សកម្មភាព​បូម​ខ្សាច់​នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ធ្វើ​ឲ្យ​បាក់​ច្រាំង​ស្ទឹង​ប៉ះពាល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​

​មន្ត្រី​អាជ្ញាធរ​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សកម្មភាព​បូម​ខ្សាច់​របស់​ថៅកែ​ឈ្មោះ ហ៊​យ សា​វត កំពុង​ធ្វើ​ឲ្យ​បាក់​ច្រាំង​ស្ទឹង​ប៉ះពាល់​ដល់​ការរស់នៅ ទើប​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​ជំទាស់​យ៉ាងខ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ហ៊​យ សា​វត ទទួលបាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​ចំណុច​អន្លង់​គរ ភូមិ​ឈើទាល ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ប៉ុន្តែ​គេ​បែរជា​មក​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ចំណុច​អន្លង់​ចារឹក ភូមិ​កំពង់​ឈើទាល ឃុំ​សំបូរ ដែលមាន​ចម្ងាយ​ពី​ទីតាំង​ក្នុង​អាជ្ញាប័ណ្ណ​ប្រមាណ​១០០០​ម៉ែត្រ​។

ដោយសារតែ​ឈ្មោះ ហ៊​យ សា​វត ធ្វើ​សកម្មភាព​បូម​ខ្សាច់​ខុស​ទីតាំង​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​ទើប​ប្រជាពលរដ្ឋ​មាន​គម្រោង​តវ៉ា​មិន​ឲ្យ​មាន​សកម្មភាព​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បានឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ឈ្មួញ​ឈ្មោះ ហ៊​យ សា​វត ទំនងជា​មានការ​ឃុបឃិត​ជាមួយ​មេឃុំ​និង​អភិបាលស្រុក ទើប​អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​ខុស​ទីតាំង​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក នឹ​ប ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​បណ្ដោយ​ឲ្យ​ឈ្មោះ ហ៊​យ សា​វត ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​ចារឹក ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មោះ ហ៊​យ សា​វត បាន​អំពាវនាវ​ឲ្យ​លោក ខៀវ ប៉ាង អភិបាលស្រុក​ប្រាសាទ​សំបូរ ក៏ដូចជា​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​។ ដោយហេតុថា នៅក្នុង​អាជ្ញាប័ណ្ណ​ឈ្មួញ​ត្រូវ​បូម​ខ្សាច់​នៅ​ចំណុច​អន្លង់​គរ ភូមិ​ឈើទាល ប៉ុន្តែ​គេ​មក​បូម​ខ្សាច់​នៅ​ចំណុច​អន្លង់​ចារឹក ក្នុងភូមិ​កំពង់​ឈើទាល ទៅវិញ​។ ជាពិសេស​លោក នឹ​ប ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ មិនត្រូវ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មោះ ហ៊​យ សា​វត បូម​ខ្សាច់​ខុស​ទីតាំង​នៅក្នុង​អាជ្ញាប័ណ្ណ​តទៅទៀត​៕

Image19 Image17