ដោយ​សារ​ជួប​វិបត្ដិ​ខ្វះ​ទឹក​ និង​ភាព​រាំង​ស្ងួត​ថៃ​បូម​ទឹក​៤៧លាន​ម៉ែត្រ​គូប​ពី​ទន្លេមេគង្គ​

ប្រទេស​ថៃ​បាន​ចាត់​វិធានការ​ខ្លាំង​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រឹង​ជួយ​បណ្ដា​​ខេត្ដ​របស់​ខ្លួន​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​ក្នុង​នោះ​រួម​ទាំង​ការ​បូម​ទឹក​យ៉ាង​ច្រើន​ចេញពី​ទន្លេមេគង្គ។

អស់​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ទំនប់​ទឹក​មួយ​បាន​បញ្ឈប់​មិន​ឲ្យ​ទន្លេ​ហួយ​ល្លួង (Huai Luang) បញ្ចេញ​ទឹក​ចូល​ទៅក្នុង​ទន្លេ​មេគង្គ​។ ប៉ុន្ដែ​ឥឡូវ​នេះ​ប្រទេស​ថៃ​នឹង​ដំឡើង​ម៉ាស៊ីន​បូម​ទឹក​ធំៗ​ចំនួន​៤​ ដើម្បី​បូម​ទឹក​៤៧​លាន​ម៉ែត្រ​គូប​ចេញ​ពី​ទន្លេមេគង្គ​ដើម្បី​ការ​ប្រើ​ប្រាស់។

ដោយ​សារ​ជួប​វិបត្ដិ​ខ្វះ​ទឹក​ និង​ភាព​រាំង​ស្ងួត​ថៃ​បូម​ទឹក​៤៧លាន​ម៉ែត្រ​គូប​ពី​ទន្លេមេគង្គ​រូប​ឯកសារ​ទឹក​ទន្លេមេគង្គ​ (Credit: ABC)

ប្រទេស​វៀតណាម​បាន​កត់​សម្គាល់​ឃើញ​បញ្ហា​នេះ ខណៈ​ពេល​ដែល​វៀតណាម​ក៏​កំពុង​មាន​បញ្ហា​គ្រោះ​រាំង​ស្ងួត​ខ្លាំង​នៅ​ក្នុង​ពេល​ជិត​១​សតវត្សរ៍​នេះ។

ការ​ខ្វះ​ខាត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ រួមនឹង​បញ្ហា​ឡើង​កម្រិត​ទឹក​សមុទ្ទ​មាន​ន័យ​ថា បង្ក​បញ្ហា​ជាតិ​អំបិល​ប្រៃ​ខ្លាំង​នៅ​តាម​ដី​ស្រែចម្ការ​របស់​វៀតណាម​តាម​ដង​ទន្លេមេគង្គ។

វៀតណាម​បាន​ស្នើ​ឲ្យ​ថៃ​ធ្វើការ​ពន្យល់​អំពីផែន​ការ​របស់​ខ្លួន​ដែល​បូម​ទឹក​ចេញ​ពី​ទន្លេ​មេគង្គ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ។

ប៉ុន្ដែ​ប្រទេស​ថៃ​ថា ឥឡូវ​នេះ​គម្រោង​បូម​ទឹក​របស់​ខ្លួនគឺ​ខ្នាត​តូចទេ ហើយ​មាន​ផែន​ការ​ធ្វើ​ស្ថានីយ​បូម​ទឹក​ធំជាង​នេះ​ដល់​ទៅ​១០​ដង​ឯណោះ។

ប្រទេស​ថៃ​ថា ខ្លួន​មិន​ចាំ​បាច់​ត្រូវ​ការ​សុំ​ការ​អនុញ្ញាត​ទេ​នៅ​ក្នុង​ពេល​មាន​វិបត្ដិ​។ ប៉ុន្ដែ​បញ្ហា​នេះ​ទំនង​នឹង​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​ការ​ប្រជុំ​គណៈកម្មាធិការ​ទន្លេមេគង្គ​នៅ​សប្ដាហ៍​នេះ៕

ប្រភពៈ Radioaustralia