ជន​សង្ស័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​ប៉ារីស​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បែលហ្ស៊ិក

ជន​សង្ស័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​ប៉ារីស​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បែលហ្ស៊ិក

ប៉ូលិស​យាម​ផ្លូវ​មួយ​ក្នុង​ពេល​វាយឆ្មក់​នៅ​ក្នុង​សង្កាត់ Molenbeek ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

រដ្ឋ​មន្ត្រី​បែលហ្ស៊ិក​ម្នាក់​បាន​និយាយ​ថា ជន​ជាប់​សង្ស័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី​១៣ខែ​វិច្ឆិកា​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក។​

​ប៉ូលិស​បែលហ្ស៊ិក​បាន​ចាប់ខ្លួន​ឈ្មោះ​ Salah Abdeslam នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​តំបន់ Molenbeek នៃ​ក្រុង​ព្រុចសែល។

លោក Theo Francken រដ្ឋ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​បែលហ្ស៊ិក បាន​បញ្ជាក់​ថា វា​ជា​ការ​ពិត​អំពី​ការ​ចាប់​ខ្លួន​ជន​នេះ​នៅ​ក្នុង​បណ្តាញ​សង្គម tweeter មួយ​ថា «យើង​ចាប់​វា​បាន​ហើយ»។

លោក​ Francois Schepmans អភិបាល​ក្រុង​ Molenbeek បាន​និយាយ​ថា​ឈ្មោះ Abdeslam និង​មនុស្ស​ម្នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ។

របាយការណ៍​បាន​និយាយ​ថា​ Abdeslam បាន​ត្រូវ​របួស​នៅ​នឹង​ជើង។​ អាជ្ញាធរ​បែលហ្ស៊ិក​បាន​រក​ឃើញ​ស្នាម​ម្រាមដៃ​ជន​រត់​គេច​ខ្លួន​នេះ​នៅ​ក្នុង​ផ្ទះមួយ​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​កាល​ពី​ពេល​មុន​នេះ​នៅ​ក្នុង​សង្កាត់​មួយ​ទៀត​នៃ​ក្រុង​ព្រុចសែល។​

ឈ្មោះ​ Abdeslam ជា​ទី​ដៅ​សំខាន់​បំផុត​នៅ​ក្នុង​ការ​តាម​ប្រមាញ់​ខ្លាំង​មួយ​ដើម្បី​រក​ជន​ជាប់សង្ស័យ​និង​ពួក​សហការី​នៃ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​បួន​ខែមុននេះ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១៣០នាក់​ស្លាប់។ បង​ប្រុស​របស់ Abdelslam ឈ្មោះ Brahim​ ឋិត​ក្នុង​ចំណោម​ពួក​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដែល​បាន​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុងការ​វាយ​ប្រហារ​នោះ។

គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថាតើ​ឈ្មោះ Abdelslam ដែល​ជា​ពលរដ្ឋបារាំង​ដើម​កំណើត​ម៉ារ៉ុក​បាន​ឋិត​នៅ​ក្នុង​ក្រុង​ Bruxelles ចាប់តាំង​ពី​ខែ​វិច្ឆិកាមក​ឬ​បែបណាទេ។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក មនុស្ស១១នាក់​បាន​ត្រូវ​ចាប់​ខ្លួន និង​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក ដោយ​មាន​ទាក់ទិន​នឹង​ការ​សម្លាប់​មនុស្សក្នុង​ប្រទេស​បារាំង។ ​មនុស្ស​៨នាក់​នៅ​ជាប់​ឃុំ​ឃាំង​នៅ​ឡើយ។​ ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ត្រូវ​រៀប​ចំ​និង​បានត្រូវ​សម្របសម្រួល ដោយ​ផ្នែក​នៅ​ក្នុង​ក្រុង​ព្រុចសែល៕