តានិងយាយ​២នាក់ បានស្លាប់បាត់បង់ជីវិត ដោយរថយន្ត បុកម៉ូតូពីក្រោយ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ តានិងយាយ២នាក់ប្ដីប្រពន្ធ បានស្លាប់ខណៈ បញ្ជូនទៅដល់មន្ទីរពេទ្យ បានប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីកំពុងជិះម៉ូតូត្រូវរថយន្ត បុកពីក្រោយ បណ្តាលឱ្យយាយ ស្លាប់នៅនិងកន្លែង រីឯតាស្លាប់ក្រោយពេល បញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៥និង០០នាទី ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អធិការរងស្រុកត្បូងឃ្មុំ លោកអនុសេនីយ៍ឯក គង់ សីហុង ទទួលផែនសណ្តាប់ធ្នាប់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យាយនិងតារងគ្រោះទាំងពីរនាក់ បានជិះម៉ូតូគុប ពណ៌ត្រួយចេក ពីកើតទៅលិចអត់ពាក់ មួកសុវត្ថិភាពលុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-9813 បើកក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា មកពីក្រោយបានបុកម៉ូតូ ជនរងគ្រោះពីក្រោយ យ៉ាងពេញទំហឹងតែម្ដង បណ្តាលឱ្យយាយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯតារងរបួសធ្ងន់ហើយភ្លាមៗ នោះដែរត្រូវបានសមត្ថកិច្ច ហៅរថយន្តដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកត្បូងឃ្មុំ ផងដែរ។

ប៉ុន្តែអកុសលបានស្លាប់ បន្ទាប់ពីបញ្ជូនដល់ មន្ទីរពេទ្យបានមួយសន្ទុះ។ លោកបន្តថា ក្នុងហេតុការនេះ រថយន្តភ្លាមៗ មិនបានឈប់ទេ បន្តបើកទៅមុខអូសម៉ូតូ ជនរងគ្រោះ ជិត១០០ម៉ែត្រទៅមុខលែងរួច ទើបអ្នកបើករថយន្តបង្ក បានបើកទ្វារចុះ រត់គេចខ្លួនបាត់។ យាយនិងតារងគ្រោះទាំងពីរនាក់ ទី១ ឈ្មោះ ហុក ជា ភេទស្រី អាយុ៦៥ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ អ៊ូ ភោ ភេទប្រុស អាយុ៧៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ ។

ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅក្នុងភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។ សូមបញ្ជាក់ថា សពជនរងគ្រោះត្រូវបាន ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោឡែករថយន្តបង្ក នឹងម៉ូតូ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី៕

តានិងយាយ​២នាក់ បានស្លាប់បាត់បង់ជីវិត ដោយរថយន្ត បុកម៉ូតូពីក្រោយ នៅត្បូងឃ្មុំ
តានិងយាយ​២នាក់ បានស្លាប់បាត់បង់ជីវិត ដោយរថយន្ត បុកម៉ូតូពីក្រោយ នៅត្បូងឃ្មុំ
តានិងយាយ​២នាក់ បានស្លាប់បាត់បង់ជីវិត ដោយរថយន្ត បុកម៉ូតូពីក្រោយ នៅត្បូងឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត