រង​របួស​ធ្ងន់​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ក្រោម​សម្ពាធ​នៃ​ផ្លែ​ដែកឆាប​

រង​របួស​ធ្ងន់​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ក្រោម​សម្ពាធ​នៃ​ផ្លែ​ដែកឆាប​



បាត់ដំបង ៖ យុវជន​ម្នាក់​កំពុង​ដេក​ស្ដូកស្ដឹង​នៅ​លើ​គ្រែ​ សម្រាប់​វះកាត់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង ដោយ​មិនទាន់​ទាំង​ដឹងខ្លួន​ផង ក្រោម​សំឡេង​របស់​លោក​វេជ្ជបណ្ឌិត​មួយ​ប្រយោគ​ថា « សំណាងល្អ​ណាស់ ផ្លែ​ដែកឆាប​បុក​ទំ​លុះដល់​ថ្លើម​ហើយ​តែ​មិន​ស្លាប់ » ដែល​ការ​រង​របួស​នេះ គឺ​ដោយសារតែ​ការ​ឈឺឆ្អាល​ក្នុង​ការ​ជួយ​មិត្តភក្តិ​ពេល​មាន​ទំនាស់​ក៏​ត្រូវ​ជនសង្ស័យ​ចាក់​មួយ​ដែកឆាប​ត្រូវ​ចំ​ក្បែរ​ចុងដង្ហើម​តែម្តង។

ករណី​បង្ក​របួស​ស្នាម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់ ត្រង់​ចំណុច​រោងការ​មួយ​កន្លែង​ ដែល​មាន​ចាក់​ធុងបាស់​ដើម្បី​រាំរែក ដែល​ស្ថិត​ក្នុង​ភូមិ​សិរីវ័ន្ត ឃុំ​អណ្តើក​ហែប ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង គឺ​រវាង​ក្រុម យុវជន​នៅ​ភូមិ​ជាប់​គ្នា។

លោក ហេង សារឿន អាយុ​៣៦​ឆ្នាំ ត្រូវជា​បងប្រុស​របស់​ជនរងគ្រោះ​បាន​និយាយ​ថា​សាច់រឿង​នេះ​គឺ​ប្អូនប្រុស​របស់​គាត់ ​ដែល​មាន​ឈ្មោះ ហេង គ​ន្ធា អាយុ​២៧​ឆ្នាំ បាន​ទៅ​មើល​គេ​រាំ​បាស​នៅ​ក្នុង​កម្មវិធី​នា​យប់​នោះ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​កំពុង​ឈរ​មើល​ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​ដែល​មកពី​ភូមិ​ស្វាយ​ជួរ បាន​មក​បង្ក​បញ្ហា​ដោយ​ចាប់ផ្ដើម​ឈ្លោះ​គ្នា​ជាមួយនឹង​មិត្តភក្តិ ទើប​ធ្វើ​ឲ្យ​វា​មានចិត្ត​ស្ទុះ​ទៅ​ជួយ​ក៏​ត្រូវ​ជន​បង្ក​ចាក់​មួយ​ដែកឆាប​ចំ​ក្បែរ​ចុងដង្ហើម​តែម្តង ហើយ​ពួកវា​ក៏បាន​គេចខ្លួន​ទៅផ្ទះ​បាត់​អស់​ទៅ ដោយឡែក​ប្អូន​ប្រុស​របស់​គាត់ នៅ​ពេល​ដែល​ត្រូវរបួស​ក៏បាន​រត់​ស្រែក​ឲ្យ​គេ​ជួយ គឺ​បាន​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ ក៏​ដួល​សន្លប់​ទៅ​ក្នុង​គុម្ព​ចេក ហើយក៏​ត្រូវ​អ្នកភូមិ​ជួយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ដោយសារតែ​សភាព​ធ្ងន់ធ្ងរ​ពេក​សឹងតែ​មិន​សង្ឃឹម​ទើប​ខាង​ក្រុម​គ្រូពេទ្យ​បាន​ចេញ​លិខិត​មួយ​ដើម្បី​ដឹក​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​វិញ ដោយ​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់​ដើម្បី​សង្គ្រោះ។

លោក​វេជ្ជបណ្ឌិត ហ៊ួ​ត សុជាតិ បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​សំណាងល្អ​មែនទែន​ដែល​ជន​រងគ្រោះ​មិន​ស្លាប់ ព្រោះ​ចុង​ដែកឆាប​បាន​ចាក់​ទំ​លុះ​ស្បៃ​ពោះវៀន និង​មុត​ដល់​ថ្លើម​ថែមទៀត ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន និង​ការ​យកចិត្តទុកដាក់​ផង​ដែរ​លើ​ការ​ព្យាបាល ទោះបីជា​ការវះកាត់​បាន​សម្រេច​ជោគជ័យ​ហើយក៏​ដោយ ព្រោះ​មុខរបួស​នេះ​វា​មាន​សភាព​ធ្ងន់​ពេក៕