ជប៉ុន​ផ្តល់​ថវិកា​ជាង ៣សែន​ដុល្លារ​ដល់​កម្ពុជា សម្រាប់អនុវត្ត​គម្រោង​អភិវឌ្ឍ​ចំនួន ៥

ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុនបានផ្ដល់​ជំនួយឥតសំណងចំនួន ៣៦៧.៣១៣ ដុល្លារ​អាមេរិក តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា និង​មន្ទីរ​សុខាភិបាល និង​អង្គការ​សុខភាព​ចំនួន ៥ សម្រាប់​សាងសង់​អគារសិក្សា និង​បំពាក់​ឧបករណ៍​​​វេជ្ជសាស្ត្រ ដើម្បីរួម​​ចំណែក​​លើកកម្ពស់​​គុណភាព​​អប់រំ និង​​សេវា​​សុខភាព​​តាម​​ទីជនបទ​​។​​

មន្ទីរ និង​អង្គការ​សុខភាព​ដែល​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ទាំង ៥ រួមមាន មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង និង​មន្ទីរ​សុខាភិបាល ខេត្តតាកែវ និង​អង្គការ​សុខភាព​ត្រចៀក​កម្ពុជា ក្នុង​ខេត្តសៀមរាប។

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ផ្ដល់ជំនួយ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ក្នុង​ស្ថានទូត​ជប៉ុន​ថា ជំនួយ​នេះ មាន​គោលបំណង​កែលម្អ​បរិស្ថាន​អប់រំ​សិស្សានុសិស្ស និង​គ្រូបង្រៀន និង​លើកកម្ពស់​គុណភាព​សេវា​សុខភាព​ជូន​ប្រជាជន​តាម​ទីជនបទ។ លោក​ជឿជាក់ថា ជំនួយ​លើ​វិស័យ​ទាំងពីរ​នេះ នឹង​ក្លាយ​គន្លឹះ​មួយ​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត ព្រោះ​វិស័យ​អប់រំ និង​សុខាភិបាល ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំណត់​ក្នុង​វិស័យ​អាទិភាព។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ជាក់ស្តែង ជប៉ុន​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វិស័យ​ទាំងនេះ នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​ពីរ​ទស្សវត្ស កន្លងមក តាមរយៈ​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង នៃ​ជំនួយ​គូ​សាណូ​ណិ​ទាំងពីរ និង​ជំនួយ​ទ្រង់ទ្រាយ​ធំ​នានា»។

ជាមួយគ្នានេះ លោក​ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំនួយ​អគារសិក្សា និង ឧបករណ៍​ពេទ្យ​ទាំងអស់ នឹងត្រូវ​បាន​ថែទាំ​យ៉ាង​ត្រឹមត្រូវ​យូរអង្វែង ដើម្បី​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អ្នកជំងឺ​ផ្សេងទៀត អាច​ប្រើប្រាស់ និង​ទទួលបាន​ប្រយោជន៍​ពី​គម្រោង ច្រើន​ថែមទៀត។ ហើយ​ថា គម្រោង​ទាំងនេះ នឹង​ជួយ​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជា ជន​ជប៉ុន និង​កម្ពុជា​ផងដែរ។

បើតាម​ប្រសាសន៍​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ គម្រោង​ជំនួយ​ទាំង ៥ រួមមាន ទីមួយ​គឺ គម្រោង​សាងសង់​អគារសិក្សា​ចំនួន​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​ស្រ​យ៉ង់ ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ។ គម្រោង​នេះ ត្រូវ​ចំណាយ​ថវិកា​ចំនួន ៨៨.៩៤៨ដុល្លារ​អាមេរិក។ គម្រោង​ជំនួយ​លើកដំបូង​ក្នុង​ខេត្តព្រះវិហារ​នេះ នឹង​សិស្សានុសិស្ស​ជាង ៩០០នាក់ ទទួលបាន​បន្ទប់​សិក្សា​ស្របតាម​ស្តង់ដារ​អប់រំ។

ទី​ពីរ គឺ គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​វិទ្យាល័យ​អង្គរបុរី ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ។ គម្រោង​នេះ នឹង​ចំណាយ​ថវិកា​ចំនួន ៦៦.៤៤៦ ដុល្លារ​អាមេរិក។ គម្រោង​នេះ នឹង​ជួយ​សិស្សានុសិស្ស​ចំនួន​ប្រមាណ ៨៧០នាក់ ឲ្យ​មាន​បន្ទប់​សិក្សា​ប្រកបដោយ​ផាក​សុខភាព។ ទី​បី, គម្រោង​សាង់សង់​អគារសិក្សា​ពីរ​ខ្នង​នៅ សាលាបឋមសិក្សា​ព្រែក​ស្ទឹង និង​សាលាបឋមសិក្សា​វាល ក្នុងស្រុក​ស្រែក​អំបិល ខេត្តកោះកុង ចំណាយ​ថវិកា​ចំនួន៨៨.១៩០ដុល្លារ​អាមេរិក។ គម្រោង​នេះ នឹង​ជួយ​សិស្សានុសិស្ស​ចំនួន ៤៥០នាក់ ទទួលបានបន្ទប់​សិក្សា​ថ្មីប្រកបដោយផាកសុខភាព។

ទី​បួន គម្រោង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យបង្អែក​អង្គការ ខេត្តតាកែវ ហើយ​គម្រោង​នេះ នឹង​ថវិកា​ចំនួន ៦៥.២១៥ ដុល្លារ​អាមេរិក សម្រាប់​កែលម្អ​គុណភាព​សេវា​សុខភាព​ខេត្តតាកែវ។ ប្រជាជន​ប្រមាណ ១សែន៥ម៉ឺន​នាក់ នឹង​ទទួល​ប្រយោជន៍​ពី​គម្រោង។ និងទី​ប្រាំ, គម្រោង​បំពាក់​ឧបករណ៍​វេជ្ជសាស្ដ្រ​ឯកទេស ​នៅ​គ្លីនិក​អង្គការ​សុខភាព ត្រចៀក​នៅ​កម្ពុជា ប្រចាំខេត្ត​សៀមរាប ចំណាយ​ថវិកា​ចំនួន ៥៨.៥១៤ ដុល្លារ​អាមេរិក។ គម្រោង​នេះ នឹង​ផ្តល់​ប្រយោជន៍​សុខភាព​ជូន​អ្នកជំងឺ​ប្រមាណ ៥ពាន់​នាក់។

ភ្ជាប់​ជាមួយគ្នា​ដែរ ភាគី​ប្រធាន​ម​នី្ទ​រ និង​អង្គការ​ទាំង ៥ខាងលើ បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តែងតែ​ផ្តល់ជំនួយ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​រួមចំណែក លើកកម្ពស់​គុណភាព​អប់រំ និង​សុខាភិបាល​កម្ពុជា។ ពួកគេ​ជឿជាក់ថា រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន នឹង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​