កូនប្រុស​តិរច្ឆាន ខឹង​សុំ​លុយ​ម្តាយ​ទិញ​​នំ និង​អូអិឈិ​មិនបាន ទាញ​កាំបិត​កាប់​រង​របួស​ធ្ងន់ធ្ងរ​

កូនប្រុស​តិរច្ឆាន ខឹង​សុំ​លុយ​ម្តាយ​ទិញ​​នំ និង​អូអិឈិ​មិនបាន ទាញ​កាំបិត​កាប់​រង​របួស​ធ្ងន់ធ្ងរ​



កោះកុង ៖ យុវជន​ម្នាក់​ដែល​គេ​ដឹង​ថា គឺជា​មនុស្ស​ញៀន​ថ្នាំ បាន​ដាច់ចិត្ត​កាប់​ទៅលើ​ម្តាយ​ខ្លួនឯង​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ឈាម​ស្រោច​ខ្លួន ព្រោះតែ​ខឹង​សុំ​លុយ​មិនបាន​។ ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០១៦នេះ នៅក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈ​ភូមិន្ទ ខេត្តកោះកុង​។​

​លោក អ៊ឹង អន់ អាយុ​៥៨​ឆ្នាំ ដែល​ត្រូវជា​ឪពុក​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់ ​ឈ្មោះ អូន សេរី​វុ​ធ ហៅ​អា​ដាំ អាយុ​២១​ឆ្នាំ បាន​ទារ​លុយ​ពី​ម្តាយ ដើម្បី​ទិញ​នំ និង អូអិ​ឈិ តែ​ពេលនោះ​ម្តាយ​ក៏បាន​ឆ្លើយ​ថា អញ​ដាំបាយ​រួចហើយ​ស៊ី​ទៅ ពេលនោះ​កូនប្រុស​ក៏បាន​សំឡុត​ម្តាយ​ថា ម៉ែ​ឯង​ខ្ញុំ​ឲ្យ​ទិញ​អត់​ព្រម​ទិញ​ទេ ពេលនោះ​អ្នក​ទាំង​២​ក៏បាន​ឈ្លោះប្រកែក​គ្នា។​

បន្ទាប់មក លុះ​គាត់​ដើរទៅ​រែក​ធ្យូង​មក​ទុក ស្រាប់តែ​ដល់​ពាក់​កណ្តាលផ្លូវ ​ស្រាប់តែ​បាន​ឮ​សំឡេង​ប្រពន្ធ ​(​ជនរងគ្រោះ​) ​ស្រែក​ថា ជួយ​ផង​អា​ដាំ​កាប់​អញ​ងាប់​ហើយ ពេល​ឮ​ដូចនេះ​គាត់​ក៏បាន​ដាក់​អម្រែក​ចុះ​រត់​មក​ជួយ​ប្រពន្ធ ឃើញ​ឈាម​ដាប​ពេញ​ដងខ្លួន ក្នុង​ថ្លុកឈាម ហើយ​កូនប្រុស​របស់​គាត់​បាន​រត់​បាត់ ពេល​ឃើញ​ហេតុការណ៍​នេះ​កើតឡើង​គាត់​ក៏​បាន​ខល​ទៅ​ប្រាប់​កូនស្រី​ម្នាក់ទៀត មួយ​សន្ទុះ​ក្រោយមក​ក៏​ឃើញ​សមត្ថកិច្ច​ទៅដល់​កន្លែង​កើត​ហេតុ ហើយក៏​បាន​ជូន​ប្រពន្ធ​របស់​គាត់​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ។​

​បើ​តាម​ឪពុក​រូប​នោះ​ថា កូនប្រុស​របស់​គាត់​កន្លង​មក​ប្រើប្រាស់​គ្រឿងញៀន មិន​ស្តាប់​បង្គាប់​ឪពុក​ម្តា​យ គំរាមកំហែង​ម្តាយ​រហូត​មាន​បញ្ហា​កើតឡើង​បែបនេះ​៕