កន្លង​ទៅ។ បើ​តាម​សាក្សី នៅ​រោង​មហោស្រព Bataclan ថ្លែង​ថា​ ខ្មាន់​កាំ​ភ្លើង​ បាន​ស្រែក​ជា​ភាសា​បារាំង​ថា នេះ​ជា​ការ​សងសឹក​ចំពោះ​លោក Hollande នូវ​ទង្វើ​របស់​លោក​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ទូទាំង​ពិភពលោក នេះ​បើ​យោង​តាម​កាសែត The New York Times ចំណែក​សាក្សី​ផ្សេង​ទៀត​ថ្លែង​ថា​ ភេរវជន​ស្រែក​ជា​ភាសា​បារាំង មើល​ទៅ​ពួក​គេ​ដូច​ជា​មាន​ដើម​កំណើត​បារាំង។

 

លោក Will McCants ដែល​ជា​អ្នក​ជំនាញ​ខាង​ក្រុម​ជ្រុល​និយម និង ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា The ISIS Apocalypse បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Business Insider ថា​ ការ​វាយ​ប្រហារ​នៅ​ប៉ារីស គឺ​ជា​ការ​ចង្អុល​ព្រមាន​មួយ​ទៅ​បារាំង ដើម្បី​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ការ​វាយប្រហារ​នៅ​ស៊ីរី។ នេះ​មាន​ន័យ​ថា​ ប្រសិន​បើ​បារាំង​បន្ត​ទម្លាក់​គ្រប់​បែក​លើ​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ទៀត នោះ​បារាំង​នឹង​រង​គ្រោះ​ដូច​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទៀត​ ដោយ​អាច​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​មុន នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក លោក Will McCants។ ប៉ុន្តែ​លោក លោក Will McCants បាន​លើក​ហេតុផល​ផ្សេង​ទៀត​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​រំពឹង​ទុក​ ពី​មូលហេតុ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ព្រោះ​ពេល​ខ្លះ​ បារាំង គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​កាត់ ដែល​បង្ក​ឲ្យ​ពួក​គេ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វាយ​ប្រហារ។

 

លោក Will McCants រៀបរាប់​បន្ត​ថា​ ប្រទេស ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​ក្រុម រដ្ឋ​ឥស្លាម គឺ​សហរដ្ឋ​អាមេរិក ហេតុ​ដូច​នេះ​អាមេរិក​គឺ​ជា​គោលដៅ​ទី ១ របស់​ពួក​គេ ក៏​ប៉ុន្តែ​ការ​ រៀប​គម្រោង​ធ្វើ​ភេរវកម្ម​ក្នុង​ប្រទេស​មួយ​នេះ គឺ​មាន​សភាព​ពិបាក​បំផុត។ ចំណែក​ប៉ារីស​វិញ គឺ​ជា​ទីក្រុង​ផ្តល់​ផ្លែ​ផ្កា​ល្អ​ សម្រាប់​ការ​ជ្រើស​រើស​សមាជិក​សកម្ម​ប្រយុទ្ធ​ច្រើន​ជាង​ក្រុង​ណា​ណា​ទាំង​អស់​ក្នុង​បណ្តា​ប្រទេស​លោក​ខាង​លិច។

 

ភាព​តានតឹង​ រឿង​សហគមន៍​ឥស្លាម​នៅ បារាំង គឺ​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​បំផុត​ ចំណែក​ពលរដ្ឋ​បារាំង​មួយ​ក្រុម​ផ្សេង​ទៀត​នៅ​តែ​មាន​ចម្ងល់​ថា​ តើ​ជាយ​ក្រុង​ប៉ារីស​ ជា​កន្លែង​រក្សា​សម្រាប់​ការ​ធ្វើ​ភេរវកម្ម​ឬ? ដោយ​សារ​តែ​គ្រប់​ជាយ​ក្រុង​ប៉ារីស គឺ​ជា​តំបន់​អនាធិបតេយ្យ​ ដែល​មាន​ន័យ​ថា​គ្រប់​គ្រង​ដោយ​ជន​អន្តោប្រវេសន៍​ ព្រោះ​នៅ​ជាយ​ក្រុង​ប៉ារីស​មាន​សង្កាត់​ខ្លះ​បង្កើត​ក្រោយ​សម័យ​សង្គ្រាម បង្កើត​ជា​សហគមន៍​សម្រាប់​ពួក​កម្មករ​ ដោយ​បាន​ក្លាយ​ទៅ​ជា​កន្លែង មនុស្ស​ក្រីក្រ និង ជា​កន្លែង​ឯកោ​ ដែល​ធ្វើ​ឲ្យ​សហគមន៍​ទាំង​នេះ​ផ្ទុះ​កំហឹង​ជាមួយ​បារាំង​ ពី​ការ​មិន​ខ្វល់ខ្វាយ​របស់​ពួក​គេ។

