មូលនិធិ Aeon 1% Club Foundation ជួយ​ទំនុកបម្រុង​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ នៅ​ប្រទេស​ជប៉ុន​

មូលនិធិ Aeon 1% Club Foundation ជួយ​ទំនុកបម្រុង​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ នៅ​ប្រទេស​ជប៉ុន​



ភ្នំពេញ ៖ លោក Hiroshi YOKOO ប្រធាន​មូលនិធិ Aeon 1% Club Foundation បាន​ដឹកនាំ​និស្សិត​កម្ពុ​ជា​២០​រូប​ និង​និស្សិត​ជប៉ុន​២០​រូប ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៧ ​ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​

លោក ឯក ​ថា អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​ទីស្ដីការគណៈរដ្ឋមន្ត្រី​ បាន​ប្រាប់​អ្នក​ព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ថា មូលនិធិ Aeon 1% Club Foundation គឺជា​មូលនិធិ​ ដែល​ទទួល​បាន​មក​ពី​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​លើ​ប្រតិបត្តិការ​ផ្សារ​ទំនើប Aeon 1% យក​មក​ជួយ​លើ​ការងារ​សង្គម​ដូចជា​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស ​និង​ការងារ​មនុស្សធម៌​ផ្សេងៗ​ទៀត​។​

ជាក់ស្តែង​ថ្មីៗ​នេះ ​មូលនិធិ Aeon 1% Club Foundation បាន​ជួយ​ទំនុកបម្រុង​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចំនួន​២០​នាក់​ផង​ដែរ​កាលពី​អំឡុង​ខែមករា​ ដើមឆ្នាំ​២០១៦​នេះ​។​

ទន្ទឹម​នឹង​នោះ និស្សិត​ជប៉ុន​ចំនួន​២០​នាក់ ​ក៏​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ​ដែរ​ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​អំពី​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា និង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន ​និង​សុខ​សន្តិភាព​នៅក្នុង​ប្រទេស​។​

នៅក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មានប្រសាសន៍​ជំរុញ​ដល់​និ​ស្សិ​ត​កម្ពុជា​ ដែល​បាន​ទៅ​សិក្សា​រៀនសូត្រ​ពី​ការ​រីកចម្រើន​របស់​ប្រទេស​ជប៉ុន ដើរ​តួនាទី​ជា​អ្នកការទូត​វ័យក្មេង​ និង​យល់​អំពី​តម្លៃ​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​របស់​ប្រទេស​ ដើម្បី​បន្ត​វេន​ជា​ទំពាំង​ស្នង​ឫស្សី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​។​

លោក Hiroshi YOKOO ប្រធាន​មូលនិធិ Aeon 1% Club Foundation ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​និស្សិត​ជប៉ុន ​ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​បាន​មក​ស្នាក់​នៅ​តាម​លំនៅ​ដ្ឋាន​របស់​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ទស្សនា សារមន្ទីរ ​និង​នៅ​តំបន់​ទេសច​រ​ផ្សេង​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​៕