ប្រជាពលរដ្ឋ​ភូមិ​ក្បាល​រមាស ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ ដោះស្រាយ​ទីកន្លែង​សាងសង់​ផ្ទះ

ប្រជាពលរដ្ឋ​ភូមិ​ក្បាល​រមាស ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ ដោះស្រាយ​ទីកន្លែង​សាងសង់​ផ្ទះ



ស្ទឹងត្រែង​ ៖ ​ក្នុង​ពិធី​ប្រគល់​ថវិកា ​សម្រាប់​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​នៅ​ធនាគារ​អេស៊ីលីដា​ថ្ងៃ​ទី​១៨​ ខែ​មីនា ​ឆ្នាំ​២០១៦​​ ប្រជាពលរដ្ឋ​៣០​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់ ​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ​នៅ​ភូមិ​ឃុំ ក្បាលរមាស​ស្រុក​សេ​សាន ​ខេត្ត​ស្ទឹងត្រែង​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ជួយ​ពង្រាប​ និង​ចាក់​ដី​បំពេញ​បន្ថែម​ ទីកន្លែង​សាងសង់​ផ្ទះ​ឲ្យ​មាន​ស្ថានភាព​រាបស្មើ​ចៀសវាង​កុំ​ឲ្យ​ពួកគាត់​​​ចំណាយ​ប្រាក់​ចាក់​ដី​ ក្នុង​ពេល​ដែល​ពួកគាត់​យល់​ព្រម​យក​ថវិកា​សាង​សង់ផ្ទះ​ខ្លួនឯង​នោះ។

លោក​សេដ កាល ​ជនជាតិ​ព្នង​អាយុ​៧០​ឆ្នាំ​បាន​បញ្ជាក់​ថា ​៖​ ពួកគាត់​បាន​ស្ម័គ្រចិត្ត​យក​ថវិកា​មួយ​គ្រួសារ​៦០០០​ដុល្លារ​តាម​គោលនយោបាយ​សម្រាប់​សាងសង់​ផ្ទះ​ខ្លួនឯង ​តែ​ទីកន្លែង​សាងសង់​ផ្ទះ​មាន​ដី​ផ្អៀងផ្អង ជង្ហុក​ធ្វើ​មិនកើត។ ចំណែក​ការ​ដឹកជញ្ជូន​ក៏​ជួប​ការ​លំបាក​ខ្វះ​នៅ​មធ្យោបាយ។

លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន​ជួយ​សម្រួល​បន្ថែម​ទៅ​លើ​បញ្ហា​នេះ​ដើម្បី​ឲ្យ​ពួកគាត់​រើ​ផ្ទះ​ចេញពី​ភូមិ​ចាស់​បាន​ឆាប់​ ​ឈាន​ទៅ​សាងសង់​នៅ​ភូមិ​ថ្មី​ ហើយ​នៅ​កន្លែង​នោះ​ទៀត​​​​សោត ​សំណូមពរ​​ឲ្យ​ក្រុមហ៊ុន​ចាក់​​ដី​ឲ្យ​ស្មើ​​ កុំ​ឲ្យ​ផ្អៀង​ កុំ​ឲ្យ​ជង្ហុក​អី​ បើ​ទឹក​ដក​អី​វា​មិនល្អ​ទេ បើ​ដី​អត់​ស្មើ​ធ្វើ​អត់​ត្រូវ​ទេ ​ផ្អៀង​លិច​ផ្អៀង​កើត។

លោក​កៅ វ៉ាង​អ៊ីវ ​តំណាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា​ ​៖​ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ដែល​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ព្រមព្រៀង​ចាកចេញ​ទៅ​តាម​គោលនយោបាយ​ដោះស្រាយ ​ហើយ​ចំពោះ​ការ​ស្នើសុំ​នេះ​ ក្រុមហ៊ុន​រីករាយ នឹង​ទទួលយក​ ព្រម​ទាំង​សហការ​គ្នា​ជាមួយ​ក្រុម​ការងារ​ឈូស​ឆាយ​សម្រួល​ជូន។

លោក​បញ្ជាក់​ថា ​៖​ កិច្ច​ការងារ​នេះ​ក្រុមហ៊ុន​នឹង​ខិតខំ​ស្ថាបនា​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឲ្យ​សម្រេច​ទៅតាម​ផែនការ​​ ខែ​ ២​ខែ ៣​ខែ ៤​ខែ ៥។ បើសិនជា​យើង​អាច​ធ្វើ​បាន​ ​យើង​​នឹង​ឈូស​ធ្វើ​ផ្លូវ​ផង​យើង​សាងសង់​សំណង​សាធារណៈ​ផង ធ្វើ​ម៉េច​មុន​ខែ​ភ្លៀង​ ​​គឺ​អាច​សម្រេច​ផែនការ​នេះ ហើយ​ជាមួយ​ហ្នឹង​យើង​ដោះស្រាយ​ខែ​ប្រាំ ​ឆ្នាំ ២០១៦​ខាងមុខនេះ​ យើង​សម្រុក​សាងសង់​ផ្ទះ​ដោះស្រាយ​លំនៅឋាន​ឲ្យ​អ្នកភូមិ​ស្រែគរ ឲ្យ​ឆាប់​តាម​ផែន​ការដែល​យើង​បាន​គ្រោងទុក។

លោក​លោក​ដួង ពៅ​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ​៖​ គម្រោង​ផែនការ​នេះ​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​រាជរដ្ឋាភិបាល​ក៏​ចង់​ពន្លឿន​ឲ្យ​បាន​ឆាប់​ដែរ តែ​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ជូន​បងប្អូន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង ​និង​ការ​ស្នើសុំ​ឲ្យ​បាន​សមស្រប​ដូចជា​ការចាក់ដី​បំពេញ​សម្រាប់​សាងសង់​ផ្ទះ​ការ​រុះរើ​ផ្ទះ ​និង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ជាដើម។

លោក​អភិបាលរង​បន្ថែម​ថា ​៖​ អាជ្ញាធរ​មិន​​​ទុក​ឲ្យ​គ្រួសារ​ណាមួយ​ជួប​បញ្ហា​ឡើយ​ រាល់​ការ​ស្នើសុំ​គណៈកម្មការ​ថ្នាក់​ខេត្ត ​និង​ក្រុមហ៊ុន​តែងតែ​រួមគ្នា​ដោះស្រាយ​ទៅតាម​គោល​ការណ៍​ជា​បន្តបន្ទាប់​ដើម្បី​ជា​មូលដ្ឋាន​ជំរុញ​ដល់​គ្រួសារ​ផ្សេងៗ​ទៀត​យល់ព្រម​ចាក​ចេញ​មក​ជាមួយគ្នា​។​

សូមបញ្ជាក់ថា​ ៖ ​ទីតាំង​ភូមិ​ក្បាល​រមាស ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​មក​រស់នៅ​ថ្មី​នេះ​ស្ថិតនៅ​ឆ្ងាយ​ជាប់​ព្រំប្រទល់​ទឹកដី​ខេត្ត​រតនគីរី ​មាន​ចម្ងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​ទើប​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​​​ទៅលើ​ការសាងសង់​សំណង់​ផ្សេងៗ​ និង​ការ​ដឹកជញ្ជូន ដោយ​ភ័យខ្លាច​មិន​រួចរាល់​នៅ​ក្នុង​រដូវប្រាំង​នេះ៕

 

ប្រជាពលរដ្ឋ​ភូមិ​ក្បាល​រមាស ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ ដោះស្រាយ​ទីកន្លែង​សាងសង់​ផ្ទះ