រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់​រឿង​យួន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​សកម្មភាព​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចាប់ពី​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​លេខ​១៩៨ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួកគាត់​៤០០​ទៅ​៥០០​ហិកតា​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​គក់​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិតគូរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​យួន​ឲ្យ​បាន​ចប់សព្វគ្រប់ ដើម្បី​កុំ​ឲ្យ​យួន​រំលោភបំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​១៩៤​ដល់​១៩៨​បាន​លើកឡើងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​អាជ្ញាធរ​យួន​បានធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​កិច្ចការ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ភាគី​យួន​កាន់តែ​បានចិត្ត​ក្នុងការ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រំលោភ​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​អំពើ​រំលោភបំពាន​របស់​យួន​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​បញ្ជាក់ថា ភាគី​យួន​កំពុង​សាងសង់​ផ្លូវថ្នល់​តាម​ខ្សែបន្ទាត់​ព្រំដែន​ចាប់ពី​ឃុំ​ទួល​ស្ដី ឃុំ​ចន្ទ្រា និង​ឃុំ​សំរោង ប្រហែល​មួយខែ​មកហើយ​ចាប់ពី​បង្គោល​ព្រំដែន​លេខ​១៩៤​ដល់​បង្គោល​ព្រំដែន​១៩៨ ហើយ​ចំណុច​ដែល​យួន​រំលោភ​ចូល​ជ្រៅ​គឺ​តំបន់​ចំពុះទា​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៩៦​។

ពលរដ្ឋ​ខ្មែរ​ដែល​ប្រឈម​នឹង​ការបាត់បង់​ដីស្រែ​កេរ​ដូនតា​តាម​ព្រំដែន​ក្នុងភូមិ​គក់​តែ​ក បាន​ឲ្យ​ដឹងថា អាជ្ញាធរ​យួន​កំពុង​សាងសង់​ផ្លូវ​មាន​ទទឹង​១៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ នៅតាម​ខ្សែ​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​ជា​ឯកតោភាគី​។ សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​បាន​ឲ្យ​ដឹង​ទៀតថា ចំណុច​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៩៨​ភាគី​យួន​បាន​បោះតម្រុយ​រំលោភ​ចូលក្នុង​ទឹកដី​ខ្មែរ កន្លែង​ខ្លះ​១៥​ម៉ែត្រ និង​កន្លែង​ខ្លះ​ជាង​១០០​ម៉ែត្រ​។ សកម្មភាព​របស់​ភាគី​យួន​មិនឃើញ​អភិបាលស្រុក​ចន្ទ្រា ក៏ដូចជា​អភិបាលខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​នោះទេ គឺ​បណ្ដោយ​ឲ្យ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ឃុំ​ទួល​ស្ដី ឃុំ​ចន្ទ្រា និង​ឃុំ​សំរោង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ក៏ដូចជា​បូរណភាព​ទឹកដី​ខ្មែរ​។ ដោយហេតុថា​មកដល់ពេលនេះ​យួន​នៅតែ​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ដែលមាន​ទទឹង​១៥​ម៉ែត្រ កម្ពស់​២​ម៉ែត្រ បុក​ត្រង់​ពី​ព្រំដែន​ក្នុង​ឃុំ​ចន្ទ្រា ទៅដល់​ព្រំដែន​ឃុំ​សំរោង ហើយ​មន្ត្រី​អាជ្ញាធរ​ខ្មែរ ក៏ដូចជា​គណៈកម្មការ​ព្រំដែន​ដែលមាន​លោក វ៉ា គឹមហុង ជា​ប្រធាន និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គិតគូរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ជ្រះស្រឡះ​ដើម្បី​កុំ​ឲ្យ​យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​បន្តទៀត​៕

image 09b50528-8fea-4071-b44b-aa9431021f76 12768246_970004996418512_7645041658716309885_o