ផឹក​ស៊ី​ជាមួយ​ប្ដី​ពេល​ស្រវឹង​ ខឹង​យក​ដប​ស្រា​គប់​ប្ដី​ បែរជា​ត្រូវ​អ្នក​ផ្សេង​រយះ​ជើង​

ផឹក​ស៊ី​ជាមួយ​ប្ដី​ពេល​ស្រវឹង​ ខឹង​យក​ដប​ស្រា​គប់​ប្ដី​ បែរជា​ត្រូវ​អ្នក​ផ្សេង​រយះ​ជើង​



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ពេល​អង្គុយ​ផឹក​ស៊ីជាមួយ​ប្ដី​របស់​ខ្លួន​ បាន​ទាស់​ពាក្យសម្ដី​ជាមួយ​ប្ដី​ទប់​កំហឹង​មិនបាន​ក៏​យក​ដប​ស្រា​គប់​សំដៅ​ទៅលើ​ប្ដី​របស់​ខ្លួន​តែ​ត្រូវ​ លោក​ប្ដី​គេច​ផុត​អំបែង​ដប​បាន​ខ្ទាត​ទៅ​ប៉ះចំ​អ្នក​រស់នៅ​ជិតខាង​បណ្ដាល​ឲ្យ​ រយះ​ជើង​របួសធ្ងន់​ហើយ​មិន​ព្រម​ទទួលខុសត្រូវ​ទៀត​នៅ​ពេល​នគរបាល​ចាប់​ទើប​ព្រម​សង​ថ្លៃ​ព្យាបាល។

ហេតុការណ៍​ខាង​លើ​នេះ​កើតហេតុ​ នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នៅមុខ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​បង្ក​ឈ្មោះ​ង៉ែត ផេង ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​សោម ​ឃុំ​កោះ​សោម ស្រុក​ដំណាក់​ចង្អើរ ​ខេត្តកំពត​ និង​ប្តី​ឈ្មោះ​ឡោ រិ​ន​២៩​ឆ្នាំ​មុខរបរ​ជាង​កាត​សក់​ស្នាក់​នៅផ្ទះ​ជាមួយគ្នា ​និង​មាន​ស្រុកកំណើត​នៅ​ជាមួយគ្នា​មាន​កូន​ស្រី​២​នាក់​កូន​បង​មាន​អាយុ​៧​ឆ្នាំ​នឹង​ប្អូន​អាយុ​៤​ឆ្នាំ​។

ជនរងគ្រោះ​ឈ្មោះ​ឃិន សៀង​ភេទ​ស្រី មាន​អាយុ​២៣​ឆ្នាំ​មាន​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ​និងមាន​ភូមិកំណើត​នៅ​ភូមិ​ភ្លោះ​ ឃុំ​គ្រោះ​ ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​បង្ក​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំគ្នា​ផឹក​ស៊ី​ ហើយ​បាន​ទាស់សំដី​គ្នា​ ដោយ​ខាង​ប្រពន្ធ​ទប់​កំហឹង​មិនបាន ក៏​ទាញ​ដប​ស្រា​មក​គប់​ប្តី​ ពេលនោះ​ប្តី​បាន​គេច​ផុត​ បណ្ដាល​ឲ្យ​បែក​ខ្ចាយ​ហើយ​អំបែង​ដប​បាន​ខ្ទាត​ចំ​នារី​រងគ្រោះ​ដែល​នៅ​ក្បែរនោះ ​បណ្ដាល​ឲ្យ​រយះ​ដាច់​សរសៃ​ជើង​រង​របួស​ធ្ងន់ ​តែ​ភ្លាមៗ​នោះ​ជនរងគ្រោះ​មិន​ដឹង​ថា ​ត្រូវ​នោះ​ទេ ​លុះ​ឃើញ​ឈាម​ហូរ​ ទើប​ដឹង​ថា ​ខ្លួន​ត្រូវរបួស​ ហើយ​ប្តី​ជនរងគ្រោះ​បាន​សួរ​នាំទៅ​ជន​បង្ក​ក្នុង​គោលបំណង​ឲ្យ​ទទួលខុសត្រូវ ​ជួយ​ចេញ​សង​ថ្លៃ​ព្យាបាល​ តែ​ជន​បង្ក​បែរជា​មិន​ព្រម​ទទួល​ខុសត្រូវ​ហើយ​ថែមទាំង​ជេរប្រមាថ​ ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀត​ផង។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ ដោយ​ឃាត់​ជន​បង្ក​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ដោះស្រាយ​ ហើយ​ទាមទារ​សំណង​ចំនួន៤​លាន​រៀល​ ហើយ​ជន​បង្ក​គ្មាន​លុយ​សង​ទេ​ដោយមាន​ការយោគយល់​គ្នា​ នៅ​ទីបំផុត​បាន​ឯកភាព​គ្នា​ព្រម​សង​ចំនួន​២០០$​ថ្លៃ​ព្យាបាល ​ដើម្បី​បញ្ចប់​រឿ​កុំ​ឲ្យ​វែងឆ្ងាយ​៕