បច្ចេកវិទ្យា​បង្កើត​ការិយាល័យ​លំហរ​អាកាស

បច្ចេកវិទ្យា​ព័ត៌មាន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​លំហូរ​សេរី និង​លឿន​នៃ​ព័ត៌មាន​នោះ​ទេ វា​ថែម​ទាំង​បង្កើត​ចេញ​ជា​ឪ​កាស​នៃ​ការ​ធ្វើ​ជំនួញ និង​ការងារ​ជា​ច្រើន​។ ទន្ទឹម​នោះ វា​ក៏​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ធុរកិច្ច​ផង​ដែរ​។

ស្តាប់​ទៅ​ហាក់ដូចជា​ចម្លែក​បន្តិច​នៅ​ពេល​និយាយ​ថា បច្ចេកវិទ្យា​ព័ត៌មាន​បង្កើត​បន្ទប់​ការងារ​ធ្វើ​នៅ​ក្នុង​លំហរ​អាកាស​មួយ​។ មាន​ក្រុមហ៊ុន​តូច​ៗ​ជា​ច្រើន​មិន​មាន​ទីតាំង​ធ្វើការ​ត្រឹមត្រូវ​ឡើយ ដោយសារ​តែ​ការ​ជួល​កន្លែងធ្វើការ​មាន​តម្លៃ​ថ្លៃ ។ ទោះបីជា​យ៉ាងនេះ​ក្តី គេ​នៅ​តែ​អាច​ប្រកប​របរ​របស់​ពួក​គេ​បាន​ដោយ​ធ្វើការ​ពី​ចម្ងាយ​រៀង​ៗ​ខ្លួន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​។ ការ​ប្រជុំ​ការងារ និង​ការ​ទំនាក់ទំនង​ការងារ​ទាំងឡាយ​របស់​ពួក​គេ គឺ​ធ្វើ​ទៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ទាំងអស់​។

ដូច្នេះ ការ​ធ្វើការ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​មិន​ត្រឹមតែ​មិនបាច់​ចំណាយ​ទៅ​លើ​ការ​ជួល​អគារ​សម្រាប់​ប្រតិបត្តិការ នោះ​ទេ គេ​ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​លុយកាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៀត​ផង​ដែរ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ របៀបរបប​ថ្មី​នៃ​ការ​ធ្វើការ​ពី​ចម្ងាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​នេះ ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ប្រតិបត្តិការ​។ វា​ទាមទារ​ឱ្យ​មនុស្ស​ទាំងអស់​មាន​ភាព​ទទួលខុសត្រូវ​ជាង​មុន និង​ស្មោះត្រង់​ជាង​មុន ដោយសារ​តែ​ពួក​គេ​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​ភ្នែក​មើល​ផ្ទាល់​សម្រាប់​ការ​គ្រប់គ្រង​។

ដើម្បី​ត្រៀមខ្លួន​ចូល​ធ្វើការ​នៅ​ក្នុង​លំហរ​បែប​នេះ មនុស្ស​ម្នាក់​ត្រូវ​តែ​ដុសខាត់​អត្ត​ចរិត និង​ចំណេះដឹង​សម្រាប់​ការងារ​ឱ្យ​ស្រប​តាម​សម័យកាល​។ ស្មោះត្រង់ និង​ទទួលខុសត្រូវ គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់​ពីរ​បន្ថែម​ទៅ​លើ​ចំណេះដឹង​ការងារ​តាម​ជំនាញ និង​ចំណេះដឹង​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​តាម​អ៊ី​ន​ធើ​រ​ណេ​ត និង​តាម​បណ្តាញ​សង្គម​នានា​។

តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​របៀប​ធ្វើ​ការងារ​ថ្មី​បែប​នេះ​ហើយ​ឬ​នៅ?