វិភាគ៖ តើរដ្ឋប្រហារទម្លាក់សម្តេចឪផ្តល់មេរៀនអ្វីខ្លះដល់អ្នកនយោបាយជំនាន់ក្រោយ?

កាលពី៤៦ឆ្នាំមុនគឺជារដ្ឋប្រហារមិនបង្ហូរឈាមមួយដែលអ្នកនយោបាយខ្លះចាត់ទុកថាធ្វើឡើងដើម្បី​ទម្លាក់សម្តេចសីហនុចេញពីប្រមុខរដ្ឋ។

បើតាមឯកសារតួអង្គសំខាន់ជាងគេដែលគេហៅថាជាមេក្លោងទម្លាក់សម្តេចឪកាលណោះគឺលោកឧត្តមសេនីយ៍ឯក លន់ នល់។ ប៉ុន្តែក្រៅពី លន់ នល់ តួអង្គបន្ទាប់ក្នុងរឿងរដ្ឋប្រហារនេះគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលប្រឆាំងនឹងសម្ដេច នរោត្តម សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋ។

កម្ពុជាពេលនោះ ត្រូវបានប្តូរឈ្មោះពីរបបសង្គមរាសស្រ្តនិយមទៅជារបបសាធារណៈខ្មែរដែល​ទំនោរទៅរកប្រទេសមហាអំណាចអាមេរិក។ របបនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃ៩តុលាឆ្នាំ១៩៧០។

តើមានកត្តាអ្វីខ្លះដែលនាំឲ្យមានរដ្ឋប្រហារកើតឡើងខណៈដែលសម័យសង្គមរាស្ត្រនិយម​ត្រូវបានគេទទួលស្គាល់ថាមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច?

យោងតាមឯកសារដែលផ្ទុកនៅលើគេហទំព័រវីគីមេឌៀ មូលហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែតបណ្ដោយឲ្យសកម្មភាពវៀតណាមខាងជើងឬហៅថាយួនកុម្មុយនិស្តប្រដាប់ដោយអាវុធជាច្រើនចូលមកគ្រប់គ្រងលើតំបន់នានាដ៏ធំនៃទឹកដីកម្ពុជាភាគខាងកើត។ កត្តាសំខាន់ផ្សេងមួយទៀតគឺមកពីសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុ​ក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។

សាស្ត្រាចារ្យផ្នែកនយោបាយលោក សូ ចន្ថា បានកត់សំគាល់ដូចនេះដែរ ប៉ុន្តែបន្ថែមចំណុច​ខ្លះ​ទៀត​ដែលឈាន​ដល់​ការ​ធ្វើ​រដ្ឋប្រហារទម្លាក់​សម្តេចឪកាលណោះ។ លោកមានប្រសាសន៍ថា៖ “ចំណុចទី៣អាចជាហេតុផលដែលពាក់ព័ន្ធនឹង​ការមិនបាន​រៀប​ចំឬ​បែងចែកអំណាច​ច្បាស់លាស់រវាងថ្នាក់ដឹកនាំកំពូលនិង​សេនាប្រមុខ​ផ្សេងទៀត។ ​ចំណុច​ផ្សេងទៀតខ្ញុំគិតថាវាពាក់ព័ន្ធនឹងចលនាជាតិនិយមរបស់ខ្មែរ​ដែលតែងតែជំរុ​ញឲ្យ​មេ​ដឹកនាំ​ដើរ​ចេញពីវៀតណាម​”។

