​វិធីសាស្ត្រ​ក្នុង​ការបង្ការ ជំងឺមហារីក​! តើ​អ្នក​ចង់​ដឹង​ទេ​?

​វិធីសាស្ត្រ​ក្នុង​ការបង្ការ ជំងឺមហារីក​! តើ​អ្នក​ចង់​ដឹង​ទេ​?

​សព្វថ្ងៃនេះ មនុស្ស​យើង​គ្រប់គ្នា មិន​ខ្វល់​ថា​អាយុ​ប៉ុន្មាន ភេទ​អី សញ្ជាតិ​អី ហើយ​មាន ឬ​ក្រ​ទេ សុទ្ធ​តែ​អាច​កើត ជំងឺមហារីក​បាន​ទាំងអស់​។ ជំងឺ​មួយ​នេះ ក៏​ធ្វើឲ្យ​មនុស្ស​ស្លាប់ ច្រើនជាងគេ​ណាស់ដែរ នៅលើ​ពិភពលោក​យើង​នេះ ជាពិសេស ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តែម្តង​។

​ថ្វីបើ​វា​ជា​ការ​ពិត​មែន​នោះ តែ​ក៏​មាន​ការស្លាប់​ជាច្រើន ដែល​ទាក់ទង​នឹង​មហារីក អាច​បង្ការ​បានដែរ​។ អ្នកជំនាញ​និយាយថា មាន​ជំងឺមហារីក​រហូតដល់ ៣០ ភាគរយ អាច​កាត់បន្ថយ​បាន​ច្រើន​បំផុត តាមរយៈ​ការរស់នៅ ប្រកប​ដោយ​សុខភាព និង​ការចាក់​វ៉ាក់សាំង ប្រឆាំង​នឹង​ការបង្ក​រោគ​តែម្តង​។ មាន​ជំងឺ​មហារីក​ច្រើនណាស់ ដែល​អាច​ព្យាបាល​ជា បើសិនជា​រកឃើញ​ទាន់ពេលវេលា​។

មាន​រឿង​មួយ​ចំនួន ដែល​អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​ដែរ បើសិនជា​ចង់​កាត់បន្ថយ ឱកាស​កើត​ជំងឺមហារីក ៖

ចៀសវាង​ការជក់បារី​
ការជក់បារី មាន​ទំនាក់ទំនង​ខ្លាំង​មួយ នឹង​ជំងឺ​មហារីក​ជាច្រើន ហើយ​ក៏​វា​មិនមែន​កើតឡើង តែ​លើ​សួត​ឡើយ​។ ការប៉ះពាល់​នឹង​ផ្សែង​បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​ប្រឈម​នឹង​មហារីក​ដែរ​។ បើសិន​ជា​អ្នក​មិន​ជក់បារី​ទេ ចូរ​កុំ​ព្យាយាម​សាកល្បង​អី​។ បើសិន​ជា​អ្នក​ជក់​ហើយ យក​ល្អ គួរតែ​ដល់ពេល​ផ្តាច់​វា​ដែរ​។

ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
ចូរ​ប្រាកដថា របប​អាហារ​អ្នក​រាល់ថ្ងៃ មានការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ច្រើន​។ ផលិតផល​ស្រស់ៗ នឹង​មាន​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​លុបបំបាត់​ជំងឺមហារីក​បាន​។ វា​គឺជា​គំនិត​មួយ​ដ៏​អស្ចារ្យ​ណាស់ ដែល​ជ្រើសរើស​យក​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​ហើយ​គ្មាន​ជាតិគីមី មក​ទទួល​ទាន​។

ថែរក្សា​ទម្ងន់​ឲ្យនៅ​ធម្មតា​
ការ​ធាត់ គឺជា​កត្តា​ប្រឈមមុខ​មួយ របស់​ជំងឺមហារីក​។ អ្នកឯកទេស​ជាច្រើន​និយាយថា កាលណា​រាងកាយ​ធ្ងន់​ពេក អាច​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត សួត និង​តម្រងនោម​។ បើសិន​ជា​ថ្មីៗ​នេះ អ្នក​ធ្លាប់មាន​ទម្ងន់​ធម្មតា​ហើយ ចូរ​ព្យាយាម​រក្សា​ទម្ងន់​នេះ​រហូត​ទៅ​។

