អាជ្ញាធរ​ខេត្តកណ្ដាល បណ្ដោយ​ឲ្យ​ឈ្មួញ​ម៉ៅការ​ប្រមូល​ភាស៊ី​នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

លោក ប៉ោ សេង ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈ្មួញ​មាន​សិទ្ធិ​ក្នុងការ​ប្រមូល​ភាស៊ី​នៅ​ទូទាំង​ស្រុក​ស្អាង និង​ស្រុក​កោះធំ អស់​រយៈពេល​៣៧​ឆ្នាំ​មកហើយ ដោយ​ជំរិត​យកលុយ​ពី​អាជីវករ​លើស​សៀវភៅ​បន្ទុក​ថែមទៀត​។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ស្អាង អាជ្ញាធរ​ស្រុក​កោះធំ ក៏ដូចជា​អាជ្ញាធរ​ខេត្តកណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ស្រុក​ទាំង​២​ខាងលើ ក៏ដូចជា​លោក ម៉ៅ ភិ​រុណ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ប៉ោ សេង ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ជំរិត​យកលុយ​ពី​អាជីវករ អ្នកលក់ដូរ និង​យកលុយ​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​លើសពី​សៀវភៅ​បន្ទុក​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​ដែល​យក​ទំនិញ​ផ្សេងៗ ជាពិសេស​បន្លែបង្ការ​ត្រី​សាច់​ទៅ​លក់​នៅតាម​ផ្សារ​នានា​ក្នុងស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្ដាល មានការ​ក្ដៅក្រហាយ​យ៉ាងខ្លាំង​ចំពោះ​លោក ប៉ោ សេង ថៅកែ​ភាស៊ី​ដែល​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​ផ្សារ​មួយចំនួន​ពុំមាន​ការអភិវឌ្ឍ​អ្វី​ទាំងអស់ គំនរ​សំរាម​ស្ទើរ​លិច​ក្បាល​ស្អុយគគ្រុក ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ទិញ​ទំនិញ​តាម​ផ្សារ ក៏ប៉ុន្តែ​លោក ប៉ោ សេង ធ្វើជា​មើលមិនឃើញ​និង​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកណ្ដាល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ឈ្មោះ ប៉ោ សេង ជាបន្ទាន់​កុំ​ឲ្យ​ប្រើប្រាស់​អំណាច​គាបសង្កត់​ទៅលើ​អាជីវករ និង​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

​ប្រភពពី​អាជីវករ​លក់ដូរ​តាម​ទីផ្សារ​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា លោក ប៉ោ សេង បាន​យក​ភាស៊ី​ពី​តូប​លក់ដូរ​ខ្ពស់ជាង​សៀវភៅ​បន្ទុក​ដោយបាន​បង្ខំ​ឲ្យ​អាជីវករ​បង់លុយ​តាម​ការកំណត់​របស់ខ្លួន​មិនអាច​តវ៉ា​បានឡើយ​។ ចំណែក​ថ្លៃ​ផ្ញើ​ម៉ូតូ​ដែល​សៀវភៅ​បន្ទុក​កំណត់​ត្រឹម​៥០០​រៀល​នោះ គឺ​លោក ប៉ោ សេង យក​ដល់​ទៅ​១០០០​រៀល ហើយ​សូម្បីតែ​រថយន្ត​ដឹកទំនិញ​តូចធំ​យកទៅ​ផ្ទេរ​ឲ្យ​ម៉ូយ​តាម​មុខផ្ទះ​ក្បែរ​ផ្សារ​ក៏ត្រូវ​មនុស្ស​របស់លោក ប៉ោ សេង តាម​ជំរិត​យកលុយ​ចាប់ពី​៥០០០​រៀល​ឡើងទៅ​ដែរ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​អាជីវករ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្អាង និង​ស្រុក​កោះធំ រិះគន់​យ៉ាងខ្លាំង​ព្រោះ​មេ​ឈ្មួញ ប៉ោ សេង ប្រមូល​ភាស៊ី​នៅ​ស្រុក​ទាំង​២​នេះ រយៈពេល​៣៧​ឆ្នាំ​មកហើយ​នៅតែ​មិនទាន់មាន​ការផ្លាស់ប្ដូរ ហើយ​បុគ្គល​នេះ​កំពុង​ប្រើ​ឥទ្ធិពល​អំណាច​គាបសង្កត់​លើ​អាជីវករ​និង​ប្រជាពលរដ្ឋ​លក់ដូរ​តាម​ផ្សារ​កាន់តែខ្លាំង​ឡើងៗ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​៕

WAT-19035លោក ប៉ោ សេង WAT-19033 WAT-19034