កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ចូល​ទៅ​ក្នុង​សមុទ្រ

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ចំនួន​២​គ្រាប់ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​ឯកោ​មួយ​នេះ។

បណ្តា​ប្រធាន​ខុទ្ទកាល័យ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា គ្រាប់​មីស៊ីល​នោះ​បាន​ហោះ​ក្នុង​ចម្ងាយ​៨០០​គីឡូម៉ែត្រ​ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើតនៃ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ គ្រាប់​មីស៊ីល​មួយ​គ្រាប់​ដែល​អាច​ហោះ​ទៅ​ដល់​ប្រទេស​ជប៉ុន​ បាន​ផ្ទុះនៅ​ពេល​ហោះ​បាន​ពាក់​កណ្តាល​ផ្លូវ។

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ចូល​ទៅ​ក្នុង​សមុទ្រ

បុរស​ម្នាក់​មើល​វីដេអូ​នៃ​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំៗ០១៦។

ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បាន​ប្រកាស​ពី​តំបន់ដែល​ត្រូវ​បាញ់​គ្រាប់​មីស៊ីល​ជាមុន​នោះ​ទេ ទោះ​បី​ជា​សន្ធិសញ្ញា​អន្តរជាតិ​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​ដែល​គ្រោង​នឹង​បាញ់​គ្រាប់​មីស៊ីល​ត្រូវ​ព្រមាន​កុំ​ឲ្យ​នាវា​នានា​ធ្វើ​ចរាចរណ៍​នៅ​តំបន់​ដែល​ត្រូវ​បាញ់​គ្រាប់​មីស៊ីល​ជាមុន​ក៏​ដោយ។

កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​តាមដាន​គ្រាប់​មីស៊ីល​នោះ និង​កំពុង​តែ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក​ ឬ​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ​ទេ។

ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​គឺ​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​មួយ​ចំនួន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ពុធ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ដល់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ ​និង​ការ​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​រដ្ឋាភិបាល​ផ្តាច់ការ​មួយ​នេះ។​

កាល​ពី​ដើម​សប្តាហ៍​នេះ សារព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​មាន​សមត្ថភាព​អាចយោង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន៕

ប្រភពៈ VOA