ប្រទេស​ចិន​ព្យាយាម​រក្សា​ដែន​កំណត់​របស់ខ្លួន​ក្នុង​ការជួយ​សម្របសម្រួល​ជាមួយ​កូរ៉េខាងជើង​

​ប៉េកាំង​៖ កូរ៉េខាងជើង​បាន​ច្រានចោល​ការព្យាយាម​ជាច្រើន​ដង​របស់​ប្រទេស​ចិន​ក្នុង​ការជួយ​សម្របសម្រួល​ឲ្យ​កាត់បន្ថយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន និង​ឲ្យ​បញ្ឈប់​ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប​ចូលទៅក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​(Mar 18)​។​

 

​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​បាន​និយាយថា ប្រទេស​ចិន​ព្យាយាម​រក្សា​ដែន​កំណត់​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​ជាមួយ​ប្រទេស​ដ៏​ឯក​កោរ​មួយ​នេះ​។​

 

​ប្រទេស​ចិន​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការជំទាស់​របស់ខ្លួន​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ក្រុង​ព្យុងយ៉ាង​។  លោក Zhao Tong ជា​បុគ្គលិក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​នយោបាយ​សក​ល Carnegie-Tsinghua បាន​មានប្រសាសន៍ថា “​ជារឿយៗ​ប្រទេស​ចិន​បាន​បញ្ជូន​ប្រេសិត​ជាន់ខ្ពស់​មួយចំនួន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ផ្អាក ឬ​កាត់បន្ថយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ពួកគេ ក៏ប៉ុន្តែ​កិច្ចប្រឹងប្រែង​ទាំងនោះ​ទទួល​បរាជ័យ​។​” 

 

“​ប្រទេស​ចិន​ហាក់បី​ជាប់​ជា​ចំណាត់​ខ្មាំង​របស់​កូរ៉េខាងជើង​។  ប្រទេស​ចិន​មិនអាច​កាត់​ផ្តាច់ជំនួយ​សេដ្ឋកិច្ច​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទាំងស្រុង​បានទេ ពីព្រោះ​ខ្លួន​បារម្ភ​ខ្លាចក្រែង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​សងសឹក​ប្រឆាំង​ប្រទេស​ចិន​ដោយ​កំហឹង​។​”

 

​ការដាក់ទណ្ឌកម្ម​ថ្មីៗ​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​និង​ក្រុង​ព្យុងយ៉ាង​មាន​ភាព​រង្គោះរង្គើ​បន្ថែមទៀត​។​

 

​លោក​សាស្ត្រាចារ្យ Cheng Xiaohe ជា​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ចិន Renmin បាន​មានប្រសាសន៍ថា “​រាល់​ការដាក់ទណ្ឌកម្ម​ទាំងអស់​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវបាន​ចាត់ទុកថា ជា​ការបិទច្រក​ដើរ​របស់​ប្រទេស​កូរ៉េខាងជើង​។  ដូច​ច្នេះ​ប្រសិនបើ​សាធារណរដ្ឋ​ប្រជាជន​ប្រជាធិបតេយ្យ​កូរ៉េ​មួយ​នេះ​គ្នាន​ច្រក​ដើរ នោះ​ច្បាស់​ណាស់​ប្រទេស​នេះ​និង​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ដំណើរការ​វិវឌ្ឍន៍​ក្នុងប្រទេស​។​”

 

​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​បាន​បន្តទៀតថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវតែ​រក្សា​កម្រិត​ស្ថេរភាព​ជា​អប្បបរមា​ជាមួយ​ប្រទេស​កូរ៉េខាងជើង បើទោះបី​ជាមាន​ការយល់​ឃើញ​ពី​សាធារណជន​នៅក្នុង​ប្រទេស​ចិន​មានគំនិត​ផ្ទុយ​ប្រឆាំង​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏ដោយ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: channelnewsasia