មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ លោក ផន គឹម​កន កំពុង​ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា លោក ផន គឹម​កន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្តែង​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា​លោក ផន គឹម​កន ប្រើ​គ្រប់​វិធី​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ នៅពេលដែល​ពួកគាត់​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​លោក ផន គឹម​កន តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ស្រេច​តែ​អំពើ​ចិត្ត បើ​មិន​បង់លុយ​តាម​ការកំណត់​ទេ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ជាមិនខាន​។

សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​អូរ​ស្មាច់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ផន គឹម​កន បាន​គាប​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។ ករណីនេះ​ធ្លាប់​ត្រូវ​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ ប្ដឹងផ្ដល់​ឲ្យ​អាជ្ញាធរ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជួយ​ដោះស្រាយ​ផងដែរ ព្រោះ​សកម្មភាព​របស់​នគរ​បាល​អន្តោប្រវេសន៍​ក្រោម​បញ្ជា​របស់លោក ផន គឹម​កន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​តែម្តង​។ ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ ដែល​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ភាពមិនប្រក្រតី​របស់លោក ផន គឹម​កន និង​បក្ខពួក​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ពួកគាត់​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ត្រូវ​នគរបាល​អន្តោប្រវេសន៍​ក្រោម​បញ្ជា​របស់លោក ផន គឹម​កន តម្រូវ​ឲ្យ​បង់លុយ​ក្នុង​មួយ​រទេះ​២​ម៉ឺន​រៀល​ដល់​៥​ម៉ឺន​រៀល ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រាប់រយ​រទេះ ដូច្នេះ​លោក ផន គឹម​កន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ជាងនេះទៅទៀត​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាដើម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ផន គឹម​កន និង​បក្ខពួក​ផងដែរ​។ ហេតុនេះហើយ​ទើប​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ព្រមទាំង​ទំនិញ​ខុសច្បាប់​ដូចជា សាំង ហ្គាស រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ គ្រឿងសំណង់ គ្រឿង​កំប៉ុង និង​គ្រឿង​ចាប់ហួយ​ចម្រុះ ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​៕

KS-76876-180x126លោក ផន គឹមកន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ KA-18-03-2016-02 KA-18-03-2016-01