អ្នករាយការណ៍​ខាងសិទ្ឋិមនុស្ស អ.ស.ប ​ប្រចំាកម្ពុជា​នឹងមកទស្សនកិច្ចនៅថ្ងៃចន្ទ

រាជធានី​ភ្នំពេញ ៖ អ្នក​សរសេរ​របាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី​យ រ៉ូ​ណា ស្មី​ត   (Rhona Smith) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ១០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ មីនា ២០១៦ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ មីនា ២០១៦​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ទស្សនកិច្ច​លើក​ទី​២​នៅ​កម្ពុ​ជាដើម​ស​ប្តា​ហ៍​ក្រោយ​នេះ អ្នកស្រី រ៉ូ​ណា ស្មី​ត នឹង​ពិនិត្យ​មើល​ពី​ស្ថានភាព​សិ​ទ្ឋិ​មនុស្ស​ពិសេស​លើ​ការ​រើសអើង​របស់​ក្រុម​ដែល​បាត់បង់​ឱកាស និង​អ្នក​ដែល​មិនសូវ​ទទួល​បានការ​គិតគូរ​ដូច​ជា  ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ជន​រង​គ្រោះ​ដោយ​ការ​រើសអើង​ពូជសាសន៍ និង​ជាតិ​ពន្ធ​ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ត្រូវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា ជំនួស​លោក​សាស្ត្រាចារ្យ​ច្បាប់ ស៊ូ​ប៊ែ​រ​ឌី កាលពី​ខែមីនា ឆ្នាំ​២០១៥ ។ អ្នកស្រី​ជា​សាស្ត្រាចារ្យ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស​និង ធ្លាប់​បង្រៀន​មុខ​វិជ្ជា​ច្បាប់ សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ប្រទេស​ចិន និង​កា​ណា​ដា ជាដើម និង ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ កម្រិត​បរិ​ញ្ញា ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស ផង​ដែរ ។

អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ដោយ​បញ្ចា​ក់ថា បញ្ហា​តុលាការ គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​ចាំបាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ខ្លាំង​ប្រកបដោយ​ភាព​ឯករាជ្យ ដើម្បី​ធានា​ការ​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​កម្ពុជា ៕