ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ យ៉ាង​កំរោល​

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ឈ្មោះ ហា​មី​នី​វេន អ៊ិន​វេស​មេន​(Hamenivent Investment) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ រថយន្ត​២​គ្រឿង​របស់​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន ត្រូវបាន​អ្នកភូមិ​ឃាត់ទុក​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បន្ទាប់ពី​រថយន្ត​ទាំង​២​គ្រឿង​នោះ​បើកបរ​កិន​លើ​ដំណាំ​ពួកគាត់​យ៉ាង​កំរោល​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

តាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​តាមដាន​ករណី​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្ស​ស្នោ និង​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង បានសម្រេច​បញ្ជូន​រថ​យន្ត​២​គ្រឿង​របស់​បុគ្គលិក​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន ទៅកាន់​សាលាស្រុក​កណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​។ សកម្មភាព​របស់​ប្រជាពលរដ្ឋ​បែបនេះ​បាន​កើតឡើង​ក្រោយពេល​ពួកគាត់​ជាង​១០០​នាក់​ឃាត់​រថយន្ត​បុគ្គលិក​ក្រុមហ៊ុន​ចិន​២​គ្រឿង កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ដោយសារ​ពួកគេ​បើករថយន្ត​កិន​លើ​ដំណាំ​របស់​អ្នកភូមិ​ចូលទៅ​ដី​មាន​ជម្លោះ ហើយ​វាស់វែង​ដី​តំបន់​នោះ​ព្រមទាំង​បោះបង្គោល​តម្រុយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុងភូមិ​ទាំង​២​ខាងលើ​បាន​បញ្ជាក់ថា ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​និង​កិច្ចសន្យា​ណាមួយ​ពី​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន ទេនោះ​គឺ​ពួកគាត់​មិន​ព្រម​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​វិញ​ឡើយ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​បុស្ស​ស្នោ និង​ភូមិ​ស្រែប្រាំង យ៉ាង​ពេញបន្ទុក ហើយ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ បុគ្គលិក​ក្រុមហ៊ុន​នេះ​បាន​បើករថយន្ត​២​គ្រឿង​ចូលទៅ​ដី​មានទំនាស់ ហើយ​វាស់វែង​បោះតម្រុយ​បង្គោល​ប៉ះពាល់​ដល់​ដី​អ្នកភូមិ​យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​បុគ្គលិក​ក្រុមហ៊ុន​ចិន​បាន​បើករថយន្ត​កិន​ដំណាំ​អ្នកភូមិ​អស់​ជាច្រើន​ទើប​អ្នកភូមិ​ប្រមូលផ្ដុំ​គ្នា​ឃាត់​រថយន្ត​២​គ្រឿង​របស់​បុគ្គលិក​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន បញ្ជូនទៅ​សាលាស្រុក​តំបែរ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​រក​ដំណោះស្រាយ​សមស្រប់​ដល់​ពួកគាត់​។ អ្នកភូមិ​ក៏បាន​អំពាវនាវ​ដល់​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ឲ្យ​ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន ហា​មី​នី​វេន អ៊ិន​វេស​មេន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ផងដែរ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុមហ៊ុន​ចិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រហូត​បំផ្លាញ​ដំណាំ​អ្នកភូមិ​យ៉ាង​កំរោល​ថែមទៀត​៕

af459432-3a2a-4cdc-bc4e-fe254db5ca43ពលរដ្ឋឃាត់រថយន្តក្រុមហ៊ុនចិនដែលបំផ្លាញដំណាំពួកគាត់ ka565565fhjkaលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