ឃាត់ខ្លួន​មនុស្ស​២​នាក់ ពីបទ​រំលោភសេចក្តីទុកចិត្ត

​សៀមរាប:
ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ អធិការដ្ឋាន​នន​គរ​បាល​ក្រុង​សៀមរាប នឹង​ដោយមាន​កិច្ចសហការ​ណ៍​យ៉ាង​ល្អ​របស់​កម្លាំង​​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា កម្លាំង​នគរបាល ការពារ​បេ​តិក​ភ​ណ្ឌ័ ខេត្តសៀមរាប កំលាំង​នគរបាល​យើង បានធ្វើការ​ឃាត់ខ្លួន​នឹង​បញ្ជូន ជនសង្ស័យ​ចំនួន​២​នាក់ ទៅ​តុលាការ ករណី​រំលោភ​លើ​ទំនុកចិត្ត​។​

​លោក​អនុសេនីយ៍ឯក​នួន សិ​ក្ក័​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ហេង ភាស់​(​ហៅ ច​យ​)​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​(​ស្នាក់នៅ ផ្ទះជួល​ជាមួយ​ជនរងគ្រោះ​) បាន​ប្រើល្បិច​ធ្វើជា​ខ្ចី​ម៉ូតូ​របស់​​ជនរងគ្រោះ ឈ្មោះ សម សាន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦​ថា​ជិះ​ម៉ូតូ​ធ្វើដំណើរ​ទៅ​បើក​លុយ​ដែល​
​ឱ​ពុក​ម្តាយ​ផ្ញើរ​មកពី​ប្រទេស​ថៃ តែ​មិនឃើញ​ត្រឡប់មកវិញ រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ទើប​ជនរងគ្រោះ​ដឹងថា​ប​ណ្ណ័​សំគាល់​​ទោចក្រយានយន្ត​(​កាត​គ្រី​)​ម៉ូតូ ដែល​គាត់​បាន​លាក់ទុក​ក្នុង​ទូរ ក្បែរ​គ្រែ​ដេក ក៏​ត្រូវបាន​ជនសង្ស័យ លួច​យកទៅ​បាត់​ដែរ​។​

​លោក​អនុសេនីយ៍ឯក បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការសង្ស័យ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ នៅ​ថ្ងៃទី​១៣​ខែ​មិនា ឆ្នាំ​២០១៦​។​

​ដោយមាន​កិច្ចសហការ​ណ៍​យ៉ាង​ល្អ របស់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ថ្មគោល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ គ្រា​ដែល​ជនសង្ស័យ​ព្យាយាម​យក​ម៉ូតូ របស់​ជនសង្ស័យ យកទៅ​បញ្ចាំ នៅក្នុង​ហាង​ផឹកស៊ី​មួយ កន្លែង ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយបាន​ទំនាក់ទំនង នឹង​បញ្ជូន​ជនសង្ស័យ​
​នឹង​វត្ថុតាង មក​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប វិញ ។

​ដោយឡែក​មួយ​ករណី​ទៀត​នៅ​ខេត្តសៀមរាប គឺ​ជនសង្ស័យ​ឈ្មោះ​អ៊ុក គី​ណា​ល់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក បានធ្វើ​សកម្មភាព សុំ​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ វិ​ន វេត ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ បង្គង សង្កាត់​អំពិល ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ក្បែរ សណ្ឋាគារ អង្គរ​អេ​រ៉ា ភូមិ​ខ្នារ​សង្កាត់​​ជ្រាវ ក្រុង​សៀមរាប ដោយបាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ក្រហម ស្លាក​លេខ សៀមរាប 1F-9115 លេខ​តួ​+​លេខ​ម៉ាស៊ីន TH 200031 ថា ជិះ​ទៅ​មន្ទី​ពេទ្យ តែ​ពេល​បាន​ម៉ូតូ ជនសង្ស័យ បាន​ជិះ​គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ​ដោយ​យក​ម៉ូតូ​​ទៅ​បញ្ចាំ បាត់​ហើយ រហូតដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ បាន​ត្រឡប់មក​សៀមរាប​វិញ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​នៃ​​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ កម្លាំង​នគរបាល ការពារ​បេ​តិក​ភ​ណ្ឌ័ ធ្វើការ​ឃាត់ខ្លួន នៅ​ចំនុច​មុខ​ប្រាសាទ​
​អង្គរវត្ត ។

​ជនសង្ស័យ​ទាំង​២​នាក់​នឹង​វត្ថុតាង​ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពីបទ​រំលោភសេចក្តីទុកចិត្ត