ហាត់ប្រាណ​ជា​ទៀងទាត់​
មនុស្ស​យើង​គួរតែ​មាន​ទម្លាប់ ហាត់ប្រាណ​រាល់ថ្ងៃ​។ ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ យ៉ាងហោចណាស់ ៣០ នាទី តាមរយៈ​ការដើរ រត់​យឺតៗ ជិះ​កង់ លេងតេ​នីស ហែល​ទឹក រាំ ឬ​ជូត​សម្អាត​ផ្ទះ​។ ការ​ហាត់ប្រាណ​ទៀងទាត់ គឺជា​ទម្លាប់​ល្អ​បំផុត សម្រាប់​លុបបំបាត់ ជំងឺមហារីក​សុដន់ និង​ពោះវៀនធំ​។

កាត់បន្ថយ​ការប៉ះពាល់ នឹង​ពន្លឺព្រះអាទិត្យ​
ជំងឺមហារីក​ស្បែក គឺជា​រឿង​ដែល​កើតមាន ញឹកញាប់​បំផុត ហើយ​ក៏​ងាយស្រួល ក្នុង​ការបង្កា​រដែរ​។ ខណៈពេល​ដែល​វា ជា​រឿង​ល្អ ក្នុង​ការប៉ះពាល់ នឹង​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​នោះ អ្នក​គួរតែ​ចៀសវាង​វា​វិញ នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៤ រសៀល​។ បើសិនជា​មិន​អាច​ចៀសបាន អ្នក​គួរតែ​ប្រើឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ ឬ​ស្លៀក​សម្លៀកបំពាក់ គ្រប​រាងកាយ​ឲ្យបាន​ពេញលេញ​។

ជ្រើសរើស​ផលិតផល​ធម្មជាតិ​ទាំងអស់​
ផលិតផល​ថែរក្សា​សម្ផស្ស និង​លាង​សម្អាត​ផ្ទះ ដែល​លក់​តាម​ទីផ្សារ​យើង​សព្វថ្ងៃនេះ ច្រើន​តែ​មាន​សារធាតុបង្កមហារីក​។ ដូច្នេះ យក​ល្អ គួរតែ​ទិញ ឡេ សាប៊ូកក់សក់ គ្រឿងសម្អាង ឬ​ផលិតផល​ផ្តល់​ភាព​ស្រស់ស្រាយ ដល់​បរិយាកាស​ណា ដែល​មាន​គ្រឿងផ្សំ​ធម្មជាតិ​ទាំងអស់​។

កុំ​ញ៉ាំ​អាហារ​កំ​ប៉ុង​
វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​មួយ ដើម្បី​ចៀសផុត​ពី​សារធាតុ Bisphenol-A (BPA) ដែល​គេ​ស្គាល់​ថា មាន​ទំនាក់ទំនង​នឹង​មហារីក និង​បញ្ហា​សុខភាព​ជា​ច្រើន​នោះ គឺ​តាមរយៈ​ការចៀស​ឲ្យ​ឆ្ងាយ ពី​ការ​ញ៉ាំ​អាហារ​កំប៉ុង​។ BPA ក៏​មាន​ក្នុង​ផលិតផល ថង់​ផ្លា​ស្ទិច​ដែរ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើប្រាស់ របស់​ផ្ទុក​អាហារ ជា​ប្រភេទ​កែវ នៅពេល​ត្រូវការ​រក្សាទុក ឬ​កម្តៅ​អាហារ​។

ការពារ​ពី​ការបង្ក​រោគ​ផ្សេង​
មាន​ការបង្ក​រោគ​មួយចំនួន ដែល​អាច​នាំឲ្យ​កើត​មហារី​កបាន​។ ឧទាហរណ៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​មហារីក​ថ្លើម​បាន​។ ការឆ្លង​ជំងឺ ដែល​បង្កឡើង​ដោយ​វីរុស HPV ប្រហែល​ជា​បណ្តាលឲ្យ​កើត មហារីក​មាត់ស្បូន និង​មហារីក​ប្រដាប់​ភេទ​ផ្សេងៗ​ទៀត​បាន​។ ហេតុដូច្នេះ​ហើយ អ្នក​គួរតែ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ទាំងនេះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។