លោក អាឡិច ហ៊ិនតុន ដែល​​សាស្ដ្រាចារ្យ​ផ្នែកនរៈវិទ្យានៅ​​សាកល​វិទ្យាល័យ រូតហ្គើ (Rutgers University)​ សហ​រ​ដ្ឋ​អាមេរិកធ្លាប់បានប្រាប់​អង្គជំនុំជម្រះថាខ្មែរក្រហម​បញ្ជូន​​ជន​ជាតិ​វៀតណាមប្រមាណ​២សែន​៥ម៉ឺន​​នាក់ចេញ​ពី​ប្រ​ទេស​កម្ពុជា ហើយ​រួម​នឹង​ការ​សម្លាប់ផង​ដែរនោះ​​។ លោក​បន្ត​ថា​ការបញ្ជូននេះ​ដោ​​យសារ​កត្ដា​​ប្រ​វត្ដិសាស្ដ្ររវាង​ប្រ​ទេស​កម្ពុជានិង​​វៀតណាម ដែល​ធ្វើ​ឲ្យ​ប្រ​ជាជន​ខ្មែរ​មាន​ការ​ខឹង​សម្បារ​និង​មិន​ចូល​ចិត្ត​​ជនជាតិ​វៀតណាម។

លោក ហ៊ិនតុន ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ប្រ​វត្ដិសាស្ដ្រ​កម្ពុជាក្រោយ​ពេលអាណានិគមនិយម​បារាំង​វៀតណាម​បាន​​​រំ​លោភ​បំពានដែន​អធិបតេយ្យ​ភាព​នៅ​​លើ​ទឹក​ដី​កម្ពុជាជា​បន្ដ​បន្ទាប់ហើយ​បាន​​​ធ្វើបា​ប​ជន​ជាតិ​ខ្មែរ​ជាហូរ​​ហែ​ ដូច​ជាក្នុង​រឿង​ដាំតែអុង​ជាដើម។ ​​ លោក​បញ្ជាក់​ថា​កត្ដាទាំង​នេះ​ហើយនាំ​ឲ្យ​មាន​ការ​ជំរុ​ញ​ឲ្យ​ខ្មែរក្រហម​​ខឹង​សម្បា​នឹង​ជន​ជាតិ​វៀតណាម​ទាំង​នោះ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថានៅ​ក្នុង​សម័យ​លន់​ នល់ ជន​ជាតិ​វៀតណាម​ចំនួនប្រហែល ៤សែននាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីកម្ពុជា។​

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យបានកត់សំគាល់ថាមូលហេតុមួយទៀត​ដែលនាំឲ្យមានរដ្ឋប្រហារពេលនោះដោយសារតែការចង់​រក្សាអំណាចនិង​ការ​ប្រកាសពី​នយោបាយអព្យាក្រឹត្យរបស់សម្តេចព្រះ នរោត្តម សីហនុ។ លោកមានប្រសាសន៍ថា៖ “ចំណុចទី២ទៀតគឺការរក្សាអំណាចរបស់ក្រុមអ្នកកាន់អំណាចគឺលោកអត់​ចង់​ផ្តល់​អំណាច​ទៅ​អ្នកដទៃទេ។ លោកស្វែងរក​សម្ពាធនយោបាយ​គ្រប់​បែប​យ៉ាង។ ​ដោយសារតែ​សម្ពាធនយោបាយ​​កាន់​តែ​​ធ្ងន់​ហ្នឹងហើយបានឲ្យមានបែកធាងបែក​មេកសមាជិករដ្ឋាភិបាល​ស្វែង​រក​ការគាំទ្រដើម្បីផ្តួល​រដ្ឋាភិបាល”។

តើរដ្ឋប្រហាររដ្ឋធម្មនុញ្ញឬហៅថារដ្ឋប្រហារមិនបង្ហូរឈាមកាលណោះផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​អ្នក​នយោបាយ​នៅកម្ពុជា?

