ក្រុមហ៊ុន​ផលិត​ថ្ម​ម៉ាប​ សុំ​ផ្អាក​ផលិតកម្ម​៦​ខែ​ សង្ស័យ​ខាត​ដើមទុន​ច្រើន​

ក្រុមហ៊ុន​ផលិត​ថ្ម​ម៉ាប​ សុំ​ផ្អាក​ផលិតកម្ម​៦​ខែ​ សង្ស័យ​ខាត​ដើមទុន​ច្រើន​



ព្រះវិហារ​ ៖ ក្រុមហ៊ុន​TPB&TVDevelopment ​ធ្វើ​អាជីវកម្ម​ថ្ម​អារ​ និង​ផលិត​ថ្ម​ម៉ាប ​ស្ថិតនៅ​ចំណុច​ដី​ក្រ​ហម ​ភូមិ​ថ្នល់​កោង​ ឃុំ​រំដោះ ​ស្រុករ​វៀង​ ដែល​មាន​អាជ្ញាប័ណ្ណ​ចុះ​ថ្ងៃទី​២០​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣​ចេញ​ដោយ​ក្រសួង​រ៉ែ​​ និង​ថាមពល​ បាន​ផ្អាក​អាជីវកម្ម​ផលិត​ថ្ម​ម៉ាប​របស់​ខ្លួន​អស់​រយៈពេល​ជាង​៤​ខែ​មក​ហើយ​។​ លោកស្រី​ គឹម​ សុ​ភិន​ ជន​ជាតិ​ខ្មែរ ​រស់នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ជា​ប្រធាន​ក្រុមហ៊ុន​ ដែ​ល​វិនិយោគ​លើ​ផ្ទៃដី​មាន​ប្រភព​រ៉ែ​ថ្ម​អារ​ចំនួន​៩០​ហិកតា​។​

លោក ​សាយ ​ដេ​ត​ អធិការ​នគរបាល​ស្រុក​រវៀង​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​មួយ​នេះ​ពិតជា​បាន​ផ្អាក​អា​ជី​វ​កម្ម​ផលិត​ថ្ម​ម៉ាប​របស់​ខ្លួន​ប្រាកដ​មែន​។ ​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​យូរ​មក​ហើយ​ ប៉ុន្តែ​មិនដឹង​ពី​មូ​ល​ហេតុអ្វី​ច្បាស់លាស់​នោះ​ទេ​ ខាង​លោក​គ្រាន់តែ​ដាក់​កម្លាំង​នគរបាល​ចំនួន​៥​នាក់​ប៉ុណ្ណោះ ​សម្រា​ប់​ធ្វើជា​សន្តិសុខ​យាម​ទីតាំង​រដ្ឋបាល​ក្រុមហ៊ុន​ ហើយ​ពេលនេះ​ក្រុមហ៊ុន​គ្មាន​មនុស្ស​ធ្វើការ​ទេ​។​

សេចក្ដីរាយការណ៍​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ដើម​ឆ្នាំ​២០១៥​កន្លងទៅ​ មេការ​ក្រុមហ៊ុន​ផលិត​ថ្ម​ម៉ាប​ម្នាក់​ ឈ្មោះ​ ញ៉ ​ជនជាតិ​វៀតណាម​ ភេទ​ប្រុស​ អាយុប្រមាណ​៤៨​ឆ្នាំ​ បាន​ស្លាប់​បាត់​បង់ជីវិត​ ដោយ​សារ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​។ ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ក្រុមហ៊ុន​និយាយ​ថា ​ការ​ស្លាប់​មេការ​ម្នាក់​នេះ​វា​ឲ្យ​ហេតុ​មិនល្អ​ ហើយ​ក្រោយមក​ក៏​ឮ​ថា ​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​មួយ​រយះ​។​

លោក​វិស្វករ ​គង់ ​មករា ​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែមី​នា​ថា​ ក្រុមហ៊ុន​ផលិត​ថ្ម​ម៉ាប​ខាងលើ​បាន​ធ្វើ​លិខិតផ្លូវការ​សុំ​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​រយះ​ពេល​៦​ខែ​ហើយនឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​វិញ​នៅក្នុង​ខែមេសា ​ឆ្នាំ​២០១៦​ខាងមុខនេះ​។ ​នៅក្នុង​លិខិត​បាន​បញ្ជាក់​ថា ​មូលហេតុ​នៃ​ការ​ផ្អាក​នេះ​បណ្ដាលមកពី​រណ្ដៅ​ជីក​យក​ថ្ម​អារ​ត្រូវ​ទឹក​លេច​។​

លោក​ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​បាន​បន្ត​ថា ​កន្លងមក​ផលិតផល​ថ្ម​ម៉ាប​ បាន​នាំ​ចេញទៅ​លក់​នៅ​ប្រ​ទេស​ចិន ​និង​វៀតណាម ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​និយាយ​ថា ​មិន​មាន​ទីផ្សារ​នោះ​ទេ​ ដោយសារ​បញ្ហា​តម្លៃ​ការ​លក់​ចេញ​ថ្ម​ម៉ាប​គិត​ជា​ម៉ែត្រការ៉េ​។​ លោក​បញ្ជាក់​ថា ​នៅពេល​ខាងមុខនេះ​ក្រុមហ៊ុន​នឹង​លក់​ផលិ​ត​ផល​របស់​ខ្លួន​នៅក្នុង​ស្រុក​វិញ​។​

ប្រភព​ព័ត៌មាន​ផ្សេងទៀត​បាន​ឲ្យ​ដឹង​ថា​ គុណភាព​ថ្ម​ម៉ាប​របស់​ក្រុមហ៊ុន​ខាងលើ​មិនសូវ​ល្អ​ដូច​ថ្ម​ម៉ាប​របស់​ក្រុមហ៊ុន​ផ្សេងទៀត​ ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ​ ហើយ​តម្លៃ​ថ្លៃ​ជាងគេ​ថែម​ទៀ​ត​៕