ស៊ុប​មាន់ ខ្ញី និង​ទឹកឃ្មុំ ជា​ឱសថ​ព្យាបាល ជំងឺ​ផ្តាសាយ​យ៉ាង​អស្ចារ្យ​

ស៊ុប​មាន់ ខ្ញី និង​ទឹកឃ្មុំ ជា​ឱសថ​ព្យាបាល ជំងឺ​ផ្តាសាយ​យ៉ាង​អស្ចារ្យ​

​ជំងឺ​ផ្តាសាយ​ភាគច្រើន គឺជា​ការបង្ក​រោគ​ដោយ​វីរុស ដែល​កើតឡើង​ទៅ​លើ​ច្រមុះ បំពង់ក ប្រហោង​ឆ្អឹង​មុខ និង​ផ្លូវដង្ហើម​ខាងលើ​។ ជាទូទៅ វា​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​សប្តាហ៍​។ ចំពោះ​រោគសញ្ញា​របស់​វា​វិញ មានដូចជា ឈឺ​បំពង់ក តឹង​ច្រមុះ ឬ​ហៀរ​សំ​បោរ​។

​ជំងឺ​ផ្តាសាយ ច្រើន​តែ​បណ្តាលមកពី​វីរុស ដូចជា Rhinovirus, Coronavirus និង Parainfluenza​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​វីរុស​មួយចំនួន ដែល​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​។ ដោយ​យោង​ទៅតាម Web MD បានឲ្យដឹងថា អ្នកជំងឺ​ផ្តាសាយ ដែល​ជា​មនុស្ស​ធំ​ប្រហែល ២០ ទៅ ៣០ ភាគរយ​ហើយ មិន​ទាន់​រកឃើញ​ថា បង្កឡើង​ដោយ​វីរុស​អ្វី​នៅឡើយ​ទេ​។

នៅពេល​យើង​និយាយ​អំពី ការព្យាបាល​ដោយ​ខ្លួនឯង​នោះ ការ​ញ៉ាំ​ទឹក​កាន់តែច្រើន គឺជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​ហើយ ព្រោះ​មិន​ចាំបាច់​រៀបចំ​អ្វី​ច្រើន​ឡើយ​។ មនុស្ស​ភាគច្រើន ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ៨ កែវ​ក្នុង​មួយថ្ងៃ​។ ទឹក នឹង​ជួយ​បំបាត់​ការ​ផ្តាសាយ​បាន តាមរយៈ​ការផ្តល់​សំណើម​ដល់​បំពង់ក ព្រម​ទាំង​ជាតិ​ទឹក​ក្នុង​រាងកាយ និង​កោសិកា​។

ស៊ុប​មាន់ គឺជា​វិធីសាស្ត្រ​ព្យាបាល ជំងឺ​ផ្តាសាយ​យ៉ាង​ល្អ​បំផុត​។ ត្រឹមតែ​ស៊ុប​មាន់​មួយ​ចាន​គោម និង​បន្លែ​ថែម​ទៀត​នោះ គឺ​អាច​កាត់បន្ថយ​ចលនា​កោសិកា Neutrophil ដែល​មាន​នាទី​ប្រឆាំងនឹង ការបង្ក​រោគ​ទៅហើយ​។ ការសិក្សា​បញ្ជាក់ថា ការថយចុះ​របស់​ចលនា​កោសិកា​ទាំងនេះ ក៏​ជំរុញ​ដល់​រាងកាយ ប្រើប្រាស់​វា នៅ​កន្លែង​ណា ដែល​ត្រូវការ​វា​ចាំបាច់​ផងដែរ​។

វិធី​ព្យាបាល​ផ្សេង​មួយទៀត​នោះ គឺជា​ការប្រើប្រាស់​ខ្ញី​។ ក្រៅពី​ប្រើ​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ខ្ញី​ត្រូវបាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ជួយ​ដល់ សុខភាព​មនុស្ស​ច្រើន​។ គ្រាន់តែ​ខ្ញី​ឆៅ​មួយ​ដុំ ដាក់​ក្នុង​ទឹក​ក្តៅ​ដាំ​ពុះ​នោះ ប្រហែល​ជា​ជួយ​សម្រួល​ដល់​ការ​ក្អក និង​ឈឺបំពង់ក ដែល​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បាន​។ ខ្ញី ក៏​ត្រូវបាន​គេ​ដឹងថា ជួយ​កាត់បន្ថយ​អារម្មណ៍​ចង្អោរ ដែល​កើតឡើង​នៅពេល មាន​ជំងឺ​បង្កឡើង​ដោយ​វីរុស Influenza ដែរ​។ តាមពិត ត្រឹមតែ​ខ្ញី​មួយ​ក្រាម ក៏​អាច​បន្ថយ​ការ​ចង្អោរ​បានដែរ​។

ទឹកឃ្មុំ ក៏​ជា​ជម្រើស​មួយ​ដែរ នៅ​ពេល​គិត​ពី​ការព្យាបាល​ជំងឺ​ផ្តាសាយ ដោយ​មិនបាច់​ប្រើ​ថ្នាំ​។ ទឹកឃ្មុំ គួរតែ​ប្រើ​ផ្សំគ្នា​ជាមួយ​តែ និង​ក្រូចឆ្មារ បើសិនជា​ចង់​ដោះស្រាយ បញ្ហា​ឈឺបំពង់ក និង​បំបាត់​ការ​ក្អក​។ គ្រាន់តែ​ញ៉ាំ​ទឹកឃ្មុំ ១០ ក្រាម មុន​ពេល​គេង ក៏​ជួយ​កាត់បន្ថយ ការ​ក្អក​ខ្លាំងក្លា​លើ​កូនក្មេង និង​ពង្រឹង​ដល់​ការ​គេង​របស់គេ​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។