ផ្ដន្ទាទោស​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​

ផ្ដន្ទាទោស​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​



ភ្នំពេញ ៖ តុលាការ​ផ្ដន្ទាទោស​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ គឺជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ។ ក្រៅពី​នេះ​នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដូចជា លោក មា​ជ សុវណ្ណារ៉ា បរាជ័យ​លើក​ទី​២​ក្នុង​ការ​ស្នើ​ទៅ​ក្រៅ​ប្រទេស​ព្យាបាល​ជំងឺ​ជាដើម។

ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​សំខាន់​ប្រចាំ​សប្ដាហ៍ ៖ ទី​១-និស្សិត​ឆ្នាំ​ទី​១​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​នៃ​សកលវិទ្យាល័យ​ខេមរៈ បាន​ទទួល​ស្គាល់​កំហុស​ដែល​បាន​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខ​ណា ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ផ្ដន្ទាទោស​១​ឆ្នាំ​៦​ខែ ដោយ​គ្មាន​ពិន័យ​ជា​ប្រាក់​ ឬ​ព្យួរទោស​ឡើយ។

យុវជន​រូប​នេះ​ឈ្មោះ គង់ រ៉ៃ​យ៉ា អាយុ​២៦​ឆ្នាំ រហស្សនាម​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក soriya koko ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥​កន្លងទៅ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ទី​២-មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​រូប គឺ​លោក មា​ជ សុវណ្ណារ៉ា បាន​បរាជ័យ​ជា​លើក​ទី​២ ​ក្នុង​ការ​ស្នើសុំ​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​បាន​ចាក​ចេញទៅ​ក្រៅ​ប្រទេស​ព្យាបាល​ជំងឺ ដែល​លោក​អះអាង​ថា មន្ត្រី​ពេទ្យ​ក្នុង​ពន្ធនាគារ​ព្រៃ​.ស គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​របស់​លោក​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​សាលាឧទ្ធរណ៍​បានសម្រេច​បដិសេធ​សំណើ​នេះ​ចោល​ជា​អសារបង់ ដោយ​យល់ឃើញថា វា​ជា​ស្ថានភាព​មិន​ចាំ​បាច់។
លោក មា​ជ សុវណ្ណារ៉ា បាន​និយាយ​នា​ពេល​សវនាការ​ថា លោក​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ មេត្តា​អនុញ្ញាត​ឲ្យ​លោក​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋអាមេរិក​ផង ព្រោះ​លោក​មាន​សញ្ជាតិ​អាមេរិក។ លោក​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​មន្ត្រី​ពេទ្យ​ក្នុង​ពន្ធនាគារ​ព្រៃ​ស គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​របស់​លោក​នោះ​ទេ។

ទោះ​បី​យ៉ាង​ណា ក្រោយ​ការ​ស្នើ​សុំ​នេះ ចៅក្រម​សាលាឧទ្ធរណ៍​បាន​ថយ​ទៅ​ពិចារណា​មួយ​រយៈ​ពេល​ខ្លី។ ក្រោយមក អនុប្រធាន​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានសម្រេច​បដិសេធ​ចោល​សំណើ​នេះ​ភ្លាមៗ ដោយ​យល់​ឃើញ​ថា វា​ជា​ស្ថានភាព​មិនចាំបាច់​នោះ​ទេ ព្រោះ​មន្ត្រី​ពេទ្យ​ក្នុង​ពន្ធនាគារ​ព្រៃ​.ស ពិតជា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​លោក មា​ជ សុវណ្ណារ៉ា។

ទី​៣-ក្រុម​ស្ត្រី​បឹង​កក់​ទាំង​១៣​នាក់​ដែល​សកម្ម​តវ៉ា​បញ្ហា​ដី​ធ្លី បាន​ក្លាយ​ខ្លួន​ជា​ទណ្ឌិត បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​ បិទ​ផ្លូវ​តវ៉ា​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២​ឆ្នាំ​៦​ខែ តែ​ទោស​នេះ​អនុវត្ត​ត្រឹម​១​ខែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​សំណុំរឿង​ប្រមូល​ផ្តុំគ្នា ធ្វើ​សន្និសីទកាសែត និង​រារាំង​ដល់​អាជ្ញាធរ​ដែល​សម្រួល​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន ។

ចៅក្រម​តុលាការ​កំពូល លោក សឹង បញ្ញា​វុ​ឌ្ឈ បាន​ថ្លែង​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ ថា ក្រុម​ស្ត្រី​ជាប់ចោទ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ពិរុទ្ធភាព ជាដើម​ចម​នៃ​ការ​តម្កល់​ទោស​នេះ។

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា ស្ត្រី​បឹង​កក់​ទាំង​១៣​នាក់​មានឈ្មោះ ទេព វ​ន្នី ឈ្មោះ ហេង មុំ ហៅ​មុំ ឈ្មោះ សួង សម័យ ឈ្មោះ ង៉ែត ឃុន ហៅ ជិន ឈ្មោះ ឆេង លាភ ហៅ​យាយ​ចេកចៀន ឈ្មោះ ថូ ដាវី ឈ្មោះ បូ​វ សោភា ហៅ ស្រី​នាង ឈ្មោះ គង់ ចន្ថា ឈ្មោះ ងួន គឹម​ឡាង ឈ្មោះ សុង ស្រី​លាភ ឈ្មោះ ចាន់ ណាវី ឈ្មោះ ផាត់ ឈុន​រ៉េត និង​ឈ្មោះ តុល ស្រី​ពៅ៕

ផ្ដន្ទាទោស​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​

ផ្ដន្ទាទោស​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌ ជា​រឿងរ៉ាវ​សំខាន់​ក្នុង​ស្ថាប័ន​តុលាការ​ប្រចាំ​សប្ដាហ៍​នេះ​