មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​រិះគន់​ការ​កាត់​ទោស​និស្សិត គង់ រ៉ៃយ៉ា

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ (OHCHR) សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែល​តុលាការ​កម្ពុជា កាត់​ទោស​និស្សិត​សាកលវិទ្យាល័យ​មួយ​រូប​ឈ្មោះ គង់ រ៉ៃយ៉ា ដោយសារ​ការ​បង្ហោះ​សារ​បដិវត្តន៍​តាម​ហ្វេសប៊ុក (Facebook)។

និស្សិត គង់ រ៉ៃយ៉ា ដែល​មាន​អាយុ ២៥​ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ឬ​រំខាន​ដល់​សន្តិសុខ​សង្គម ដោយសារ​តែ​ការ​បង្ហោះ​សារ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ឈ្មោះ សូរីយា កូកូ (Soriya Koko) ថា “នៅ​ថ្ងៃ​ណា​មួយ​នៅ​ពេល​អនាគត ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្ដូរ​សង្គម​ខ្មែរ…”។

ការិយាល័យ OHCHR ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​កាត់​ទោស​នានា ដោយ​គ្រាន់តែ​មាន​ការ​សម្ដែង​គំនិត​ប៉ុណ្ណោះ។ តំណាង​ស្ដីទី​នៃ​ការិយាល័យ OHCHR ប្រចាំ​តំបន់​នៅ​ទីក្រុង​បាងកក លោក ឡោរែន មីឡា (Laurent Meilla) មាន​ប្រសាសន៍​ថា សេរីភាព​នៃ​ការ​សម្ដែង​មតិ គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប និង​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​រិះគន់​ការ​កាត់​ទោស​និស្សិត គង់ រ៉ៃយ៉ា

យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​មក​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ប្រភពៈ RFA