លោក សូ ចន្ថា វិភាគថារដ្ឋប្រហារនោះបាន​ផ្តល់​មេរៀន​មិនល្អ​ដល់​អ្នក​នយោបាយ​នៅកម្ពុជា។ ​លោកថាក្រោយពីមានរដ្ឋប្រហារនោះមានអ្នកនយោបាយខ្លះធ្វើ​ការប្រកួតប្រជែងមិន​ស្មោះ​ត្រង់​​តាមរយៈការបោះឆ្នោត ហើយបែរជាទៅ​ប្រើ​​កម្លាំង​អាវុធដើម្បីរក្សាអំណាច។

លោកកត់សំគាល់ថា៖ “ខ្ញុំគិតថាមេដឹកនាំខ្មែរហាក់ដូចជាមិនបោះ​បង់​គំនិតការជ្រើសរើសយក​រដ្ឋ​ប្រហារឬការ​ដណ្តើម​អំណាចតាមកម្លាំងទ័ពនៅឡើយទេ។​ យើងឃើញកាលពីឆ្នាំ១៩៩៣ក្រោយ​បោះ​ឆ្នោត គណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត យើងឃើញមានការ​គំរាមបង្កើត​តំបន់​អប្បគមន៍។​ ឆ្នាំ១៩៩៧ក៏មានការប្រើ​កម្លាំង​ប្រដាប់អាវុធ។ ​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ២០១៣ក៏ការ​ចល័ត​កម្លាំងកងទ័ពដែលនេះបញ្ជាក់ថាជាការប្រើ​កម្លាំងក្នុងការ​ដណ្តើម​យកអំណាច”។

លោកបណ្ឌិត ចាន់ វិបុល មិនបាននិយាយដោយ​ត្រង់​ៗថារដ្ឋប្រហារ​នោះបានផ្តល់ជាមេរៀនឲ្យអ្នកនយោបាយជំនាន់ក្រោយ​ធ្វើតាមនោះទេ ប៉ុន្តែ​លោក​​បាន​ប្រៀប​ធៀបការ​ដណ្តើ​អំណាចដោយ​មិន​ប្រើ​សន្លឹក​ឆ្នោត​កាលពីឆ្នាំ១៩៧០ទៅ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣។

លោកប្រៀបធៀបថា៖ “មកដល់ពេលនេះមានតាក់តិចនយោបាយផ្សេងគ្នា ប៉ុន្តែ​សណ្ឋាន​ក្នុង​ការផ្តួលដៃគូរ​ប្រកួត​​​ផ្នែក​នយោបាយប្រហាក់ប្រហែល ប៉ុន្តែមិនសណ្ឋានដូចឆ្នាំ​១៩៧០ទេ​។ ​…ខ្ញុំគិតថាអត្តចរិតនយោបាយនេះផ្តល់គំរូអាក្រក់សម្រាប់​សង្គមខ្មែរ ជាពិសេសសម្រាប់​យុវជនដែលកំពុងតែឲ្យ​តម្លៃទៅលើការ​​អភិវឌ្ឍសង្គម ហើយគាត់លើកជាសំណួរអ្វីទៅជានយោបាយ? ខ្ញុំគិតថាដោយសារតែគំរូរបស់​ថ្នាក់​ដឹកនាំអ្នកនយោបាយខ្មែរនាពេលអតីតកាលក៏ដូចជាបច្ចុប្បន្ន”។

សម្រាប់លោក ហ៊ុន សែន វិញបានចាត់ថ្ងៃនេះគឺជាថ្ងៃ ”ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា”។ នៅហ្វេសប៊ុកលោកលើកឡើងថា លទ្ឋផលនៃរដ្ឋប្រហារគឺបានធ្វើអោយមានសង្រ្គាមរ៉ាំរ៉ៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត “។

បើតាមលោកបណ្ឌិត ចាន់ វិបុល និងលោក សូ​ ចន្ថា ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​ នរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ គឺជាមេរៀនអាក្រក់ដែលអ្នក​នយោបាយ​ត្រូវជៀស​វាង។ ពួកគេ​លើកឡើងថាមានតែការប្រកួត​ប្រជែងដោយ​ស្មោះ​ត្រង់​តាមរយៈ​សន្លឹក​ឆ្នោតទេទើប​ធ្វើឲ្យ​ប្រទេសជាតិ​មានសុខសន្តិភាពនិង​ការរីកចំរើន៕

ប្រភពៈ VOD