មេ​ឈ្មួញ​ពាក់​ផ្កាយ​៣ ណឹ​ម ម៉េង ជីក​ផ្លូវ​ដាក់លូ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​យ៉ាង​ពេញបន្ទុក​

មជ្ឈដ្ឋាន​នានា​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន​របស់លោក​ផ្កាយ​៣ ណឹ​ម ម៉េង ដែល​ទទួលបាន​សិទ្ធិ​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការជីក​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នៅ​កណ្ដាល​ទ្រុង​ផ្លូវ​លេខ​៣៧១ ហៅ​ផ្លូវ​សូ​ឡា ដែល​ធ្វើ​ខុស​បច្ចេកទេស​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​។ ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​៣៧១ មានការ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ព្រោះ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ណឹ​ម ម៉េង ជីក​ផ្លូវ​ដាក់លូ​មាន​សភាព​យឺតយ៉ាវ​និង​ធ្វើ​ឲ្យ​ស្រុត​ផ្លូវ​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​។ បញ្ហា​នេះ​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ណឹ​ម ម៉េង ជាបន្ទាន់ ដើម្បី​ឲ្យ​គោរព​តាម​កិច្ចសន្យា​និង​ដាក់លូ​ឲ្យ​បាន​ឆាប់ ព្រមទាំង​ជួសជុល​ផ្លូវ​ឡើងវិញ​។

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បង្ហូរទឹក​ទួលគោក​ទី​១ នៅ​តំបន់​ត្រឡោកបែក លោក ប៉ា សុជាតិ​វង្ស ដែលជា​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​និង​ក្រុម​ហ៊ុម​ម៉ៅ​ការជីក​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នៅតាម​ដងផ្លូវ​ទាំងអស់ ត្រូវ​ជីក​ដាក់លូ​នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ​ត្រឹម​១០​ទៅ​២០​ផ្ទះ​រួច​ដាក់លូ​ឲ្យ​ហើយ​ចាំ​ជីក​បន្តទៀត​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ប្រកប​របរ​អាជីវកម្មរ​បស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​របស់លោក​ផ្កាយ​៣ ណឹ​ម ម៉េង មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក ប៉ា សុជាតិ​វង្ស ទេ​ហើយ​ជីក​ផ្លូវ​ដាក់លូ​នៅលើ​ផ្លូវ​លេខ​៣៧១ ប្រវែង​ច្រើន​រយ​ម៉ែត្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​នេះ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។ ការដែល​មេ​ឈ្មួញ ណឹ​ម ម៉េង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​ខ្លួន​ជាម​ន្ត្រី​យោធា​ពាក់​ផ្កាយ​៣​នៅក្នុង​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ការជីក​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​លេខ​៣៧១ បាន​បើក​ដំណើរការ​តាំងពី​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ ដោយ​ក្នុង​កិច្ចសន្យា​ត្រូវធ្វើ​ឲ្យ​រួចរាល់​ត្រឹម​រយៈពេល​៦​ខែ ប៉ុន្តែ​មកដល់ពេលនេះ​ជាង​១​ឆ្នាំ​ហើយ​នៅតែ​ធ្វើ​មិនទាន់​រួចរាល់​។ លើស​នេះ​ទៅទៀត​មេ​ឈ្មួញ​ពាក់​ផ្កាយ​៣​ឈ្មោះ ណឹ​ម ម៉េង ដែល​ម៉ៅ​ការធ្វើ​ផ្លូវ​ពី​គោល​ស្ពាន​ស្ទឹងមានជ័យ ទៅដល់​ស្ពាន​ព្រែក​ត្នោត​ឬ​ហៅថា​ផ្លូវ​ចំការ​ដូង ដែល​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ក៏មាន​ភាពយឺតយ៉ាវ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រសួង​សាធារណការ ព្រមទាំង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុនមេ​ឈ្មួញ ណឹ​ម ម៉េង ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​៕

414_908039045983909_4460613090207432471_n image804-1024x768 image1103-1024x768 1929225_908038789317268_5991345737233506589_n 73225_908038922650588_1985410563235375888_n