 

កាល​ពី​ដើម​ឆ្នាំ​មុន​មាន​ការ​វាយប្រហារ​មួយ​ទៅ​លើ​ទីស្នាក់ការ​កាសែត Charlie Hebdo ដែល​ធ្វើ​ឡើង​ដោយ​ក្រុម អាល់ កៃដា ដែល​ធ្វើ​ឲ្យ​សកម្មជន​ក្នុង​តំបន់​ព្រួយ​បារម្ភ​ថា​នេះ​ជា​ការ​បែងចែក​បារាំង​បន្ថែម​ទៀត។ លោក George Packer ជា​អ្នក​ឆ្លើយ​ឆ្លង​ប្រចាំ​សារព័ត៌មាន និង ជា​អ្នក​តាម​ដាន​ពី​សម័យ​សង្គ្រាម អ៊ីរ៉ាក់ បាន​ពន្យល់​ពី​ភាព​តានតឹង​របស់​គ្រួសារ​បារាំង និង គ្រួសារ​ផ្សេង​ទៀត​ដែល​មក​ពី​ប្រទេស អាល់ហ្សេរី ថា នៅ​ពេល​ដែល អាល់ហ្សេរី ត្រូវ​បាន​តាំង​ទី​លំនៅ​ដោយ​អឺរ៉ុប នៅ​ដើម​សតវត្ស​ទី ១៩ អាល់ហ្សេរី បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បារាំង ដោយ​បាន​បន្ត​មក​ដល់​ឆ្នាំ ១៩៦២ ទើប​ អាល់ហ្សេរី ទទួល​បាន​ឯករាជ្យ​។ បន្ទាប់​ពី​សង្គ្រាម​អស់​ ៨ ឆ្នាំ ធ្វើ​ឲ្យ​ជីវិត​មនុស្ស ៧សែន​នាក់​បាត់​បង់​ជីវិត​ ដូច្នេះ​វា​ពិបាក​ណាស់​ ក្នុង​ការ​ធ្វើ​ឲ្យ​ស្និទ្ធស្នាល​គ្នា។ នៅ​ថ្ងៃ​ទី ១៧ តុលា ឆ្នាំ ១៩៦១ មេ​បាតុករ​ អាល់ហ្សេរី បាន​តវ៉ា​នៅ​ប៉ារីស ដែល​ធ្វើ​ឲ្យ ប៉ូលិស បារាំង សម្លាប់​ហ្វូង​បាតុករ​ចំនួន ២០០ នាក់​និង​បោះ​សព​ពួក​គេ​ ទម្លាក់​ពី​លើ​ស្ពាន​ចូល​ទៅ​ទន្លេ Seine។ សកម្មភាព​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​បារាំង​ចំណាយ​ពេល ៤ ឆ្នាំ​ដើម្បី​ទទួល​ស្គាល់​ពី​ការ​សម្លាប់​រង្គាល​របស់​ខ្លួន ហើយ​សកម្មភាព​នេះ​មិន​ត្រូវ​ដាក់​ក្នុង​មុខ​វិជ្ជា​ប្រវត្តិសាស្ត្រ​បារាំង​ឡើយ។ ចំណែក​ជន​ចំណាក​ស្រុក​ឥស្លាម​ផ្សេង​ទៀត​មក​ពី​ជុំវិញ​ពិភពលោក គឺ​មិន​ត្រូវ​សហគមន៍​ឥស្លាម​នៅ​បារាំង​ទទួល​ស្គាល់​ឡើយ​ ដោយ​ទុក​ឲ្យ​ពួក​គេ​នៅ​ឯកោ​ដដែល។ ចំណែក​បារាំង​វិញ​នូវ​តែ​កំណត់​ពួក​ស្បែក​សរ​គឺ​ជា​ដើម​កំណើត​បារាំង ហើយ​ពួក​ស្បែក​ខ្មៅ​មិន​មែន​ជនជាតិ​ដើម​បារាំង​ទាំង​ស្រុង​នោះ​ឡើយ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com