មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​រឿង​រដ្ឋាភិបាល​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​ព្រំដែន​ពី​ក្រុមហ៊ុន​យួន​

​ថ្មីៗ​នេះ​ករណី​ក្រុមហ៊ុន​ទាហាន​យួន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ម៉ឺន​ហិកតា​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា នៅក្នុង​ដី​សម្បទាន​នោះ​ក្លាយទៅជា​ទីតាំង​ឈរជើង​របស់​ទាហាន​យួន​។ ទោះជា​យ៉ាងណា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិនដែល​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ពី​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅតាម​តំបន់​ព្រំដែន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​យួន​នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​គណបក្សជំទាស់ សកម្មជន​ព្រំដែន ក៏ដូចជា​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​ព្រួយបារម្ភ​អំពី​ការបាត់បង់​បូរណភាព​ទឹកដី​ខ្មែរ​នាពេល​អនាគត​។

ឥឡូវនេះ​ដីចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យួន​ឈ្មោះ ដាយ​ដុង​យឿ​ង ជាង​៨០០​ហិកតា​នៅ​តំបន់​ព្រំដែន​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជាប់​ព្រំប្រទល់​ស្រុក​ដាក់​កឺ ខេត្ត​ដាក់​ឡាក់ ប្រទេស​យួន​នឹងត្រូវ​ដកហូត​តាម​លិខិត​ជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ក៏ដូចជា​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក សយ សូ​ណា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មន្ទីរ​កសិកម្ម​ខេត្ត​ទទួលបាន​លិខិត​ជូនដំណឹង​នេះ​ពី​អាជ្ញាធរ​ជុំវិញ​ការដកហូត​ដីចម្ការ​កៅស៊ូ​ដែល​បាន​ដាំ​ដុះ​រួច​ជាង​៨០០​ហិកតា​ពី​ក្រុមហ៊ុន​ដាយ​ដុង​យឿ​ង​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​កម្ពុ​ជាមាន​គោលការណ៍​សង​ប៉ះប៉ូវ តម្លៃ​វិនិយោគ​ដែល​ក្រុមហ៊ុន​ដាយ​ដុង​យឿ​ង បាន​ចំណាយ​ក៏ប៉ុន្តែ​មិនទាន់​បានដឹង​ពី​ទំហំ​ទឹកប្រាក់​ដែលជា​សំណង​នៅឡើយ​ទេ​។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​លើកឡើងថា ការដែល​រដ្ឋាភិបាល​ដ​ក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​ព្រំដែន​ពី​ក្រុមហ៊ុន​យួន​គឺជា​រឿង​ត្រឹមត្រូវ ហើយ​គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ទាហាន​យួន​នៅតាម​ព្រំដែន​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ជាមិនខាន ព្រោះ​សព្វថ្ងៃនេះ​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់ម៉ឺន​ហិកតា​បានក្លាយ​ទៅជា​ទីតាំង​ឈរជើង​យ៉ាងរឹងមាំ​របស់​ទាហាន​យួន​រួចទៅហើយ​។ លើស​នេះ​ទៅទៀត​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ត្រូវ​បញ្ជាក​ឲ្យ​បានច្បាស់លាស់​អំពី​ទំហំ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​តាម​ព្រំដែន​ដែល​ក្រុមហ៊ុន​ឯកជន​របស់​យួន​និង​ក្រុមហ៊ុន​ទាហាន​យួន​កំពុង​គ្រប់គ្រង​វិនិយោគ​បច្ចុប្បន្ន​។ លើស​នេះ​ទៅទៀត​អាជ្ញាធរ​ខេត្តរតនគិរី គួរ​ពិនិត្យ​ទៅលើ​ផលប៉ះពាល់​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​យួន​រំលោភបំពាន​លើដី​ធ្លី ក៏ដូចជា​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ផងដែរ​៕12375125_1013634172026649_680442427246244126_o 10578648_1510687899226787_1332542154_n

photo_2016-03-08_08-26-20លោក ថង សាវុន អភិបាលខេត្តរតនគិរី