Van Gaal ​ថា​ អស់​ឱកាស​បាន Top 4 ​ហើយ ​បើ​ចាញ់ Man City ​អាទិត្យ​នេះ

លោក Louis van Gaal ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ប្រាប់​កូន​ក្រុម​ថា​នឹង​បាត់បង់​ឱកាស​បាន​ជាប់​ក្នុង Top4 ​ប្រសិន​បើ​ពួកគេ​លេង​មិន​ឈ្នះ​ក្រុម Manchester City ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ​នោះ។

 

Van Gaal ​ថា​ អស់​ឱកាស​បាន Top 4 ​ហើយ ​បើ​ចាញ់ Man City ​អាទិត្យ​នេះ

 

ជំនួប​ក្រុម​នៅ​ទីក្រុង Manchester ​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង ១១​យប់ ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ ដោយ​ក្រុម​ទាំង​ពីរ​ពិត​ជា​ត្រូវ​ការ​ជ័យជម្នះ​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ជាប់ Top4 ​ទៅ​លេង​នៅ Champions League ។ ដោយសារ​តែ​ក្រុម​បិសាច​ក្រហម កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៦ ​ក្នុង​តារាង ​ចាញ់​ពិន្ទុ​ក្រុម Manchester City ​៤​ពិន្ទុ លោក Van Gaal ​បាន​ប្រាប់​ដល់​កូន​ក្រុម​ទាំង​អស់​ថា​ ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​ខាត។

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​បាន​បន្ដ​ថា​៖ “យើង​ចាញ់​គេ​៤​ពិន្ទុ ដូច្នេះ​ច្បាស់​ណាស់​យើង​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​ខាត។ កីឡាករ​ទាំង​អស់​ត្រូវ​គិត​ថា​ប្រកួត​នេះ ជា​ប្រកួត​សំខាន់​បំផុត ធំ​បំផុត ហើយ​ក៏​ជា​ប្រកួត​ដែល​ត្រូវ​លេង​ឱ្យ​ល្អ​បំផុត​ដែរ។ វា​ជា​រឿង​ពិបាក​ក្នុង​ការ​ប្រជែង​ចូល Top4 ​ព្រោះ​នៅ​មាន​ក្រុម West Ham ​មួយ​ទៀត​ដែល​នៅ​លើ​យើង ដូច្នេះ​មិនមែន​មាន​តែ Man City ​មួយ​ទេ”។

 

​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League ​នៅ​សល់​មិន​ដល់​១០​ប្រកួត​ទៀត​នោះ​ទេ នឹង​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​ហើយ ខណៈ​ដែល​ក្រុម Leicester City ​កំពុង​ឈរ​នៅ​លេខ​១ តាម​ពី​ក្រោយ​ដោយ Spurs ​លេខ​២ ​និង Arsenal ​លេខ​៣ , Man City ​លេខ​៤។ ខណៈ​ដែល West Ham ​លេខ​៥ ​និង Man Utd ​លេខ​៦។ ចាំ​មើល​ទាំង​អស់​គ្នា ថាតើ​ពេល​ចុង​ក្រោយ​ទៅ ក្រុម​ណា​ខ្លះ​បាន​ជាប់​ក្នុង Top 4 ​បាន​ទៅ​លេង​នៅ Champions League ៕

 

អត្ថបទ៖ មុន្នី រម្យ